លោក​ហ៊ុន​សែន លើកឡើង​អ្វីខ្លះ​ក្នុង​មហាសន្និបាត​អ​.​ស​.​ប លើក​ទី​៧៣ នៅ​សហរដ្ឋអាមេរិក​?

29-09-2018 4:30 pm 1831
  ស្តាប់
លោកហ៊ុន សែន ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ នាសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែកញ្ញា ។ រូបថតពី​ fb លោកនាយករដ្ឋមន្រ្តី ។
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៣ នៅ​សហរដ្ឋអាមេរិក លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដែល​ក្នុងនោះ​មាន​ទាំង​ការ​អួត​សរសើរ​ពី​កម្ពុជា ទាក់ទង​នឹង​ការ​ប្រែក្លាយ​ពី​ប្រទេស​មាន​សង្គ្រាម ទៅ​ជា​ប្រទេស​ជោគជ័យ​លើ​ការស្វែងរក​សន្តិភាព និង​បានប្រែក្លាយ​ទៅជា​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​នីតិរដ្ឋ ។ លោក​ហ៊ុន សែន ក៏​បាន​សម្តែង​ការសោកស្តាយ​ផងដែរ ចំពោះ​ករណី​ប្រទេស​មហាអំណាច​មួយចំនួន បាន​លូកដៃ​ជ្រៀតជ្រែក ផ្ទៃ​ក្នុង​បណ្តា​ប្រទេស​តូចៗ ក្រោម​ផ្លាក​ការពារ​សិទ្ធិ​នយោបាយ ។ ចំណុច​ចុងក្រោយបង្អស់ លោក​ក៏​បាន​បញ្ជាក់ថា កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ភាព​ជា​អ្នក​ដឹកនាំ​ជា​សាកល​របស់​អង្គការសហប្រជាជាតិ និង​ប្តេជ្ញា​អនុវត្ត​នូវ​ការទទួលខុសត្រូវ​រួម​របស់​កម្ពុជា...

​ក្នុង​ឱកាស​ចូលរួម មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៣ នា​ទីក្រុង​ញ៉ូវ​យ៉​ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន​៖

​ចំណុច​ទី​១. ប្រទេស​កម្ពុជា គឺជា​ករណី​ជោគជ័យ​សំខាន់​មួយ របស់​ប្រទេស​ដែល​ធ្លាប់​ត្រូវបាន​ញាំញី​ដោយ​សង្គ្រាម ហើយ​សម្រេចបាន​នូវ​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី គួរ​ជាទី​មោទនៈ ។ បច្ចុប្បន្ន កម្ពុជា​ទទួលបាន​សន្តិ​ភាព​ពេញលេញ និង​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​នៅ​តំបន់​អាស៊ី​អាគ្នេហ៍​, ជា​ប្រទេស​នាំចេញ​ស្បៀងអាហារ​, មាន​ស្នាដៃ​លេចធ្លោ​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការកែលម្អ​សូចនាករ​សង្គម​នានា និង​ជា​ប្រទេស​មួយ ក្នុងចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​នៅក្នុង​ពិភពលោក ដែល​ថ្មីៗ​នេះ បាន​ឆ្លង​ផុត​ដោយ​ជោគជ័យ ពី​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ដោយសារ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្ពស់ ក្នុង​រង្វង់​៧% ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​កន្លងមក ។​

​ចំណុច​ទី​២. កម្ពុជា​បាន​ប្រែក្លាយ​ជា​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​នីតិរដ្ឋ គោរព​យ៉ាង​មុតមាំ​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ជាមួយនឹង​ការរៀបចំ​ការបោះឆ្នោត​ដោយ​ទៀងទាត់ សេរី និង​យុត្តិធម៌ ដើម្បី​ផ្តល់​សិទ្ធិ​ឱ្យ​ប្រជាជន​អាច​ជ្រើសរើស​មេដឹកនាំ​ប្រទេស ។​

​ជាក់ស្តែង ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ទើប​នឹង​កន្លងផុតទៅ​ថ្មីៗ​នេះ អ្នកបោះឆ្នោត​កម្ពុជា​មាន​ជិត​៧​លាន​នាក់ ឬ​ស្មើនឹង​៨៣,០២% នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប បាន​ទៅ​បោះឆ្នោត ដោយ​សេរី គ្មាន​ការបង្ខិតបង្ខំ ការគំរាមកំហែង ឬ​អំពើ​ហិង្សា​ណាមួយ​ឡើយ ។ តាមរយៈ​លទ្ធផល​នៃ​សន្លឹកឆ្នោត​របស់​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត នូវ​បំណងប្រាថ្នា​ចង់បាន​នូវ​សុខ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ជាប់​មិន​ដាច់ ។ 

​ក៏ប៉ុន្តែ មជ្ឈដ្ឋាន​ខាងក្រៅ​មួយចំនួន ដែល​ចិញ្ចឹម​ជាប់​នូវ​មហិច្ឆតា​ប៉ុនប៉ង​ជ្រៀតជ្រែក​ចូលក្នុង​ផ្ទៃក្នុង​របស់​កម្ពុជា នៅ​តែ​ធ្វើ​ជា​មើល​មិន​ឃើញ​នូវ​គុណភាព និង​សុចរិត​ភាព នៃ​ដំណើរ​ការបោះឆ្នោត​របស់​កម្ពុជា តាមរយៈ​ការចេញ​នូវ​សេចក្តីថ្លែងការណ៍​នានា​ប្រឆាំង ឬ​វាយប្រហារ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ដែល​ទង្វើ​នេះ គឺជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ។​

​ចំណុច​ទី​៣. មួយ​ផ្សេង​ទៀត លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ថា សារៈសំខាន់​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ វា​អាស្រ័យ​លើ​យើង​គ្រប់គ្នា នៅក្នុង​ការផ្តល់​ការគោរព​ដ៏​ត្រឹមត្រូវ​ចំពោះ​ធម្មនុញ្ញ ដោយ​ត្រូវ​ចៀសវាង​ការជ្រៀតជ្រែក ការធ្វើ​ឱ្យ​អន្តរាយ ឬ​ការរំខាន​ដល់​កិច្ចការ​អធិបតេយ្យ​របស់​រដ្ឋ​ឯករាជ្យ ។ 

​កម្ពុជា​មាន​ការសោកស្តាយ​ជា​ពន់ពេក ក្នុងការ​រំលេច​នូវ​តថភាព​ដែលថា សិទ្ធិ​មនុស្ស​នា​ពេលបច្ចុប្បន្ន បាន​ក្លាយជា «​បេសកកម្ម​ដើម្បី​បំពាក់​អរិយធម៌​» សម្រាប់​ប្រទេស​មាន​អំណាច​មួយចំនួន ឬ​អាច​និយាយបាន​ថា ជា​និយាម​ប្រតិបត្តិ​ថ្មី​របស់​ពួកគេ ដែល​ជា​លេស​សម្រាប់​រាល់​ការ​លូកដៃ​ជ្រៀតជ្រែក ក្រោម​ផ្លាក​ការពារ​សិទ្ធិ​នយោបាយ ។​

​លោក​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម ជា​ឯកតោភាគី បាន​ក្លាយទៅជា​អាវុធ​ដ៏​ពេញនិយម​នៃ​ប្រទេស​មហាអំណាច នៅក្នុង​ការគ្រប់គ្រង​នយោបាយ​អន្តរជាតិ ដែល​ស្ថិតនៅ​ក្រោម​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​គេ ។ ទាំងនេះ គឺ​គ្មាន​អ្វី​ក្រៅពី​ការប្រើ​អំណាច​ដោយ​កំរោល​របស់​រដ្ឋ​មួយ ដើម្បី​បន្តុប​ឆន្ទៈ​របស់​ខ្លួន ទៅលើ​រដ្ឋ​អធិបតេយ្យ​ដទៃ​នោះ​ទេ ។ ប្រទេស​ធំៗ មិន​គួរ​ដាក់​បន្តុប​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​របស់​ពួកគេ មកលើ​ប្រទេស​នានា​ដែល​តូច​ជាង​ខ្លួន​នោះឡើយ ព្រោះ​ប្រទេស​តូចៗ​ទាំងនេះ ក៏​មាន​អធិបតេយ្យភាព និង​មាន​សេចក្តីប្រាថ្នា​ស្របច្បាប់ ក្នុងការ​រក្សា​នូវ​អត្តសញ្ញាណ​របស់​ខ្លួន ។ ទាំង​ប្រទេស​ធំ និង​ប្រទេស​តូច ត្រូវតែ​រួមគ្នា​គោរព និង​លើកតម្កើង វិធាន​នៃ​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ។​

​ចំណុច​ទី​៤. លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដោយ​បញ្ជាក់ថា សន្តិភាព​ដែល​គ្មាន​ការអភិវឌ្ឍ មិន​អាច​នៅ​ស្ថិតស្ថេរ​បានឡើយ ។ កម្ពុជា​យល់ថា គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ គឺជា​កាលានុវត្តភាព​ដ៏​សំខាន់ សម្រាប់​កិច្ច​ប្រឹងប្រែង​កាត់បន្ថយ​ភាពក្រីក្រ និង​ការសម្រេច​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​មាន​បរិយា​ប័ន្ន ។ 

​រាជរដ្ឋាភិបាល​កម្ពុជា នឹង​អនុម័ត ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ នូវ «​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​» ដែល​ត្រូវបាន​ធ្វើ​ជាតូបនីយកម្ម​ពេញលេញ ហើយ​យើង​នឹង​ប្រើប្រាស់​គោលដៅ​ទាំងនេះ ដើម្បី​តម្រង់ទិស​គោលនយោបាយ និង​ផែនការ​រយៈពេល​មធ្យម និង​រយៈពេល​វែង​របស់​កម្ពុជា ។​

​ចំណុច​ទី​៥. លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា ការទប់ស្កាត់​ជម្លោះ គឺជា​បុរេ​ល័ក្ខខ័ណ្ឌ​សម្រាប់​សន្តិភា​ពចីរ​កាល ។ កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ មាន​តួនាទី​ដ៏​សំខាន់​ពិសេស​នៅ​ជួរមុខ ក្នុង​កិច្ចប្រឹងប្រែង​នេះ ។ ហេតុដូច្នេះ​ហើយ ទើប​កម្ពុជា​ស្វាគមន៍​យ៉ាង​ខ្លាំងក្លា ចំពោះ​ទស្សនវិស័យ​របស់​លោក​អាន់​តូ​នី​ញូ ហ្គូ​តេ​រ៉េស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ស្តី​ពី​ការកសាង និង​រក្សា​សន្តិភាព ជាពិសេស លើ​ការបន្ត​ផ្តោត​យកចិត្តទុកដាក់​ទប់​ស្កាត់​ជម្លោះ ។ 

​កម្ពុជា គឺជា​អ្នកគាំទ្រ​ប្រកប​ដោយ​សង្គតិភាព ។ ជាក់ស្តែង ក្នុង​រយៈពេល​១២​ឆ្នាំ​មកហើយ ដែល​កម្ពុជា​បាន​ចូលរួម​បញ្ជូន​កងកម្លាំង​មួក​ខៀវ​រាប់ពាន់នាក់ ទៅ​បំពេញ​ប្រតិបត្តិការ​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ ។ ប៉ុន្តែ ការរក្សា​សន្តិភាព កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក ដោយ​តួអង្គ​មិនមែន​រដ្ឋ បាន​បង្ក​សង្គ្រាម​ឧទ្ទាម វាយប្រហារ​មក​លើ​កង​កម្លាំង​រក្សា​សន្តិភាព​របស់​យើង បណ្តាល​ឱ្យ​បាត់បង់​ជីវិត និង​ពិការ​ជាច្រើន​នាក់ ។ យ៉ាងនេះក្តី មរណភាព និង​ពលី​កម្ម​របស់​ពួកគេ ពុំ​បាន​កែប្រែ​នូវ​ការប្តេជ្ញា​របស់​កម្ពុជា ក្នុង​ការបន្ត​រួមចំណែក​ដល់​បុព្វហេតុ​ដ៏​ឧត្តុងឧត្តម​នេះ​ឡើយ ។​

​ចំណុច​ទី​៦. លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​លើកឡើង​អំពី​ការគំរាមកំហែង​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ​មួយទៀត ដែល​ជា​ឧបករណ៍​ដ៏​ធំ​ចំពោះ​សន្តិភាព ចីរកាល និង​ភេរវកម្ម ។ ក្រុម​នេះ បាន​បំបែកបំបាក់​សហគមន៍​នានា ធ្វើឱ្យ​ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ និង​ធ្វើឱ្យ​តំបន់​ទាំងមូល​បាត់បង់​ស្ថិរភាព ។ បច្ចុប្បន្ន សមរភូមិ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម មាន​លក្ខណៈ​កាន់តែ​ស្មុគស្មាញ និង​ទំនើប ដោយសារ​ពួក​ភេរវកម្ម​បាន​ងាក​ទៅ​ប្រើប្រាស់​មធ្យោបាយ​បច្ចេកវិទ្យា​ព័ត៌មាន (Cyberspace) ។ សារធាតុ​ឆ្លងដែន​នៃ​ភេរវកម្ម តម្រូវ​ឱ្យ​យើង​កសាង​កិច្ចសហប្រតិបត្តិកា​រ​ពហុភាគី ដែល​មាន​ការសម្របសម្រួល​ល្អ ដែល​រួម​បញ្ចូល​ទាំង «​វិធានការ​ប្រឆាំង​តប​» និង «​វិធានការ​បង្ការ និង​ទប់ស្កាត់​» ។​

​ចំណុច​ទី​៧. លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​ផងដែរ ដែល​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ផ្សេងទៀត សម្រាប់​ជោគជ័យ​នៃ​របៀបវារៈ ឆ្នាំ​២០៣០ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ជាបន្ទាន់ និង​មិន​បែក​ខ្ញែក ពី​សំណាក់​សហគមន៍​សកល ។ លោក​បញ្ជាក់ថា កម្ពុជា​នឹង​ផ្តល់​ការគាំទ្រ​ពេញទំហឹង ដល់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ នៅ​ឆ្នាំក្រោយ ដើម្បី​ជំរុញ​មហិច្ឆតា​ដោះស្រាយ​បញ្ហា​អាកាសធាតុ​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ។​

​និង​ចំណុច​ទី​៨. លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ថា កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ភាព​ជា​អ្នក​ដឹកនាំ​ជា​សាកល​របស់​អង្គការសហប្រជាជាតិ និង​ប្តេជ្ញា​អនុវត្ត​នូវ​ការទទួលខុសត្រូវ​រួម​របស់​កម្ពុជា ក្នុង​កិច្ច​ប្រឹងប្រែង​កសាង​សង្គម​មួយ​នៃ​មនុស្សជាតិ ដែល​ប្រកបដោយ​សន្តិភាព សមធម៌ និង​មាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន ៕


ព័ត៌មានផ្សេងទៀត