ផ្ទះ​បណ្តែត​​ទឹក​វៀត​ណាម​​ជាង​២​​ពាន់​​គ្រួសារ​​ត្រូវ​អាជ្ញាធរ​​បម្លាស់​​ទី​ទៅ​ទី​​គោក​​

01-10-2018 4:44 pm 4053
​ផ្ទះ​បណ្តែត​ទឹក​ជនជាតិ​វៀតណាម​ក្នុងខេត្តកំពង់ឆ្នាំ។រូបថតពីកោះសន្តិភាព

​ផ្ទះ​បណ្តែត​ទឹក​ជនជាតិ​វៀតណាម​ជាង ២​ពាន់​គ្រួសារ នៅក្នុង​ក្រុង​កំពង់ឆ្នាំង នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨​នេះ ត្រូវបាន​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ចាប់ផ្តើម​បម្លាស់​ទី​ឱ្យមក​រស់នៅ​លើគោក​វិញ​។ ជាការ​បម្លាស់​ទី​ដើម្បី​ធានាបាន​នូវ​បរិស្ថាន​ល្អ និង សោភ័ណភាព​នៅតាម​ដង​ទន្លេ​នៃ​ភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង​ទាំងមូល បន្ទាប់​មានការ​រិះគន់ថា ផ្ទះ​បណ្តែត​ទឹក​ជនជាតិ​វៀតណាម​ទាំងអស់នោះ បានធ្វើឱ្យ​ខូចខាត​ដល់​ផលប្រយោជន៍​ធនធានធម្មជាតិ​កម្ពុជា​។

​ដូច​ការគ្រោងទុក​នៅ​ថ្ងៃទី​០១ ខែតុលា​នេះ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើម​អនុវត្ត​វិធានការ​របស់ខ្លួន ដោយ​ធ្វើការ​បម្លាស់​ទី​ជនជាតិ​វៀតណាម​ជាង​២០០០​គ្រួសារ ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក ក្នុង​បឹង​ទន្លេសាប​ឱ្យទៅ​រស់នៅ​លើ​ដីគោក​វិញ​ឱ្យអស់​ត្រឹម​ចុង​ឆ្នាំនេះ​។ ប្រតិបត្តិការ​របស់​អាជ្ញាធរខេត្ត​កំពង់ឆ្នាំ​ង បាន​ធ្វើឡើង​ដោយមាន​កិច្ចសហការ​ជាមួយ​សមាគម​វៀតណាម​នៅ​កម្ពុជា​។​

​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ថ្លែងប្រាប់​វិទ្យុ​វាយោ​នៅថ្ងៃនេះ​ថា យុទ្ធនាការ​បម្លាស់​ទី​ជនជាតិ​វៀតណាម អនុវត្ត និង ជូនដំណឹង​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ដែល​ប្រតិបត្តិការ​នេះ ប្រើប្រាស់​ពេល​ជាច្រើន​ថ្ងៃ ពោលគឺ​ធ្វើ​មិច​ឱ្យ​ចប់​នៅ​ចុងឆ្នាំ​២០១៨​នេះ ហើយ​មិន​អនុញ្ញាតឱ្យ​ជនជាតិ​វៀតណាម ណា​ម្នាក់​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​តទៅទៀត​នោះទេ​។​

​ប្រតិបត្តិការ​របស់​អាជ្ញាធរខេត្ត​កំពង់ឆ្នាំ​ង បាន​ចែកចេញជា​៦​ក្រុម ដោយ​ក្រុមទី​១ ធ្វើ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ឱ្យ​ឡើងមក​រស់នៅ​លើគោក​វិញ ឱ្យអស់​នៅ​ចុងឆ្នាំ​២០១៨​នេះ ។ ចំណែក ៥​ក្រុម​ទៀត គឺ​ធ្វើការ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់ ទាំង​វៀតណាម ទាំង​ខ្មែរ និង​ទាំង​ខ្មែរ​ឥស្លាម ហើយ​ក្នុងនោះ​ជាង​២​ពាន់​គ្រួសារ បាន​ផ្តិតមេដៃ​យល់ព្រម​រួចហើយ ហើយ​អាជ្ញាធរខេត្ត ក៏បាន​បញ្ជូន​មេដៃ​ទាំងនោះ ជូន​ប្រមុខ​រាជរដ្ឋាភិបាល​រួចរាល់​ដែរ​។​

​ចំពោះ​កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើនជាងគេ គឺ​នៅ​ផ្សារ​ក្រោម សង្កាត់​កំពង់ឆ្នាំង និង នៅ​តំបន់​ឆ្នុក​ទ្រូ ស្ថិតក្នុង​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូរណ៌ ហើយ​ក្រៅពីនោះ​នៅ​ស្រុក​កំពង់ត្រឡាច និង តំបន់​ផ្សេងៗ​ទៀត​។​

​ទាក់ទង​នឹង​ទីតាំង​ថ្មី​ដែល​ជនជាតិ​វៀតណាម​ទាំងនោះ​ត្រូវ​ទៅ​រស់នៅ​វិញ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​គូសបញ្ជាក់ថា គឺមាន​ចំងាយ​តែ​ប្រមាណ​មួយ​គីឡូម៉ែត្រ​ពី​កន្លែងចាស់​ប៉ុណ្ណោះ ហើយ​ខ្លះទៀត ត្រូវ​កំណត់​ឱ្យទៅ​រស់នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដោយមាន​ទំហំ​ដី​៤០​ហិកតា ដែល​សមាគម​វៀតណាម បាន​សហការ​ជាមួយ​ដៃគូ​ឯកជន​ដោយ​ជួល​ឱ្យ​ពួកគេ​រស់នៅ​។​

​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ធ្លាប់បាន​បណ្ដេញ​ផ្ទះ​បណ្តែត​ទឹក​ជនជាតិ​វៀតណាម នៅ​ចំណុច​កំពង់ទូក​ផ្សារ​ក្រោម ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង ឱ្យមក​រស់នៅ​លើ​គោ​កម្ត​ង​រួចមកហើយ​។ ការបណ្ដេញចេញ​នេះ រដ្ឋ​មិនបាន​ចំណាយ​ថវិកា​ទេ គឺ​ម្ចាស់​ទូក​ជា​អ្នកដោះស្រាយ​ខ្លួនឯង ហើយ​ការ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នេះ អាជ្ញាធរ​ពន្យល់ថា ធ្វើឡើង​ដើម្បី​ធានាបាន​នូវ​បរិស្ថាន និង សោភ័ណភាព​នៅតាម​ដង​ទន្លេ​នៃ​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង​។​

​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមការងារ "១០០​រាត្រី​" ធ្លាប់បាន​បង្ហាញថា ជនអន្តោប្រវេសន៍​វៀតណាម ដែល​រស់​លើផ្ទះ​បណ្ដែត​ទឹក​គឺមាន​ចំនួន ៤៥​ភាគរយ​។ តួលេខ​នេះ​គឺមាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ពលរដ្ឋ​ខ្មែរ​សរុប​ដែលមាន​ប្រមាណ ៥៥​ភាគរយ ដែល​កំពុង​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​ដែរ​។ កាលពី​ខែសីហា ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ចេញផ្សាយ​របាយការណ៍​ជំរឿន​របស់ខ្លួន​បង្ហាញ​ថា ជនអន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា ចំនួន ២៥​សញ្ជាតិ ក្នុងនោះ​ជាង ៩៩​ភាគរយ ដែល​ស្មើ​ប្រមាណ ១៦​ម៉ឺន​នាក់ គឺជា​ជនជាតិ​វៀតណាម​។​

​វត្តមាន​របស់​ជនជាតិ​វៀតណាម នៅលើ​ទឹក​បឹង​ទន្លេសាប ដែលជា​ជង្រុក​ត្រី​របស់​ខ្មែរ​រាប់​ទសវត្សរ៍​មកហើយ​នោះ កន្លងទៅ​ធ្លាប់​ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់ថា បាន​នាំឱ្យ​ខូច​បរិស្ថាន តាមរយៈ​ការបោះ​កាកសំណល់​ចោល​ទៅក្នុង​ទឹក ការ​បង្ហៀរ​ប្រេងម៉ាស៊ីន​កាណូត ហើយ​ជាពិសេស បាន​ជំរុញ​ឱ្យ​ទិន្នផល​នៃ​ប្រភព​ចំណូល​ត្រី​ត្រូវ​ថយចុះ​ក្នុងដំណាក់កាល​ចុងក្រោយ​នេះ​៕

ព័ត៌មានផ្សេងទៀត