ពេញ​១​ខែកញ្ញា​មហាជន​ចាប់អារម្មណ៍​លើ​ព្រឹត្តិការណ៍​អ្វីខ្លះ​?

02-10-2018 5:19 pm 604
  ស្តាប់
ស្តាប់ជាសំឡេង

​សម័យ​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន ព័ត៌មាន ឬ​រឿងរ៉ាវ​ផ្សេងៗ ទោះបី​កើតឡើង​នៅ​តំបន់​ណាក៏ដោយ គឺ​តែងតែ​ស្ថិតនៅ​លើ​ដៃ របស់​លោក​អ្នក​ជានិច្ច​។ គ្រប់​រឿងរ៉ាវ ឬ​ព្រឹត្តិការណ៍ ដែល​មហាជន​ចាប់អារម្មណ៍ បង្ហោះ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក៏ដូចជា​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​នានា រឿងរ៉ាវ ឬ​ព្រឹត្តិការណ៍​ទាំងនោះ នឹង​ធ្វើឲ្យ​កក្រើក​ផ្ទុះ​ជា​ក់​ជាពុំខាន​។​" ចង់ដឹងថា តើ​ក្នុង​ខែ​កញ្ញា មាន​ព្រឹត្តិការណ៍​អ្វីខ្លះ​កើតឡើង​នោះ ស្តាប់​ការរាយការណ៍​ពី​សៅ វិសាល

​ផ្តើម​ជាដំបូង​ចំពោះ​ព្រឹត្តិការណ៍ ដែល​បាន​កើតឡើង​នៅ​ដើម​ខែ​កញ្ញា នោះ​គឺ​កិច្ចប្រជុំសភា នីតិកាល​ទី​៦ ដែល​ជា​កិច្ចប្រជុំ​លើកដំបូង ក្រោយ​ការប្រកាស​ពី​ជ័យជម្នះ លើ​ការបោះឆ្នោត របស់​គណបក្ស​កាន់អំណាច​។​
​សម័យប្រជុំ​ដំបូង នៃ​រដ្ឋសភា​និតិ​កាល​ទី​៦ បាន​ប្រព្រឹត្តទៅ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​០៥ ខែ​កញ្ញា ក្រោម​ព្រះរាជអធិបតីភាព របស់​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហ​មុនី​។ ជា​សម័យប្រជុំ​ដែល​មាន​សុទ្ធ​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​១២៥​រូប​។​

​ក្រោយ​មួយ​ថ្ងៃ ពោល​នៅ​ថ្ងៃទី​០៦ កញ្ញា រដ្ឋសភា​បាន​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំង​១០ នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ថ្មី​។​
​ក្រោយ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ត្រូវបាន​បង្កើត​ជា​ផ្លូវការ​រួចរាល់ គណបក្សនយោបាយ​ចំនួន​១៦ ក្នុងចំណោម​២០​គណបក្ស បានសម្រេច​ព្រមព្រៀង ចូលរួម​ជា​សមាជិក​របស់ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​។​
​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​ការបង្កើត ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា បង្កើត​ជា​ផ្លូវការ ដែល​មាន ៧​ជំពូក និង​២១​មាត្រា​។ ព្រះមហាក្សត្រ​ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ តែងតាំង​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ចំនួន​៣០​រូប មកពី​គណបក្ស​ទាំង​១៦ ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​។​

​បើ​តាម​ការបញ្ជាក់​ពី​ប្រមុខ​រដ្ឋាភិបាល ឲ្យដឹងថា ការបង្កើតឲ្យមាន ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ គឺ​ដើម្បី​ផ្តល់​ឱកាស​ដល់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋសភា​ទាំងនោះ ចូលរួម​បម្រើ​ជាតិ ជាមួយ​រដ្ឋាភិបាល​។
​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១០ កញ្ញា ព្រឹត្តិការណ៍​ធំៗ​បាន​កើតឡើង​ផ្ទួនៗ​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​។ ថ្ងៃនេះ ជា​ថ្ងៃ​ដែល​លោក​កឹម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង ត្រូវបាន​តុលាការ​សម្រេច​ដោះលែង ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់​ពី​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​ត្រូវបាន​តុលាការ​ទាត់​ចោល នា​ពេលកន្លងមក​។ ក្នុង​ថ្ងៃនេះ​ដែរ ក៏​ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា មានក្តី​រន្ធត់ចិត្ត ដោយសារ​តែ​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner បាន​ទទួលមរណភាព ក្រោយ​ពេល​ធ្លាក់ខ្លួន​ឈឺ​កាលពី​ឆ្នាំ​២០១៧​។ ការបាត់បង់​លោក​វេជ្ជបណ្ឌិត​បាន​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​ជាច្រើន មានក្តី​អាឡោះអាល័យ ដោយសារតែ​លោក​បាន​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ព្យាបាល ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់​លាន​នាក់​។​

​រីឯ​ព្រឹត្តិការ​មួយទៀត​នោះ គឺ​ការតវ៉ា​ពី​សិស្សានុសិស្ស​ប្រឡង​បាក់​ឌុប ចំពោះ​លទ្ធផល​ប្រឡង​។ ក្រោយ​ការតវ៉ា​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​បង្កើត​គណៈកម្មកា​រ​មួយ​ដើម្បី​ពិនិត្យ និង​ធ្វើ​កោ​ល​ស្យ​វិច្ច័យ​លើ​សន្លឹ​កកិច្ចការ​ឡើង​វិញ​។ ជា​លទ្ធផល​ក្រសួង​អប់រំ ពិនិត្យ​មើល​ឃើញ​ពី​កំហុស​បច្ចេកទេស​របស់​ខ្លួន ដោយសារតែ​មិន​បាន​ស្រង់​ពិន្ទុ​លើ​មុខវិជ្ជា​មួយចំនួន ដែល​ធ្វើ​ឲ្យ​សិស្ស​ជិត​១​ពាន់​នាក់ ដែល​មាន​សមត្ថភាព​ប្រឡង​ជាប់ ប៉ុន្តែ​បែរជា​មាន​ឈ្មោះ​។ តែ​យ៉ាងណា សិស្ស​ទាំង​ជិត​១​ពាន់​នាក់ បាន​ជាប់​វិញ ហើយ​ក្រសួង​ក៏​បាន​សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុសឆ្គង​របស់​ខ្លួន​ផងដែរ​។​

​ក្រោយមកទៀត រំលង​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង សម្រាប់​តែ​ផ្ទុះ​ករណី​ពាក់ព័ន្ធ​នឹង​ក្រសួង​អប់រំ​ជា​ថ្មី​ម្តងទៀត ជុំវិញ​រឿង​សាលា​ជំនាន់​ថ្មី​។ បញ្ហា​នេះ បាន​ធ្វើឲ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្ស មួយចំនួន នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ធ្វើ​បាតុកម្ម​តវ៉ា ក្រោយ​ការដក​លោក​នាយក​វិទ្យាល័យ ដោយសារ​តែ​ប្រឆាំង​មិនឲ្យ​មាន​សាលាជំនាន់​ថ្មី​នេះ នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​។ បញ្ហា​នេះ ក៏​ត្រូវបាន​ដោះស្រាយ ដោយ​ក្រសួង​អប់រំ សម្រេច​ផ្តល់​លក្ខខណ្ឌ​ចំនួន​២ សម្រាប់​ជ្រើសរើស​ផងដែរ​។

​ក្រោយមកទៀត ព្រឹត្តិការណ៍ ដែល​មាន​មហាជន​ជាច្រើន​ចាប់អារម្មណ៍​នោះ គឺ​ក្រុម​អាជីវករ​នៅ​ផ្សារ​ព្រៃទា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ព្រួត​គ្នា​ចាប់​កោរសក់​នារី​វ័យក្មេង​ម្នាក់ សង្ស័យ​ជា​ចោរលួច​ទូរស័ព្ទ​។ ក្រោយ​កើត​ករណី​នេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​គាំទ្រ​ក្រុមអាជីវករ ប៉ុន្តែ​មួយចំនួន បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​ដែល​ធ្វើ​ចំពោះ​នារី​នោះ​ឡើយ​។ ប្រជាពលរដ្ឋ​ថា ទោះបី​ស្ត្រី​រូប​នោះ​ជា​ចោរ​ក៏​ដោយ គួរតែ​ចាប់ខ្លួនបាន​ហើយ​ប្រគល់ឲ្យ​សមត្ថកិច្ច អនុវត្ត​តាម​ច្បាប់ មិន​គួរ​ធ្វើ​ទង្វើ​សាហាវព្រៃផ្សៃ​បែប​នេះ​ឡើយ​។ ក្រោយមកទៀត ក្រុមអាជីវករ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​នឹង​ករណី​នេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវបាន​ដោះលែង​វិញ​។​

​ឈាន​ចូល​ដល់​ចុង​ខែ​កញ្ញា ប្រធានាធិបតី​វៀតណាម លោក​ត្រាន់ ដាយ​ក្វាង បាន​ទទួលមរណភាព ដែល​ជា​ដំណឹង​ដ៏​សោកសៅ របស់​ប្រជាជន​វៀតណាម​។ ក្រោយ​ទទួលដំណឹង​នេះ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដាច់ដោយឡែក​ពីគ្នា ជូន​នាយករដ្ឋមន្ត្រី​វៀតណាម​។ ស្របពេល​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ត្រាន់ ដាយ​ក្វាង ដោយផ្ទាល់​ផងដែរ​។​

ក្រោយមកទៀត លោក​នៃ ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹទ្ធសភា​កម្ពុជា ក៏​បាន​ទទួលមរណភាព ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៧៤​ឆ្នាំ​។​

ព្រឹត្តិការណ៍ ដែល​បាន​កើតឡើង​នៅ​ចុង​ក្រោយ​ខែកញ្ញា​នេះ គឺ​ជោគជ័យ​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការចូលរួម​ប្រជុំ​ស្មើមុខ មាត់ ជាមួយ​ថ្នាក់ដឹកនាំ​អន្តរជាតិ ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ប្រទេស​អាមេរិក​។ ជោគជ័យ​នេះ ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​

ព័ត៌មានផ្សេងទៀត