គោលនយោបាយ​​ការបរទេស​​លោក​ត្រាំ ​កំពុង​ធ្វើឲ្យ​​អាមេរិ​ក​ធ្លាក់​ប្រជាប្រិយភាព​​ខ្លាំង​?

02-10-2018 4:28 pm 558
លោក​ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក

​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ​ដែល​លោក​ដូណាល់ ត្រាំ ចូល​កាន់តំណែង​ប្រធានាធិបតី​អាមេរិក​។ ក្រោយ​មាន​តួនាទី​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​បាន​ព្យាយាម​ធ្វើកំណែទម្រង់​លើ​វិស័យ​ជាច្រើន ដើម្បី​សម្រេច​ឲ្យបាន​គោលនយោបាយ​ដែល​ដាក់​ចេញ​។ ប៉ុន្ដែ​ការផ្លាស់ប្ដូរ​របៀប​ដឹកនាំ​ប្រទេស លោក​ដូណាល់ ត្រាំ​ក៏​ទទួល​ការរិះគន់​យ៉ាងខ្លាំង​ផងដែរ ក្រៅពី​សមិទ្ធផល​ជោគជ័យ​។ គោលនយោបាយ​ការបរទេស​របស់លោក​ត្រាំ ពិតជា​ប៉ះពាល់​ដល់​មុខមាត់​អាមេរិក​ក្នុង​ឆាក​អន្ដរជាតិ​ឬ​យ៉ាងណា​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​លោក​ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក ស្បថ​ចូល​កាន់តំណែង​កាលពី​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៧​។ លោក​ចូល​កាន់តំណែង​បន្ទាប់ពី​ប្រធានាធិបតី​ស្បែក​ខ្មៅ​ប៉ា​រ៉ាក់ អូ​បា​ម៉ា​។ លោក​ត្រាំ​ចាប់តាំងពី​ចូល​កាន់តំណែង លោក​បានប្រកាស​នឹង​ដឹកនាំ​អាមេរិកឲ្យ​រុងរឿង​ឡើងវិញ ដូច​លោក​ធ្លាប់​និយាយ​ក្នុងពេល​ឃោសនាបោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​ថា បើ​ប្រជាជន​អាមេរិក​បោះឆ្នោតឲ្យ​លោក​ជាប់ជា​ប្រធានាធិបតី លោក​នឹង​ធ្វើឲ្យ​អាមេរិក​អស្ចារ្យ​ម្ដងទៀត​។​

​ពិតជា​មិន​ខុសពី​គោលនយោបាយ​ដែល​លោក​បានប្រកាស លោក​ត្រាំ​ពិតជា​ធ្វើតាម​ការសន្យា​មែន​។ លោក​បាន​ផ្ដោត​យកចិត្ដទុកដាក់​ពី​ផលប្រយោជន៍​អាមេរិកជា​អាទិភាព មុន​គិតពី​ផលប្រយោជន៍​អន្ដរជាតិ​។ អ្វីដែល​លោក​ធ្វើ​កន្លងមក មានការ​រឹតបន្ដឹង​លើ​ប្រព័ន្ធគ្រប់គ្រង​ជនអន្ដោប្រវេសន៍ ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស ការកាត់បន្ថយ​ជំនួយ​គ្មាន​ប្រយោជន៍ និង​ការដើរ​ចេញពី​កិច្ច​ព្រម​ព្រៀម​នានា ដែល​លោក​ត្រាំ​ចាត់ទុកថា​ធ្វើឲ្យ​អាមេរិក​ខាតបង់​។

​ចំពោះ​គោលនយោបាយ​អន្ដោ​ប្រវេ​សន៍ នៅលើ​ប្រព័ន្ធ​Twitter​កាលពី​ថ្ងៃទី​២៤​មិថុនា​កន្លងមកនេះ លោក​ដូណាល់ ត្រាំ​បាន​និយាយថា អ្នក​ដែល​ចូលមក​ទឹកដី​អាមេរិក​ដោយ​ខុសច្បាប់ គួរតែ​ត្រូវ​និរទេស​ចេញ​ទៅវិញ​ភ្លាមៗ​ដោយ​មិនចាំបាច់​មាន​ការសម្របសម្រួល ឬ​ការការពារ​ពី​តុលាការ​ឡើយ​។ លោក​ថា​មិន​អនុញ្ញាតឲ្យ​ជន​ទាំងនោះ​ចូលមក​ឈ្លានពា​ន​នៅ​អាមេរិក​ទេ បើ​ពួកគេ​ចូល​ទឹកដី​អាមេរិក​ដោយ​ខុសច្បាប់ គួរតែ​យក​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​

​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ជនអន្ដោប្រវេសន៍​នេះ ធ្លាប់​រង​ការរិះគន់​យ៉ាងខ្លាំង​មិន​ថា​នៅ​អាមេរិក​និង​នៅ​ក្រៅប្រទេស​។ តែ​ទោះជា​យ៉ាណា​ក្ដី​លោក​ត្រាំ​ថា នៅពេល​មាន​ជនអន្ដោប្រវេសន៍​ខុសច្បាប់​ច្រើន នឹង​ប៉ះពាល់​ដល់​សន្ដិភាព​សន្ដិ​សុខ​របស់​អាមេរិក បាត់បង់​សណ្ដាប់ធ្នាប់​ក្លាយជា​សង្គម​អាណាធិបតេយ្យ ងាយ​រងគ្រោះ​ដោយសារ​ការវាយប្រហារ​ភេរវកម្ម​ជាដើម​។​

​ចំណែក​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អន្ដរជាតិ លោក​ដូណាល់ ត្រាំ​ក៏បាន​ធ្វើកំណែទម្រង់​ច្រើន​ដែរ ជាក់ស្ដែង​មាន​ជាមួយ​ចិន ដែល​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​នឹង​គ្នា​។ លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​បី​លើក​មកហើយ ឆ្លើយតប​នឹង​អ្វីដែល​លោក​ចោទថា ចិន​បាន​រំលោភបំពាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ធ្វើ​ពាណិជ្ជកម្ម​គ្មាន​តុល្យភាព​ជាមួយ​អាមេរិក ព្រមទាំង​បាន​លួច​កម្មសិទ្ធិបញ្ញា​ក្រុមហ៊ុន​អាមេរិក​។ លោក​ត្រាំ​ព្រមាន​នឹង​ចាត់វិធានការ​បន្ថែម បើ​ចិន​មិន​ព្រម​កែប្រែ​ឥរិយាបថ​។ នេះ​ស​បញ្ជាក់ថា លោក​ត្រាំ​កំពុង​កាត់បន្ថយ​ការខាតបង់​របស់​អាមេរិក នៅពេល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​ជួយ​ដល់​កម្មករ​អាមេរិក សេដ្ឋកិច្ច​អាមេរិក​ជាធំ​។​

​រីឯ​ការ​កាត់​ផ្ដាច់ជំនួយ​ដល់​អន្ដរជាតិ លោក​ដូណាល់ ត្រាំ​បានប្រកាស​ផ្ដាច់ជំនួយ​ទៅ​ប៉ា​គី​ស្ថាន ទៅ​ប៉ាឡេ​ស្ទីន និង​ទៅ​ទីភ្នាក់ងារ​មួយចំនួន​របស់​អង្គការសហប្រជាជាតិ ក្រោម​ហេតុផល​ថា​ប្រទេស​ទាំងនេះ​មិនបាន​ផ្ដល់​ផលចំណេញ​ដល់​ខ្លួន មានតែ​បង្ក​ការខាតបង់​។ លោក​ត្រាំ​ក៏បាន​ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ឆ្នាំ​២០១៥ ចុះ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ព្រមទាំង​បាន​រិះគន់​បណ្ដា​ប្រទេសជិតខាង​និង​សម្ព័ន្ធមិត្ដ​ណាតូ​ទៀត​។ អ្វីដែ​លោកត្រាំ​បានធ្វើ អនុលោម​តាម​គោលនយោបាយ​គិត​អាមេរិក​ជាធំ​របស់លោក គឺ​ត្រូវ​សម្លឹងមើល​អាមេរិក​មុនគេ ចាំ​ងាកមើល​ប្រទេស​ផ្សេង​តាម​ក្រោយ​។​

​យ៉ាងណាមិញ ការចង់បាន​ផលចំណេញ​វា​តែងតែ​ដាច់​ចំណង​គ្រាន់តែ​តិច​និង​ច្រើន​។ បន្ទាប់ពី​បាន​អនុវត្ដ​តាម​គោលនយោបាយ​ដែល​បាន​ដាក់ចេញ រួម​នឹង​ការវាយប្រហារ​ដោយ​ពាក្យសម្ដី​ធ្ងន់ៗ​លើ​ប្រទេស​សម្ព័ន្ធមិត្ដ លោក​ដូណាល់ ត្រាំ​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ ធ្វើឲ្យ​រូប​ភាព​ជាប្រទេស​មហាអំណា​ច​របស់​អាមេរិក ត្រូវ​ដុនដាប​បន្ថែមទៀត​ក្នុងចំណោម​ប្រទេស​សម្ព័ន្ធមិត្ដ​និង​ឆាក​អន្ដរជាតិ​។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​Pew(Pew Research Center) បាន​ចុះ​ស្ទង់​មតិ​ក្នុងប្រទេស​ចំនួន​២៥ ដើម្បី​ចង់ដឹង​ពី​សមត្ថភាព​ដឹកនាំ​របស់លោក​ដូណាល់ ត្រាំ​។ ក្នុងប្រទេស​នីមួយៗ​មជ្ឈមណ្ឌល​បាន​សាកសួរ​មនុស្ស​ចំនួន​៩០០​នាក់ ហើយ​គិត​ជា​មធ្យម​ក្នុងប្រទេស​ទាំងអស់ មានតែ​២៧​ភាគរយ​ប៉ុណ្ណោះ​ដែល​ឆ្លើយតប​ថា ពួកគេ​មាន​ទំនុកចិត្ដ​លើលោក​ដូណាល់ ត្រាំ​។

​ប្រទេស​សម្ព័ន្ធមិត្ដ​អាមេរិ​កដូចជា​កាណាដា ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ដ្រាលី និង​ម៉ិក​ស៊ិក បាន​មើលស្រាល​លើ​គោលជំហរ​រដ្ឋាភិបាល​លោក​ត្រាំ​ទៅលើ​ជន​ស៊ីវិល​។ ប្រទេស​ទាំងនេះ​ថា​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​មិនបាន​គោរព​ដល់​សេរីភាព​បុគ្គល​នៃ​ប្រជាជន​ខ្លួន​ឡើយ​។ និយាយ​ពី​គោលនយោបាយ​គិត​អាមេរិក​ដំបូង​គេ​របស់លោក​ត្រាំ ការស្ទង់មតិ​បង្ហាញថា​១៩​ប្រទេស​ក្នុងចំណោម​២៥​ប្រទេស លើកឡើងថា​អាមេរិក​មិនបាន​យកចិត្ដទុកដាក់​ពី​ផលប្រយោជន៍​ទេ នៅ​ពេលធ្វើ​គោលនយោបាយ​អន្ដរជាតិ​៕

ព័ត៌មានផ្សេងទៀត