មន្ត្រី​ជំនាញ​បរិស្ថាន​អនុម័ត​លើ​ខ្លឹមសារ​ចំនួន​៧ ទាក់ទង​នឹង​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន

06-10-2018 9:17 am
  ស្តាប់
ស្តាប់ជាសំឡេង

​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​សន្និសីទ​ភាគី​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន (COP-14) លោក វ៉ាន់ មុនីនាថ តំណាង​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​កម្ពុជា បាន​ពិភាក្សា និង​អនុម័ត​លើ​ខ្លឹមសារ​សំខាន់ៗ​ចំនួន​៧ ។ កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅក្នុង​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៥ ខែតុលា...

​ខ្លឹមសារ​សំខាន់ៗ​ទាំង​៧​នោះ រួមមាន​៖

១. ប្តេជ្ញាចិត្ត​ជា​ថ្មី​ចំពោះ​កិច្ច​ខំប្រឹងប្រែង​នៅ​ថ្នាក់​ជាតិ និង​កិច្ចសហការ​ថ្នាក់​តំបន់​ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន និង​ផែនទី​បង្ហាញផ្លូវ ដើម្បី​ត្រួតពិនិត្យ​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​, ការពង្រឹង​សមត្ថភាព​ថ្នាក់ជាតិ និង​តំបន់​ក្នុង​ការវាយតម្លៃ ទប់ស្កាត់ កាត់បន្ថយ និង​គ្រប់គ្រង​ដី ភ្លើង​ឆេះ​ព្រៃ ព្រមទាំង​ធានា​ឱ្យ​សម្រេចបាន​ទស្សនៈវិស័យ​ឆ្នាំ​២០២០ អាស៊ាន​គ្មាន​បំពុល​ផ្សែង​អ័ព្ទ​ឆ្លង ។​

២. កត់សម្គាល់​របាយការណ៍​របស់​មជ្ឈមណ្ឌល​អាស៊ាន ស្តី​ពី​ការព្យាករណ៍​ស្ថានភាព​ឧតុនិយម និង​ជំរុញ​ឱ្យ​រដ្ឋ​សមាជិក​ប្រឹងប្រែង​ទប់ស្កាត់ និង​កាត់បន្ថយ​ភ្លើង​ឆេះ​ព្រៃ និង​ដី នៅ​រដូវក្តៅ ។​

៣. ស្វាគមន៍​វឌ្ឍនភាព​លទ្ធផល​ឯកសារ​ចុងក្រោយ និង​ជំរុញ​ឱ្យ​គ្រប់​ភាគី​បន្ត​ការចចារ បញ្ចប់​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន សម្រាប់​ការត្រួតពិនិត្យ​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន ដែល​អាច​ប្រតិបត្តិ​បាន​ពេញលេញ ។​

៤. កត់សម្គាល់​វឌ្ឍនភាព​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​គ្រប់គ្រង​ដីមមោក​អាស៊ាន និង​អះអាង​ជាថ្មី ពី​ការប្តេជ្ញាចិត្ត​ជាមួយនឹង​ដៃគូ​ក្នុង​ការសម្របសម្រួល​អនុវត្ត ។​

៥. ស្វាគមន៍​របាយការណ៍ ស្តី​ពី​ការសិក្សា​ផលប៉ះពាល់ ពី​ការបំពុល​ផ្សែង​អ័ព្ទ​ទៅលើ​សង្គម សុខភាព និង​សេដ្ឋកិច្ច​ឆ្នាំ​២០១៥ និង​ស្នើ​ឱ្យមាន​ការសិក្សា​ពេញលេញ​បន្ថែមទៀត ដើម្បី​ផ្តល់​ការ​យល់​ដឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ អំពី​ផលប៉ះពាល់​ផ្សែង​អ័ព្ទ ។​

៦. កោតសរសើរ​គណៈកម្មាធិកា​រ​អនុ​តំបន់​ទាំងពីរ គឺ​ទន្លេមេគង្គ និង​តំបន់​ប្រទេស​ភាគខាងត្បូង​អាស៊ាន ក្នុង​ការសម្រេចបាន​នូវ​ការកាត់បន្ថយ​គោលដៅ ដែល​ប៉ះពាល់​ខ្លាំង​ពី​ភ្លើង​ឆេះ​ព្រៃ និង​ដី ។​

​និង​ទី​៧. កិច្ចប្រជុំ​លើក​ទី​១៥ នៃ​សន្និសីទ​ភាគី​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន (COP-15) នៅ​ឆ្នាំ​២០១៩ នឹង​ប្រារព្ធ​នៅ​កម្ពុជា ជាមួយនឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ៕

ព័ត៌មានផ្សេងទៀត