ដោយ​មើលឃើញ​​ពី​ទុក្ខលំបាក នាយករដ្ឋមន្ដ្រី​​ម៉ាឡេស៊ី​​ស្នើឲ្យ​អាស៊ាន​​រួមគ្នា​ជួយ​​ឥណ្ឌូនេស៊ី​

04-10-2018 4:43 pm 328
  ស្តាប់
រូបភាពរងគ្រោះ​ដោយសារ​រលក​ស៊ូណាមិ​​នៅ​ឥណ្ឌូនេស៊ី
ស្តាប់ជាសំឡេង

​ក្នុងនាម​ជា​ប្រទេសជិតខាង​និង​ស្ថិតក្នុង​តំបន់​អាស៊ាន​ជាមួយគ្នា ដែល​ប្រៀបបាន​ជា​បងប្អូន​បង្កើត នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ម៉ា​ហា​ធៀ មហា​ម៉េដ ពិតជា​មិនអាច​មើល​នឹង​ភ្នែក​បានទេ ក្រោយពេល​ឥណ្ឌូនេស៊ី​រងគ្រោះ​ផ្ទួនៗ​ដោយសារ​គ្រោះធម្មជាតិ​ថ្មីៗ​នេះ​។ ពិសេស​គឺ​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ចទ័​រដែល​បង្កជា​រលកយ​ក្ស​ស៊ូណាមិ​វាយប្រហារ​នៅ​ទីក្រុង​Palu, Donggala និង Sigi ស្ថិតនៅលើ​កោះ​Sulawesi​កាលពី​ថ្ងៃទី​២៨​កញ្ញា​។

​រលក​ស៊ូណាមិ​នេះ​បានសម្លាប់​មនុស្ស​ជាង​១,៤០០​នាក់ របួស​និង​បាត់​ខ្លួន​រាប់សិប​នាក់​ទៀត​។ ក្រៅពីនេះ​បាន​បណ្តាលឲ្យមាន​ការខូច​ខាត​ផ្ទះសម្បែង​ជាង​៦​ម៉ឺន​ខ្នង និង​អាគារ​រដ្ឋ​ជាច្រើន​នៅក្នុង​តំបន់ រួមទាំង​មន្ទីរពេទ្យ​ផងដែរ​ត្រូវបាន​បំផ្លាញ​។ បន្ទាប់ពី​មើលឃើញ​ទុក្ខវេទនា​បែបនេះ នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​បាន​ទទូច​ដល់​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវតែ​រួមគ្នា​ជួយ​ឥណ្ឌូនេស៊ី​មិន​ថា​តិចក្ដី​ច្រើនក្ដី​ក្នុងនាម​ជា​បងប្អូន​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៣​នៃ​គណៈកម្មាធិការ​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្ដរាយ និង​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​អាស៊ាន​លើក​ទី​៦ ស្ដីពី​ការគ្រប់គ្រង​គ្រោះមហន្ដរាយ លោក​ម៉ា​ហា​ធៀ​បន្ថែមថា ខណៈ​ដែលមាន​សោកនាដកម្ម​បែបនេះ ឥណ្ឌូនេស៊ី​ពិតជា​តក់ស្លុត​និង​បាក់ទឹកចិត្ដ​ខ្លាំងណាស់ ដូច្នេះ​ក្នុងនាម​ជា​អ្នកជិតខាង​មិនអាច​អង្គុយ​មើល​ពី​ខាងក្រៅ​បានទេ​។ ផ្ទុយទៅវិញ​ចាំបាច់​ត្រូវតែ​ជួយ​យក​អាសារ ទោះ​តិចក្ដី​ច្រើនក្ដី​បើ​រួមគ្នា​ច្បាស់​ជា​អាច​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​បាន​។ លោក​បន្ថែមថា ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ម៉ាឡេស៊ី កំពុង​សម្របសម្រួល​ជាមួយ​ជាមួយ​ភា្នក់ងារ​ពាក់ព័ន្ធ និង​ត្រៀមខ្លួន​រួចជាស្រេច​ដាក់ពង្រាយ​ក្រុម​ជួយសង្គ្រោះ ក្រុម​ផ្ដល់ជំនួយ​មនុស្សធម៌​ចុះជួយ​ឥណ្ឌូនេស៊ី​។​

​គួរ​ជម្រាបជូន​ថា ក្រោយ​ការវាយប្រហារ​ដោយ​រញ្ជួយ​ដី​និង​រលក​ស៊ូណាមិ ឥណ្ឌូនេស៊ី​ស្រាប់តែ​មាន​ការរញ្ជួយ​ដី​២​លើក​ផ្សេងទៀត វាយប្រហារ​នៅ​តំបន់​ភាគខាងត្បូង​កោះ​Sumba កាលពី​ថ្ងៃទី​២​តុលា​។ រញ្ជួយ​ដី​លើកទីមួយ​មាន​កម្រិត​៥.៩​រ៉ិ​ចទ័​រ វាយប្រហារ​នៅ​តំបន់​ឆ្នេរសមុទ្រ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​កោះ​Sumba​។ ១៥​នាទី​ក្រោយមក រញ្ជួយ​ដី​កម្រិត​៦.០​រ៉ិ​ចទ័​រ បាន​វាយប្រហារ​នៅក្នុង​តំបន់​ដដែល ស្ថិតក្នុង​ជម្រៅ​៣០​គីឡូម៉ែត្រ​។​

​រំលង​បាន​១​ថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​៣​ខែតុលា មាន​ភ្នំភ្លើង​មួយ​ស្ថិតនៅ​កោះ​Sulawesi  ក៏បាន​ផ្ទុះ​ជះ​កម្អែល​និង​ផេះ​ទៅលើ​អាកាស​កម្ពស់​ប្រហែល​៦​គីឡូម៉ែត្រ​។ អាជ្ញាធរ​បានប្រកាសឲ្យ​ពលរដ្ឋ​ដែល​រស់នៅច​ម្ងាយ​ពី​៤​គីឡូម៉ែត្រ​ទៅ​៦​គីឡូម៉ែត្រ ជុំវិញ​នោះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​។ បន្ទុះ​ភ្នំភ្លើង​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​។ ជារួម​មក​ឥណ្ឌូនេស៊ី ពិតជា​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ក្នុងពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង​៕

ព័ត៌មានផ្សេងទៀត