រុស្ស៊ី​បិទ​បញ្ចប់​បេសកកម្មដឹកជញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាសS-300ទៅ​ស៊ីរី​

03-10-2018 10:54 am 468
  ស្តាប់
ប្រព័ន្ធការពារដែនអាកាសS-300របស់រុស្ស៊ី​
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu និយាយ​ថា រុស្ស៊ី​បាន​បិទ​បញ្ចប់​ទាំងស្រុង នៃ​បេសកកម្ម​ដឹកជញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​S-300​ទៅឲ្យ​ស៊ី​រីហើយ​។ ​បន្ទាប់ពី​ដឹកជញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300​ទៅដល់​ដែនដី នៃ​ប្រទេស​ស៊ី​រី​ហើយ រុស្ស៊ី​ត្រូវ​ចំណាយពេល​រហូតដល់​៣​ខែ ដើម្បី​បណ្តុះបណ្តាល​យោធា​ស៊ី​រី​ឲ្យ​ចេះ​ប្រើប្រាស់ ប្រព័ន្ធ​ការពារ​ដែនអាកាស​ថ្មី​នេះ​។ នេះ​បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​​និយាយ​នៅក្នុង​កិច្ចប្រជុំ របស់​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​Sergei Shoigu​បញ្ជាក់ថា ការបញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 ទៅ​ដំឡើង​នៅ​ប្រទេស​ស៊ី​រី​នេះ ជា​វិធានការ​សន្តិសុខ​ថ្មី​។ ការបង្កើន​សន្តិសុខ​ដែនអាកាស​នៅ​ស៊ី​រី ធ្វើឡើង​ក្រោយ​យន្តហោះ​យោធា​រុស្ស៊ី​មួយគ្រឿង ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល S-200 របស់​ស៊ី​រី បណ្តាលឲ្យ​យោធា​រុស្ស៊ី​ស្លាប់​អស់​១៥​នាក់​។ តែ​រុស្ស៊ី​ចាត់ទុកថា នេះ​ជា​កំហុស​កើតឡើង​ដោយ​អ​ចេតនា​ប៉ុណ្ណោះ និង​បាន​ទម្លាក់កំហុស​នេះ​លើ​អ៊ីស្រាអែល​។ ទម្លាក់កំហុស​លើ​អ៊ីស្រាអែល ដោយសារតែ​យន្តហោះ F-16​អ៊ីស្រាអែល​បាញ់​ផ្លោងចូល​ខេត្ត Latakia​នៃ​ប្រទេស​ស៊ី​រី ចំពេល​មាន​យន្តហោះ​រុស្ស៊ី​ហោះ​នៅក្បែរនោះ ទើបបានជា​ស៊ី​រី​ធ្វើ​ប្រតិបត្តិ​ការបាញ់​ទប់ស្កាត់​ត្រូវចំ​យន្តហោះ​រុស្ស៊ី​។

​ក្រោយ​កើតមាន​ហេតុ​ការណ៍​នេះ រុស្ស៊ី​បានប្រកាស​បង្កើន​សន្តិសុខ​ដែនអាកាស​ក្នុងប្រទេស​ស៊ី​រី​។ ក្រៅពី​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300​ទៅ​បំពាក់​ក្នុងប្រទេស​ស៊ី​រី រុស្ស៊ី​ក៏បាន​បញ្ជូន​សម្ភារ​យោធា​មួយចំនួនទៀត ទៅកាន់​ប្រទេស​ស៊ី​រី​ផងដែរ និង​បង្កើន​ការតាមដាន​នៅ​តំបន់​ព្រំដែន​ដីគោក​និង តាម​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ស៊ី​រី ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​មហន្តរាយ​លើ​កងទ័ព​របស់ខ្លួន​ទៀត​។​

​សូម​បញ្ជាក់ដែរថា រុស្ស៊ី​បាន​ចូល​អន្តរាគមន៍​នៅក្នុង​ប្រទេស​ស៊ី​រី​កាលពី​ឆ្នាំ​២០១៥ តប​តាម​ការស្នើសុំ​របស់​ប្រធានាធិបតី​ស៊ី​រី ដើម្បី​ជួយ​ទប់ស្កាត់ ក៏ដូចជា​បោសសម្អាត​ក្រុម​ឧទ្ទាម ក្រុម​កម្ម​ប្រយុទ្ធ​ក្នុងប្រទេស​ស៊ី​រី​៕

ព័ត៌មានផ្សេងទៀត