ម្ដងទៀតហើយ​! ក្រុមហ៊ុន​Facebook​​ប្រកាសថា​​មាន​គណនី​៥០​លាន​​រង​ការ​វាយប្រហារ​

29-09-2018 10:49 am 565
ឡូហ្គោ​ក្រុមហ៊ុនហ្វេសប៊ុក

​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បានប្រកាសកាល​ពីថ្ងៃ​សុក្រ​ថា មាន​ក្រុម​Hacker​បាន​ចូល​លួច​លេខ​កូដ​សម្ងាត់​ឌីជីថល ដែល​អនុញ្ញាតឲ្យ​ពួកគេ​អាច​ទាញយក​គណនី​អ្នក​ប្រើប្រាស់​ប្រមាណ​ជិត​៥០​លាន​គណនី​។ នេះ​គឺជា​ការរំលោភបំពាន​លើ​សុវត្ថិភាព នៃ​ការប្រើប្រាស់​ហ្វេ​ស​ប៊ុកដ៏​អាក្រក់​បំផុត​មួយ​មិន​ធ្លាប់មាន​ពីមុន ហើយ​ក៏បង្ក​ផលវិបាក​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុន ពិបាក​ក្នុង​ការស្ដារ​កេរ្ដិ៍ឈ្មោះ​ឡើងវិញ​។​

​ក្រុមហ៊ុន​ហ្វេ​សប៊ុក​ដែលមាន​អ្នកប្រើប្រាស់​ប្រមាណ​ជាង​២.២​លាន​នាក់​ប្រចាំខែ បាន​និយាយថា​មិនទាន់​កំណត់​បាន​ថា​តើ​ក្រុម​អ្នក​វាយប្រហារ​(Hacker) លួច​យក​គណនី​ទាំងនេះ​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវខុស ឬ​បាន​លួច​យក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ឬ​អត់​ទេ​។ ក្រុមហ៊ុន​ក៏​មិនទាន់បាន​កំណត់​ទីតាំង​របស់​ក្រុម​Hacker​បានដែរ និង​មិនទាន់​ដឹង​ដែរថា​អ្នកប្រើប្រាស់​ណាខ្លះ អាចជា​គោលដៅ​រងគ្រោះ​ដោយសារ​ការវាយប្រហារ​នេះ​។ តាម​ការត្រួតពិនិត្យ​លើកដំបូង​របស់ខ្លួន ក្រុមហ៊ុន​ហ្វេ​សប៊ុក​និយាយថា ការវាយប្រហារ​មាន​លក្ខណៈ​ទូលំទូលាយ​។​

​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​លោក​Mark Zuckerberg បាន​និយាយថា បញ្ហា​នេះ​ពិតជា​ធ្ងន់ធ្ង​រណាស់ គណនី​របស់លោក​រួម​ទាំង​នាយក​ប្រតិ​ប​ត្ដិ​មួយរូប​ទៀត​លោក​Sheryl Sandber ក៏​រង​ផលប៉ះពាល់​ដោយសារ​ការវាយប្រហារ​នេះដែរ​។ ពេលនេះ​ក្រុមហ៊ុន​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា និង​ព្យាយាម​បញ្ចប់​វា​ឲ្យបាន​ឆាប់​បំផុត​។​

​សូម​រម្លឹកថា ក្រុមហ៊ុន​ហ្វេ​សប៊ុក​ធ្លាប់បាន​ប្រកាស​កាលពី​ដើមឆ្នាំ​នេះដែ​រថា មាន​គណនី​ហ្វេ​សប៊ុក​របស់​អ្នកប្រើប្រាស់​ប្រមាណ​៨៧​លាន​នាក់ ត្រូវបាន​ក្រុម​វាយប្រហារ​លួច​ចូល​មើល​ទិន្នន័យ​​​ដោយ​គ្មាន​ការអនុញ្ញាត​។ ការ​បែកធ្លាយ​នេះ​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​លោក​Mark Zuckerberg ក៏​ត្រូវបាន​កោះហៅ​ឲ្យចូល​បំភ្លឺ​ម្ដង​រួចមកហើយ ពី​សុវត្ថិភាព​នៃ​ការរក្សា​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​៕

ព័ត៌មានផ្សេងទៀត