អាមេរិក​​បង្ហាញ​​ក្ដីសង្ឃឹម​ជាថ្មី​​មុន​រដ្ឋមន្ដ្រី​ការបរទេស​​ធ្វើដំណើរ​​ទៅ​កូរ៉េខាងជើង​

06-10-2018 9:50 am
​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ បានបង្ហាញ​ក្ដីសង្ឃឹម​ជាថ្មី​ក្នុង​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង មុនពេល​ជួប​លោក​គីម ជុង​អ៊ុន​។ លោក​បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុងពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​។ លោក​នឹង​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​នៅ​ថ្ងៃអាទិត្យ ដើម្បី​ជួប​ជាមួយ​លោក​គីម ជុង​អ៊ុន​។

​លោក​Pompeo​បាន​គូសបញ្ជាក់ថា គោលបំណង​នៃ​កិច្ចពិភាក្សា​លើក​នេះ ក្នុងន័យ​ធ្វើយ៉ាងណា​ឲ្យ​ភាគី​ទាំងពីរ​យល់​ពីគ្នា​កាន់តែច្បាស់ និង​យល់​ពី​វិធីសាស្ដ្រ​ក្នុង​ការសម្រេច​ឲ្យបាន​លទ្ធ​ផល​ជោគជ័យ​។ លោក​ជឿជាក់ថា​លោក​គីម ជុង​អ៊ុន​ពិតជា​មិន​បង្ក​ការរាំងស្ទះ ដល់​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​ឡើយ​។ ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​លើក​ទី​ពីរ រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន លោក​ផុម​ភី​អូ​សង្កត់ធ្ងន់ថា យ៉ាងហោចណាស់​ក៏​អាច​កំណត់​ពី​កាលបរិច្ឆេទ​និង​ទីតាំង​ត្រូវ​ជួបគ្នា​ដែរ ក្នុងពេល​ជួប​លោក​គីម ជុង​អ៊ុន​នៅ​ថ្ងៃអាទិត្យ​។

​សូមបញ្ជាក់ថា ក្រៅពី​ទៅ​កូរ៉េខាងជើង​លោក​ផុម​ភី​អូ​នឹង​ធ្វើដំណើរ​ជប៉ុន ទៅ​កូរ៉េខាងត្បូង និង​ទៅ​ប្រទេស​ចិន​ផងដែរ ចន្លោះ​ពីថ្ងៃ​សៅរ៍​ដល់​ថ្ងៃចន្ទ​៕

ព័ត៌មានផ្សេងទៀត