អាមេរិកជំរុញឲ្យគុយបា ដោះលែងអ្នកប្រឆាំងដ៏លេចធ្លោមួយរូបគឺលោក Tomas Nunez Magdariaga សមាជិកនៃសហភាពស្នេហាជាតិនៃប្រទេសគុយបា (UNPACU )ឲ្យមានសេរីភាព។ ការជំរុញនេះ ធ្វើឡើងដោយសារអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ពីស្ថានភាពសុខភាពរបស់លោក Tomas Nunez Magdariaga ព្រោះលោកបានធ្វើកូដកម្មបង្អត់អាហារខ្លួនឯង ក្នុងពន្ធនាគារ អស់រយៈពេលជាង៥០ថ្ងៃមកហើយ។ លោក Tomas Nunez Magdariaga ធ្វើកូដកម្មបង្អត់អាហារ ដើម្បីប្រឆាំងតវ៉ាទៅនឹងការចាប់ឃុំខ្លួនលោកក្នុងពន្ធនាគារដោយអយុត្តិធម៌។ ទន្ទឹមនឹងនោះ អាជ្ញាធរ មិនអនុញ្ញាតឲ្យសមាជិកគ្រួសារលោក Tomas Nunez Magdariaga ចូលសួរសុខទុក្ខនោះឡើយ។
ពាក់ព័ន្ធនឹងការអំពាវនាវរបស់អាមេរិកនេះ មិនទាន់មានការឆ្លើយតបពីគុយបានៅឡើយទេនៅពេលនេះ។
សូមបញ្ជាក់ថាលោកTomas Nunez Magdariaga ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទបង្កការគំរាមកំហែងដល់ភ្នាក់ងារសន្តិសុខ។ តែសាមីខ្លួននិងអាមេរិកមិនឲ្យតម្លៃលើការកាត់ក្តីរបស់តុលាការនោះទេ៕