មនុស្សប្រមាណជាង១ពាន់នាក់កំពុងបន្ដបាត់ខ្លួន បន្ទាប់ពីរញ្ជួយដីបង្កជារលកស៊ូណាមិវាយប្រហារកោះSulawesi ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៨កញ្ញា។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរកាលពីថ្ងៃសុក្រ។ ចំនួនមនុស្សបាត់ខ្លួនយ៉ាងច្រើនបែបនេះ អាចនឹងបណ្ដាលឲ្យអ្នកស្លាប់កើនឡើងកាន់តែច្រើន ខណៈបច្ចុប្បន្នមានមនុស្សស្លាប់១,៥៥៨នាក់របួសជាង២ពាន់នាក់។ ដំបូងឡើយមានសេចក្ដីរាយការណ៍ថា មានមនុស្សបាត់ខ្លួនប្រហែលតែ១០០នាក់ប៉ុណ្ណោះ ប៉ុន្ដែពេលនេះតួលេខបានប្រែប្រួល ហើយគេសន្មត់ថាអ្នកបាត់ខ្លួនអាចកប់ក្រោមគំនរអគារបាក់បែក។
ក្រៅពីបណ្ដាលឲ្យមនុស្សស្លាប់ របួស និងបាត់ខ្លួន រលកស៊ូណាមិក៏បង្កជាផលខូចខាតផ្សេងទៀត ដូចជាខូចខាតអគារ ផ្ទះសម្បែងប្រជាជនរាប់ម៉ឺនខ្នង ខូចខាតហេដ្ឋារចនាសម្ព័ន្ធ កាត់ផ្ដាច់រចន្ដអគ្គិសនី ប្រភពទឹកស្អាតជាដើម។ តាមការឲ្យដឹងពីអង្គការសហប្រជាជាតិ ប្រជាជនប្រមាណជិត២សែននាក់ កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ ជាមួយនឹងគ្រោះមហន្ដរាយដ៏សែនតក់ស្លុតនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសសុំឲ្យអន្ដរជាតិជួយតាមលទ្ធភាព ហើយឥណ្ឌូនេស៊ីនឹងទទួលយកជំនួយទាំងនោះតាមគ្រប់រូបភាព។ អន្ដរជាតិបានផ្ដល់ជំនួយមនុស្សធម៌ជាបណ្ដើរៗហើយ ដោយមានយន្ដហោះដឹកជំនួយមនុស្សធម៌ប្រមាណជា២០យន្ដហោះ កំពុងធ្វើដំណើរមកជុំវិញពិភពលោកនាំយកជំនួយទៅចែកជូនប្រជាជនរងគ្រោះ។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសដែលស្ថិតនៅតំបន់ងាយរងគ្រោះ ដោយសារបន្ទុះភ្នំភ្លើងនិងរញ្ជួយដីនៃសមុទ្រប៉ាស៊ីហ្វិក ដូច្នេះហើយបានជាមានគ្រោះរញ្ជួយដីនិងបន្ទុះភ្នំភ្លើងកើតឡើងញឹកញាប់។ កាលពីដើមឆ្នាំនេះមានគ្រោះរញ្ជួយដីកើតឡើងជាច្រើនលើកនៅកោះLombok បានសម្លាប់មនុស្សជាង៥០០នាក់ និងប្រមាណ១,៥០០នាក់រងរបួស។ កាលនោះប្រជាជនប្រមាណ៤សែននាក់ បានជម្លៀសខ្លួនដោយសារតែផ្ទះរបស់ពួកគេត្រូវបំផ្លាញ។ ឥណ្ឌូនេស៊ីក៏ធ្លាប់រងការវាយប្រហារដោយរញ្ជួយដីជាច្រើនទៀត មានរញ្ជួយដីកម្រិត៩.១រ៉ិចទ័រ វាយប្រហារនៅកោះស៊ូម៉ាត្រាកាលពីឆ្នាំ២០០៤ជាដើម។ រញ្ជួយដីកាលនោះបានបង្កជារលកស៊ូណាមិសម្លាប់មនុស្សជាង១០ម៉ឺននាក់។ ចំណែកបន្ទុះភ្នំភ្លើងក៏កើតឡើងជាញឹកញាប់ផងដែរ នៅក្នុងប្រទេសឥណ្ឌូនេស៊ី៕