ណា​តូ​ចោទថា​​រុស្ស៊ី​​កំពុង​​អភិវឌ្ឍ​មី​ស៊ី​ល​​រំលោភ​លើ​​សន្ធិសញ្ញា​​ឆ្នាំ​១៩៨៧

05-10-2018 1:03 pm 325
  ស្តាប់
រូបភាព​ទង់ជាតិ​ប្រទេស​សមាជិក​​ណាតូ
ស្តាប់ជាសំឡេង

​អង្គការ​សន្ធិសញ្ញា​អា​ត្លង់​ទិច​ខាងជើងឬ​ណាតូ បាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ពី​ការផលិត​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម រំលោភ​លើ​សន្ធិសញ្ញា​ចុះ​ជាមួយ​អាមេរិក ក្រោយ​សម័យ​សង្គ្រាមត្រជាក់​។ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​នៃ​ប្រទេស​សមាជិក​អង្គការ​ណា​តូ បាន​ជួបពិភាក្សា​បញ្ហា​នេះ​ជាមួយគ្នា​ក្នុង​ទីក្រុង​ព្រុច​សែល​ប្រទេស​បែលហ្ស៊ិ​កកាល​ពីថ្ងៃ​ព្រហស្បតិ៍​។

​អាមេរិក​និង​សហភាពសូវៀត​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​នៅ​ឆ្នាំ​១៩៨៧ ដែល​ហាមឃាត់​ការផលិត​និង​សាកល្បង​មី​ស៊ី​លបាញ់​ចេញពី​យន្ដហោះ បាញ់​ចេញពី​ដី ជា​ប្រភេទ​មី​ស៊ី​ល​មាន​រយៈ​ចម្ងាយ​ចន្លោះ​ពី​៥០០​ទៅ​៥,៥០០​គីឡូម៉ែត្រ ប៉ុន្ដែ​រុស្ស៊ី​មិនបាន​ធ្វើតាម​សន្ធិសញ្ញា​ដែល​បាន​ចុះ​ឡើយ​។ សហរដ្ឋអាមេរិក​ក្នុងពេល​ថ្មីៗ​នេះ​ក៏បាន​រិះគន់​រុស្ស៊ី​ផងដែរ ពី​ការ​ដាក់ពង្រាយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​។ អាមេរិក​បានប្រកាស​ព្រមាន​នឹង​ចាត់វិធានការ ដោយ​អភិវឌ្ឍ​មី​ស៊ី​ល​ស្រដៀង​គ្នា​។

​ជុំវិញ​បញ្ហា​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក​Jens Stoltenberg បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋមន្ដ្រី​ការពារជាតិ​នៃ​ប្រទេស​សមាជិក​ណា​តូ បាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា និង​ថា​រុស្ស៊ី​កំពុងតែ​រំលោភ​លើ​សន្ធិសញ្ញា​ដែល​បាន​ចុះ​ជាមួយ​អាមេរិក​យ៉ាង​ពិតប្រាកដ​។ ទីក្រុង​ម៉ូស្គូ​បាន​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ទ្វីបអឺរ៉ុប ហើយ​បានទាមទារ​ឲ្យមាន​ការបង្ហាញ​ព័ត៌មាន​នៃ​ការអភិវឌ្ឍ​មី​ស៊ី​ល​។​

​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​លោក​James Mattis ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដែរនោះ​បាន​លើកឡើងថា ស្ថានភាព​បច្ចុប្បន្ន​ពិតជា​កាន់តែ​យ៉ាប់យ៉ឺន​។ ប្រទេស​រុស្ស៊ី​ត្រូវតែ​វិល​ទៅរក​ការ​អនុវត្ដ​តាម​សន្ធិសញ្ញា​ដែល​បាន​ចុះ បើ​មិន​អ៊ីចឹង​ទេ អាមេរិក​នឹង​ចាត់វិធានការ​ជាក់ស្ដែង ដើម្បី​ការពារ​ផលប្រយោជន៍​អាមេរិក​និង​ការពារ​ផលប្រយោជន៍​ណា​តូ​៕

ព័ត៌មានផ្សេងទៀត