អាមេរិក​ចោទ​ប្រកាន់​មន្ដ្រី​ចារកម្ម​​រុស្ស៊ី​៧​រូប​​ពាក់ព័ន្ធ​​ការ​លួច​វាយប្រហារ​​តាម​អ៊ី​ន​ធឺ​ណេត​

05-10-2018 2:07 pm
  ស្តាប់
ក្រសួងយុត្ដិធម៌​អាមេរិក​​ពេលប្រកាស​ពីការចោទប្រកាន់​​មន្ដ្រីរុស្ស៊ី
ស្តាប់ជាសំឡេង

អាមេរិក​បាន​ចោទប្រកាន់​មន្ដ្រី​ចារកម្ម​រុស្ស៊ី​ចំនួន​៧​រូប ទាក់ទង​នឹង​ការ​រួមគំនិត​លួច​វាយប្រហារ​ចូល​ប្រព័ន្ធ​កុំព្យូទ័រ និង​លួច​ទិន្នន័យ​របស់​អង្គការ​អន្ដរជាតិ​នានា​។ ក្រសួង​យុត្ដិធម៌​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​លួច​វាយលុក​ចូល​ប្រព័ន្ធ​កុំព្យូទ័រ នៅ​ចន្លោះ​ខែធ្នូ​ឆ្នាំ​២០១៤​រហូតដល់​ខែឧសភា​ឆ្នាំ​២០១៨​។ ក្រសួង​បញ្ជាក់​បន្ថែមថា ការវាយប្រហារ​មាន​គោលដៅ​ប្រឆាំង​ប្រព័ន្ធ​កុំព្យូទ័រ របស់​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​ពិភពលោក និង​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​អាមេរិក​។ ក្រោយមក​ក៏​រកឃើញថា​ពួកគេ​បាន​ចូល​គ្រប់គ្រង​ទិន្នន័យ​ដោយមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​រុស្ស៊ី​។ មាន​ទិន្នន័យ​ជាច្រើន​ត្រូវបាន​ពួកគេ​លួច​ផងដែរ​។​

​ក្រសួង​យុត្ដិធម៌​អាមេរិក​ប្រកាសថា ក្នុងចំណោម​ក្រុម​ចារកម្ម​ទាំង​៧​នាក់ មាន​បួន​នាក់​ធ្វើ​សកម្មភាព​វាយប្រហា​រលើ​ប្រព័ន្ធ​កុំព្យូទ័រ អង្គការ​ហាមឃាត់​អាវុធ​គីមី​នៅ​ឆ្នាំ​២០១៨​នេះ​។ មាន​ម្នាក់ទៀត​បាន​លួច​ស៊ើបអង្កេត​ដោយ​សម្ងាត់​លើ​ក្រុមហ៊ុន​Westinghouse Electric​ក្នុង​ឆ្នាំ​២០១៤​។ ក្រុមហ៊ុន​ក៏បាន​ដាក់ពាក្យ​ប្ដឹង​ការពា​រការ​ក្ស័យធន​កាលពី​ឆ្នាំមុន​ដែរ​។ បីនាក់​ក្នុងចំណោម​ពួកគេ​៧​នាក់ ត្រូវបាន​ចោទប្រកាន់​កាលពី​ដើមខែ​កក្កដា​ឆ្នាំនេះ ក្នុងករណី​ដាច់ដោយឡែក​ទាក់ទង​នឹង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត ដែល​មានបំណង​ជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​។​

​ទាក់ទង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១៦ អាមេរិក​និង​រុស្ស៊ី​កំពុង​ចោទ​ដាក់គ្នា​នៅឡើយ​។ អាមេរិក​ថា​រុស្ស៊ី​បានធ្វើ​ប៉ុន្ដែ​រុស្ស៊ី​បដិសេធ រហូត​មាន​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ ហើយ​មក​ទល់​ពេលនេះ​មិនទាន់​រក​ដំណោះស្រាយ​ឃើញ​ទេ​។ រដ្ឋាភិបាល​អាមេរិក​កំពុង​ព្រួយបារម្ភ​ដែរថា រុស្ស៊ី​អាច​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​បន្ដទៀត មុន​ការបោះឆ្នោត​សភា​នៅ​ខែវិច្ឆិកា​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត