តុលាការ​កាត់ទោស​លោក​Lee Myung-bakអតីតប្រធានាធិបតី​កូរ៉េខាងត្បូងឲ្យ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ​

05-10-2018 3:24 pm
​លោកLee Myung-bakពេលនៅតុលាការកាលពីអំឡុងខែកញ្ញា

​តុលាការ​ទីក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃ​សុក្រ​នេះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក Lee Myung-bak អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​១៥​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ​។ បន្ថែម​លើ​នេះ លោក Lee​ត្រូវបាន​តុលាការ ពិន័យ​ឲ្យ​បង់​ប្រាក់ចំនួន​ប្រមាណ​១១.៥​លាន​ដុល្លារ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ របស់​សារព័ត៌មាន​អន្តរជាតិ​BBC​នៅ​ថ្ងៃ​សុក្រ​នេះ​។ យ៉ាងណាក៏ដោយ លោក​Lee Myung-bak ដែលមាន​វ័យ​៧៦​ឆ្នាំ មិនបាន​បង្ហាញខ្លួន​នៅ​តុលាការ នា​ថ្ងៃ​ប្រកាស​សាលក្រម​នោះទេ ខណៈ​ស្ថានភាព​សុខភាព​របស់លោក បាន​ធ្លាក់ចុះ​មិន​រឹងមាំ​ដូច​មុន​។​

​គួបញ្ជាក់ថា លោក Lee Myung-bak បាន​កាន់តំណែង ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៣​។ លោក​បាន​ក្លាយជា អតីត​ប្រធានាធិបតី​ទី​៤ នៃ​ប្រទេស​កូរ៉េខាងត្បូង ដែល​ត្រូវបាន​តុលាការ​កាត់ក្តី ឲ្យ​ជាប់ពន្ធនាគារ ក្រោយ​លោកស្រី​Park Geun-hye អតីត​ប្រធានាធិបតី ដែល​ត្រូវបាន​តុលាការ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៣៣​ឆ្នាំ ពីបទ​រំលោភ​អំណាច​និង​ការបង្ខំ កាលពីដើមឆ្នាំ​២០១៨​នេះ​៕

ព័ត៌មានផ្សេងទៀត