រដ្ឋបាល​លោក​​ដូណាល់ ត្រាំ​​ប្រកាស​ដក​អាមេរិក​​ចេញពី​កិច្ចព្រមព្រៀង​​ពីរ​​ទៀតហើយ​

04-10-2018 2:06 pm 1291
  ស្តាប់
ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​John Bolton
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បានប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ចំនួន​ពីរ​ទៀតហើយ​។ ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​អ៊ីរ៉ង់​និង​ប៉ាឡេ​ស្ទីន​ដាក់​ពាក្យប្ដឹង​អាមេរិក​ទៅកាន់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​(ICJ) ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ដែល​អាមេរិក​បានដាក់​លើ​ពួកគេ​។ បណ្ដឹង​របស់​អ៊ីរ៉ង់​និង​ប៉ាឡេ​ស្ទីន​ពិតជា​មាន​ប្រសិទ្ធភាព ធ្វើឲ្យ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​កា​ត់​ក្ដី​ឲ្យ​ពួកគេ​ឈ្នះ​។ អ៊ីរ៉ង់​ប្ដឹង​អាមេរិក​ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​ជាថ្មី ដោយឡែក​ប៉ាឡេ​ស្ទីន​ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិក​ពី​ក្រុង​Tel Aviv​ប្រទេស​អ៊ីស្រាអែល ទៅកាន់​តំបន់​ជេ​រ៉ូ​សាឡឹម​ដែល​កំពុង​ចម្រូងចម្រាស​និង​ប៉ាឡេ​ស្ទីន​។​

​ក្រោយពី​ការសម្រេច​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​John Bolton បាន​បន្ទោស​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ថា គ្មាន​សិទ្ធិ​អា​កាត់​លើ​ករណី​នេះឡើយ ហើយ​ការកាត់ក្ដី​របស់​តុលាការ​មាន​ចរិត​នយោបាយ​សុទ្ធសាធ​។ ដូច្នេះ​អាមេរិក​គ្មាន​រឿង​អី​ដែល​ធ្វើតាម​ការទាមទារ​របស់​តុលាកា​រឡើយ គឺ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​ពី​អ៊ីរ៉ង់ ហើយក៏​មិន​ផ្លាស់ប្ដូរ​ការដាក់​ស្ថានទូត​នៅជេ​រ៉ូ​សាឡឹម​ដែរ​។ លោក​ព្រមាន​ទៀតថា​អាមេរិក​និង​ពិចារណា​ឡើងវិញ​រាល់​កិច្ចព្រមព្រៀង​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​តុលាការ​កំពូល​(ICJ)​របស់​ស្ថាប័ន​អង្គការសហប្រជាជាតិ​មួយ​នេះ​។ តុលាការ​ICJ​មាន​មូលដ្ឋាន​ក្នុង​ទី​ក្រុងឡាអេ​ប្រទេស​ហូ​ឡង់ មាន​តួនាទី​ដោះស្រាយ​ជម្លោះ​រវាង​ជាតិ​សាសន៍​នី​មួយៗ​។​

​ចំពោះ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​ដែល​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ទើប​ប្រកាស​ដកខ្លួន​ចេញ មាន​កិច្ចព្រមព្រៀង​មិត្ដភាព​ឆ្នាំ​១៩៥៥ និង​កិច្ចព្រមព្រៀង​ស្ដីពី​ទំនាក់ទំនង​ការទូត​ទីក្រុង​វី​យែនប្រទេស​អូទ្រីស​ឆ្នាំ​១៩៦១​។ គួរ​ជម្រាបជូន​ដែរថា ចាប់តាំងពី​ចូល​កាន់តំណែង​ជិត​ពីរ​ឆ្នាំ​មកនេះ លោក​ដូណាល់ ត្រាំ​បានប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ជាច្រើន​រួចមកហើយ​។ ក្នុងនោះ​មានដូចជា​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ឆ្នាំ​២០១៥ កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ចុះ​ក្នុង​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​ឆ្នាំ​២០១៥ ដើរ​ចេញពី​អង្គការ​UNESCO​របស់​អង្គការសហប្រជាជាតិ ហើយ​បាន​គំរាម​ដល់​សម្ព័ន្ធមិត្ដ​របស់​អង្គ​ការ​ណា​តូ​ថែមទៀត​ផង​៕

ព័ត៌មានផ្សេងទៀត