តន្រ្តីប្រឺន ឬកន្រ្ទឹម ត្រូវបានដូនតាខ្មែរប្រើប្រាស់ដើម្បីសុំពរពីវត្ថុស័ក្តិសិទ្ធិ

29-09-2018 11:42 am
  ស្តាប់
ក្រុមសិល្បៈសម្តែង តន្រ្តីប្រឺន ក្នុងអំឡុងចុងឆ្នាំ២០១១ ។ រូបថតពី PPP ។
ស្តាប់ជាសំឡេង

ប្រឺន ឬកន្រ្តឹម ជាសិល្បៈចម្រៀងប្រពៃណីដ៏កម្រមួយ និងមានអាយុកាលដ៏យូរលង់ ។ ចម្រៀងប្រឺន ត្រូវបានហៅថា ចម្រៀងកន្រ្ទឹម ដោយពលរដ្ឋខ្មែរ ដែលរស់នៅក្នុងទឹកដីថៃបច្ចុប្បន្ន ។ កាលដើមឡើយ ប្រជាកសិករខ្មែរតែងប្រើប្រាស់ចម្រៀងប្រឺន សម្រាប់ច្រៀងលេងកម្សាន្ត ដើម្បីបន្ធូរការតានតឹង ក្នុងពេលដកស្ទូង ច្រូតកាត់ នៅក្រោមកម្តៅថ្ងៃ ឬក្រោមដំណក់ទឹកភ្លៀង ។ ក្នុងសម័យអង្គរ គេយកតន្រ្តីនេះទៅសម្តែងថ្វាយព្រះមហាក្សត្រ និងសម្តែងដើម្បីសុំពរពីវត្ថុស័ក្តិសិទ្ធិ ។ ឯប្រការសំខាន់ អ្នកស្រុកប្រើប្រាស់សិល្បៈនេះដើម្បីសុំទឹកភ្លៀងសម្រាប់ឆ្នាំថ្មី បង្អុរមកឱ្យបានគ្រប់គ្រាន់ក្នុងការធ្វើស្រែចម្ការ...

អ្នកស្រុករស់នៅម្តុំសំរោងចុងកាល់ឡើងទៅលើ គេហៅថា «ប្រ៉ឺន» ចំណែកឯអ្នកស្រុកដែលរស់នៅចុះមកក្រោមដល់ទីរួមខេត្តសៀមរាបគេហៅថា «ប្រឺន» ។

ក្នុងប្រទេសកម្ពុជា ចម្រៀងប្រ៉ឺនមាននៅសេសសល់តែក្នុងទឹកដីខេត្តសៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យប៉ុណ្ណោះ ។ រីឯនៅខេត្តអ៊ូប៊ុន បុរីរម្យ ស៊ីសាកេត និងសុរិន្ទ្រ ក្នុងទឹកដីថៃវិញ គេហៅថា «ចម្រៀងកន្រ្ទឹម» ។ 

ចម្រៀងប្រ៉ឺន ឬកន្រ្ទឹម ចាប់ផ្តើមកើតមានប្រជាប្រិយភាពទូទាំងប្រទេសកម្ពុជាឡើងវិញ ក្រោយសិល្បករខេត្តសៀមរាប បានគាស់កកាយលើកយកមកសម្តែង បង្ហាញជូនអង្គសន្និបាត ក្នុងឱកាសមហាសន្និបាតតន្រ្តីសម័យទូទាំងប្រទេស លើកទីមួយនាឆ្នាំ១៩៨២ ដោយទទួលបានការគាំទ្រពេញចិត្តពីទស្សនិកជនប្រកបដោយជោគជ័យ ។

ការឆាប់ទទួលស្គាល់បែបនេះ គឺយោលទៅតាមសាច់ភ្លេងមានទឹកដមពីរោះ រួមផ្សំដោយទំនុកកំប្លែងប្លែក សមដោយសំឡេងស្រទន់របស់អ្នកសៀមរាប ហើយមានលាយដោយគ្រាមភាសាខ្លះផង ។ 

ក្រោយមកទៀត ក៏មានការហូរចូលមកក្នុងស្រុកខ្មែរ ពីប្រទេសថៃបច្ចុប្បន្ន នូវកាសែតចម្រៀងប្រ៉ឺនរបស់បងប្អូនខ្មែរសុរិន្ទ្រដែរ ។

«ប្រ៉ឺន ឬប្រឺន» ជាគ្រាមភាសារបស់បងប្អូនខ្មែរលើកួយ មានន័យថា «សប្បាយរីករាយ» មិនខុសពីភាសាខ្មែរកណ្តាលនិយាយថាតាមមើលឃើញ ឬតាមស្តាប់ឮ ដូចជាប៉ផ្លេចប៉ផ្លូច ប៉ផ្លិប៉ផ្លក់… ។ 

ប្រភេទតន្រ្តីប្រឺននេះ កើតមានក្នុងភូមិភាគឧត្តរសម័យមហានគរ ហើយរស់នៅជិតស្និទ្ធនឹងប្រជារាស្រ្តខ្មែរជានិច្ចរហូតដល់បច្ចុប្បន្ន ។ បានសេចក្តីថា បងប្អូនខ្មែរយើងដែលរស់នៅក្នុងទឹកដីថៃសព្វថ្ងៃភាគខាងត្បូង រហូតដល់ក្រុងបាងកក នៅនិយមច្រៀងលេងជានិច្ច ពិសេសក្រោយពីច្រូតកាត់រួច ។ គេយកសាច់បទនេះ មកច្រៀងដោយលើកទំនុកផ្សេងៗសម្រាប់កម្សាន្តសប្បាយ ។

ប្រភេទតន្រ្តីប្រឺននេះ គេច្រើនច្រៀងលើកទំនុករបៀបកំប្លុកកំប្លែង បន្តុះបង្អាប់ ឬបញ្ឆិតបញ្ឆៀង ចាក់ចុចចំពោះដៃគូ ដើម្បីឱ្យរំភើបតបតវិញ ។ គេលេងក្នុងឱកាសកំពុងបំពេញការងារ មានការដកស្ទូងជាដើម ក្រោមកម្តៅថ្ងៃ ឬក្រោមដំណក់ទឹកភ្លៀង ដើម្បីបន្ធូរបរិយាកាសតានតឹង ។ ជួនកាលគេលេងនៅពេលយប់ គឺពេលឈប់សម្រាកពីការងារ ក្រោយពេលដែលបានបំពេញភារកិច្ច ចិញ្ចឹមជីវិតអស់មួយថ្ងៃកន្លងមកហើយ ។ គេច្រៀងលេងចោទឆ្លើយគ្នារបៀបដូចការច្រៀងអាយ៉ៃ ដោយលើកយកធម៌ក្នុងសាសនា ឬសុភាសិត ក្បួនច្បាប់ផ្សេងៗ ការអប់រំក្នុងគ្រួសារ និងចុងបញ្ចប់ ជាពិសេសត្រូវប្រើពាក្យ «តាឡក» ជាគ្រាមភាសារបស់អ្នកសៀមរាប បានន័យថា កំប្លុកកំប្លែងចូលរួមផ្សំ ដើម្បីកំដរបរិយាកាសឱ្យមានភាពរីករាយ ។ ពាក្យ «តាឡក» នេះ ក៏មានន័យនឹងពាក្យសៀមតាឡកដែរ ដែលសៀមបានខ្ចីពីពាក្យខ្មែរបុរាណ ។

ពាក្យតាឡកនេះ អ្នកច្រៀងម្នាក់ៗខិតខំលើកទំនុកប្លែកៗមួយល្បៈ ឬពីរល្បៈម្នាក់ម្តងៗ ប្រដេញជាមួយដៃគូ ជួនគេចែកជាក្រុមដូចប្របកៃ ដើម្បីជួយដោះទាល់គ្នា ។ ជោគជ័យ ឬបរាជ័យ ឋិតត្រង់អ្នកស្តាប់ហ៊ោកញ្រ្ជៀវ ឬស្ងៀមស្ងាត់មិនចាប់អារម្មណ៍ ។ ពេលកំពុងច្រៀងឆ្លងឆ្លើយ ក៏ត្រូវរាំដូចជាអាយ៉ៃដែរ គ្រាន់តែទន់ភ្លន់ និងបង្អូសជាង តាមដង្ហើមសាច់ភ្លេងប្រឺន ។

កាលពីសម័យមុន អំឡុងឆ្នាំ១៩៤០ នៅរដូវច្រូតកាត់ប្រមូលផលហើយ ជាពេលជិតចូលឆ្នាំខ្មែរ គឺក្នុងខែចែត្រ អ្នកស្រុកវ៉ារិន តែងប្រមូលគ្នីគ្នា ចេញដំណើរមកកាន់ប្រាសាទអង្គរធំ និងអង្គរតូច ដើម្បីមកលេងភ្លេងប្រឺន ថ្វាយវត្ថុស័ក្តិសិទ្ធិនៅអង្គរ ។ ប៉ុន្តែ គេតែងធ្វើដំណើរបណ្តើរ ច្រៀងរាំបណ្តើរតាមបណ្តោយផ្លូវដោយឈប់សម្រាកតាមភូមិនៅពេលអស់កម្លាំង ឬពេលយប់ ។ ជួនកាល គេត្រូវឈប់លេងជូនអ្នកភូមិខ្លះកម្សាន្តសប្បាយសិន ប្រសិនបើមានការគួរសមអញ្ជើញឱ្យគេនៅសម្តែង ។

តាមចាស់ៗដំណាលប្រាប់តៗមកថា នៅសម័យអង្គរគេយកប្រភេទតន្រ្តីនេះ មកលេងថ្វាយព្រះមហាក្សត្រនៅកន្លែងប្រាសាទទាំងពីរនេះដែរ ។ អ្នកស្រុកខ្លះបានយកតន្រ្តីនេះទៅលេងថ្វាយវត្ថុស័ក្តិសិទ្ធិ ដើម្បីលាបំណន់ដែលខ្លួនបានបន់ថ្វាយ ក្រោយពេលបានសម្រេចដូចចិត្តប្រាថ្នាហើយ ។

តន្រ្តីនេះ លេងដើម្បីសុំពរពីវត្ថុស័ក្តិសិទ្ធិ ។ ឯប្រការសំខាន់ និងចាំបាច់សម្រាប់អ្នកស្រុកស្នើ គឺសុំទឹកភ្លៀងសម្រាប់ឆ្នាំថ្មីបង្អុរមកឱ្យបានគ្រប់គ្រាន់ល្មមក្នុងការធ្វើស្រែចម្ការ ។ តន្រ្តីប្រឺនលេងថ្វាយវត្ថុស័ក្តិសិទ្ធិកម្សាន្តសប្បាយទុកជាមុន ក្នុងការសុំទឹកភ្លៀង ខុសពីរបាំត្រុដិនាងម៉េវ រាំថ្វាយវត្ថុស័ក្តិសិទ្ធិ ដើម្បីសុំទឹកភ្លៀងនៅពេលរាំងស្ងួត ។

ចំពោះការសម្តែងតន្រ្តីប្រឺនវិញ អ្នកសម្តែងពុំមានឯកភាពនូវសំលៀកបំពាក់សម្រាប់ជាឈុតសម្តែងទេ គឺយោងទៅតាមលទ្ធភាព ប៉ុន្តែ គេច្រើនស្លៀកហូលជីបភ្លីមុខ ដើម្បីងាយស្រួលឈានជើងរាំ ឯអាវ គឺប្រើប្រាស់អាវកមូលហើយមានដៃវែង ឬខ្លី ។ អ្នកដែលមកលេងថ្វាយនៅអង្គរ ខ្លះពាក់មកុដ ដែលរចនាពីក្រដាសពណ៌មាស ហើយពាក់កងដៃកងជើងទៀត ។

ចំណែកឯឧបករណ៍តន្រ្តី ដែលត្រូវបានគេយកមកប្រើប្រាស់កាលពីសម័យដើម គេផ្លុំគែនក្រោយមក ដោយមានការខ្វះខាត គេក៏យកប៉ី ឬទ្រមកជំនួស ។ ឧបករណ៍ដែលសំខាន់ចាំបាច់ គឺឈឹង ក្រាប និងស្គរសម្រាប់គោះវាយបន្ទរឱ្យរន្ថើនសប្បាយ ។ 

ដោយសារជីវិតរស់នៅជិតស្និទ្ធនឹងស្រែចម្ការ គេអាចបន្ថែមឧបករណ៍មួយទៀត គឺចងដំបែនឹងឈើ ឬឫស្សីពីងពង់ មួយដើមប្រវែងប្រហែល ១,៦០ ម៉ែត្រ ពីលើមួយ ពីក្រោមមួយ ដោយខ្សែគោ ។ ចំណែកចន្លោះដំបែគេចងចង្រ្កង់ ។ គេកាន់ឈើនោះរបៀបដូចអង្រែវែងដោយដៃទាំងពីរ ហើយបុកដីតាមចង្វាក់ភ្លេង ឬអ្នកច្រៀង ។

សម្រាប់របៀបរាំវិញគឺ ពុំមានអ្វីប្លែកទេ ចលនាដៃលើកបង្វិលកាច់ឡើងទៅលើ រួចចុះមកក្រោម ដៃឆ្វេង និងដៃស្តាំមានលំនាំដូចគ្នា ធ្វើដំណើរទៅមុខ មានជួនកាលស្ថិតក្នុងចលនាស្របដៃស្របជើងគ្នាទៀត ។ បើគេឈរច្រៀងនៅនឹងមួយកន្លែង គេគោះចុងជើងបន្តើតកែង ឬយកកែងគោះវិញទាល់តែខួងដី ៕ 

ព័ត៌មានផ្សេងទៀត