លោក​Mike Pompeo​នឹង​ទៅ​ជួប​លោក​គីម ជុង​អ៊ុន​ម្តងទៀត​នៅ​ក្រុង​ព្យុងយ៉ាង​

03-10-2018 1:44 pm
លោក​Mike Pompeoនៅខាងឆ្វេងលោកគីម ជុងអ៊ុនអំឡុងពេលជួបគ្នាកាលពីពេលកន្លងទៅ

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក​Mike Pompeo នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​ម្តងទៀត នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ ហើយ​លោក​ក៏​នឹង​ជួបពិភាក្សា ជាមួយ​លោក​គីម ជុង​អ៊ុន ប្រធានាធិបតី​កូរ៉េខាងជើង​ជាថ្មីទៀត​ផងដែរ​។ នេះ​បើតាម​ការឲ្យដឹង ពី​ក្រសួងការបរទេស​អាមេរិក​។ ការប្រកាស​ឲ្យដឹង​ជាមុនដ៏​កម្រ ពី​ជំនួប​រវាង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក និង​ប្រធានាធិបតី​វ័យក្មេង​កូរ៉េខាងជើង ធ្វើឡើង​ក្រោយ​កូរ៉េខាងជើង​ថា នឹងមិន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ ជាថ្នូរនឹងការប្រកាសជាផ្លូវការ នូវការបញ្ចប់សង្រ្គាមកូរ៉េនោះទេ។

​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ជាថ្មី របស់លោក​Pompeo ទំនង​មិន​ខុសពី​លើក​មុនៗ​ដែរ ដោយ​ភាគី​ទាំងពីរ អាច​ពិភាក្សា​បន្ថែមទៀត ពី​ការដក​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ ស្របទៅតាម​អ្វីដែល​លោក​គីម និង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អា​មរិក បាន​និយាយ​គ្នា​នៅ​ប្រទេស​សិង្ហ​បុរី​។ ម្យ៉ាងទៀត ការធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​លើក​នេះ លោក​Pompeo អាច​នឹង​និយាយ​ពី​ការរៀបចំ​ជំនួប​លើក​ទី​២ រវាង​លោក​ត្រាំ​និង​លោក​គីម ដែល​គ្រោង​ធ្វើ​នៅ​ពេលខាងមុខ​ផងដែរ​។​

​គួរ​កត់សំគាល់ថា ទស្សនកិច្ច​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ខាងមុខ នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ ទៅកាន់​ប្រទេស​កូរ៉េខាងជើង​របស់លោក Mike Pompeo​។ ដ្បិត​ទៅ​កូរ៉េខាងជើង​៤​លើក ប៉ុន្តែ​លោក​Pompeo ជួបពិភាក្សា​ជាមួយ​លោក​គីម តែ​២​ដង​ប៉ុណ្ណោះ រាប់ទាំង​ជំនួប​ដែល​គ្រោង​ធ្វើ​នៅពេល​ឆាប់ៗ​នេះ​។ ក្រៅពី​ប្រទេស​កូរ៉េខាងជើង រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​រូបនេះ នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​នៅក្បែរៗ​នោះ ដូចជា​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង រួមទាំង​ប្រទេស​សម្ព័ន្ធមិត្ត​ជាមួយ​កូរ៉េខាងជើង គឺ​ប្រទេស​ចិន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត