ឥណ្ឌូនេស៊ី​រងគ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្ទួនៗក្នុង​រយៈពេល​៦​ថ្ងៃ​

03-10-2018 4:58 pm
  ស្តាប់
ស្តាប់ជាសំឡេង

​រយៈពេល​៦​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃ​សុក្រ​ទី​២៨​ខែ​កញ្ញា ដល់​ថ្ងៃទី​៣​ខែតុលា ឥណ្ឌូនេស៊ី បាន​រង​ការវាយប្រហារ ដោយ​គ្រោះមហន្តរាយធម្មជាតិ​ផ្ទួនៗ​គ្នា រហូតដល់​ទៅ​៥​លើក​។ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ចទ័​រ បាន​វាយប្រហារ​ភាគ​កណ្តាល​កោះ Sulawesi បង្កើតជា​រលក​យក្ស​ស៊ូណាមិ​កម្ពស់​៦​ម៉ែត្រ វាយប្រហារ​ក្រុង​Palu​។ គិត​មកដល់ពេលនេះ អ្នកស្លាប់​ដោយសារ​គ្រោះធម្មជាតិ​ដ៏​កំណាច​នេះ បាន​កើនឡើង​ដល់​ជាង​១ ៤០០​នាក់​ហើយ​។ ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ទៀត ដោយនៅ​មាន​អ្នក​បាត់​ខ្លួន​នៅឡើយ​។ គ្រោះធម្មជាតិ​នេះ ក៏បាន​បណ្តាលឲ្យ​មនុស្ស​ខ្ទង់​ម៉ឺន​នាក់​រងរបួស​និង​ជម្លៀស​ខ្លួន​ចេញ ព្រមទាំង​បង្កឲ្យមាន​ការខូចខា​ត​ផ្ទះសម្បែង​ជាង​៦​ម៉ឺន​ខ្នង និង​អាគារ​រដ្ឋ​ជាច្រើន​នៅក្នុង​តំបន់ រួមទាំង​មន្ទីរពេទ្យ​ផងដែរ​ត្រូវបាន​បំផ្លាញ​។​

​ក្រោយ​ការវាយប្រហារ​ដោយ​រញ្ជួយ​ដី​និង​រលក​ស៊ូណាមិ អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​បើក​ប្រតិបត្តិ​ការសង្គ្រោះ រហូត​មកទល់ពេលនេះ មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។ ក្រៅតែពី​ស្វែងរក​អ្នក​បាត់​ខ្លួន អាជ្ញាធរ​កំពុង​មមាញឹក ក្នុង​ការដឹកជញ្ជូន​ស្បៀងអាហារ ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​។ យោងតាម​ការសន្និដ្ឋាន របស់​ការិយាល័យ​មនុស្សធម៌ អង្គការសហប្រជាជាតិ​ឲ្យដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស​ជាង​២​សែន​នាក់ កំពុង​ត្រូវការ​ជំនួយ ដែល​រួម​មានដូចជា​ចំណីអាហារ និង​ទឹក​ជាដើម​។ ទន្ទឹមនឹងនោះ មាន​ប្រទេស​មួយចំនួន បាន​ទម្លាក់​កញ្ចប់​ថវិកា ដល់​ឥណ្ឌូនេស៊ី ដែល​នៅ​ក្នុងនោះ​រួមមាន​ប្រទេស​កម្ពុជា​ផងដែរ ខណៈ​រដ្ឋ​បា​លលោក​ដូណាល់ ត្រាំ​បានប្រកាស​ផ្តល់ជំនួយ ដើម្បី​ជួយ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​រួចហើយ​។​

​ចន្លោះពេល​ដែល​ឥណ្ឌូនេស៊ី កំពុង​រង​ទុក្ខ​ឥតឧបមា​ពី​គ្រោះមហន្តរាយធម្មជាតិ​ដ៏​កំណាច​នេះ ស្រាប់តែ​មាន​ការរញ្ជួយ​ដី​២​លើក​ផ្សេងទៀត វាយប្រហារ​នៅ​តំបន់​ភាគខាងត្បូង​កោះ​Sumba កាលពី​ថ្ងៃទី​២​តុលា​។ រញ្ជួយ​ដី​លើកទីមួយ​មាន​កម្រិត​៥.៩​រ៉ិ​ចទ័​រ វាយប្រហារ​នៅ​តំបន់​ឆ្នេរសមុទ្រ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​កោះ​Sumba​។ ១៥​នាទី​ក្រោយមក រញ្ជួយ​ដី​កម្រិត​៦.០​រ៉ិ​ចទ័​រ បាន​វាយប្រហារ​នៅក្នុង​តំបន់​ដដែល ស្ថិតក្នុង​ជម្រៅ​៣០​គីឡូម៉ែត្រ​។ កោះ​Sumba​លាតសន្ធឹង​ប្រមាណ​១,៦០០​គីឡូម៉ែត្រ នៅ​ភាគខាងត្បូង​កោះ​Sulawesi​។ យ៉ាងណាមិញ ពុំមាន​ការ​សេចក្តីរាយការណ៍​ថា​មាន​មនុស្ស​ស្លាប់​និង​របួស នៅក្នុង​គ្រោះ​រញ្ជួយ​ដី​២​លើក​ថ្មី​នេះ​នោះទេ​។​

​រំលង​បាន​១​ថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​៣​ខែតុលា​នេះ មាន​ភ្នំភ្លើង​មួយ​ស្ថិតនៅ​កោះ Sulawesi ដែល​រង​ការវាយប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​សុក្រ បាន​ផ្ទុះ​ជះ​កម្អែ​រនិង​ផេះ​ទៅលើ​អាកាស​កម្ពស់​ប្រហែល ៦​គីឡូម៉ែត្រ​។ អាជ្ញាធរ​បានប្រកាសឲ្យ​ពលរដ្ឋ​ដែល​រស់នៅច​ម្ងាយ​ពី ៤​គីឡូម៉ែត្រ ទៅ ៦​គីឡូម៉ែត្រ ជុំវិញ​នោះ​ប្រុងប្រយ័ត្ន​ខ្ពស់​។ បន្ទុះ​ភ្នំភ្លើង​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​។​

​ប្រទេស​ឥណ្ឌូនេស៊ី តែង​រង​នូវ​គ្រោះ​រញ្ជួយ​ដី​ជារឿយៗ និង​ធ្លាប់​រង​ផលប៉ះពាល់​ពី​រលក​យក្ស​ស៊ូណាមិ​ផងដែរ​។ កាលពី​ឆ្នាំ​២០០៤ រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ កើតឡើង​នៅ​មហាសមុទ្រ​ឥណ្ឌា បាន​ប៉ះពាល់​លើ​ប្រទេស​ចំនួន​១៣ ដោយ​បណ្តា​លឲ្យមនុស្ស​២២៦ ០០០​នាក់​ស្លាប់ នៅក្នុង​នោះ​មាន​ប្រជាជន​ឥណ្ឌូនេស៊ី​ចំនួន​១២០ ០០០​នាក់​។ ឥណ្ឌូនេស៊ី​ស្ថិតនៅ​ចំ​អាង​នៃ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច ដែល​ប្រឈម​នឹង​ហានិភ័យ​នៃ​គ្រោះ​រញ្ជួយ​ដី និង​ភ្នំភ្លើង​ណាស់​។ គ្រោះ​រញ្ជួយ​ដី​ភាគច្រើន កើតឡើង​នៅ​តំបន់​តូចចង្អៀត ជាយ​ទ្វីប ឬ​កណ្តាល​មហាសមុទ្រ​។ គ្រោះ​រញ្ជួយ​ដី ជា​បាតុភូត​ដែល​មិនអាច​ព្យាករណ៍​ទុកជាមុន​បានឡើយ ហើយក៏​ជា​គ្រោះ​មហន្ត​រាយ​ធម្មជាតិ ដែល​សម្លាប់​មនុស្ស​ច្រើនជាង​គ្រោះធម្មជាតិ​ផ្សេងៗ​ទៀត​៕

ព័ត៌មានផ្សេងទៀត