ជាងពីរទសវត្សមកហើយដែលកម្ពុជាជ្រកក្រោមស្លាកប្រជាធិបតេយ្យ។ ជាងពីរទសវត្សមកនេះ គេឃើញជម្លោះរបស់អ្នកនយោបាយ បានកើតឡើងជាច្រើនសារ ហើយជម្លោះនេះបន្តអួសបន្លាយមកដល់បច្ចុប្បន្ន។ ជាក់ស្តែង ដូចជាបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងលោកហ៊ុន សែន លើទឹកដីអារមេរិកជាដើម។ជារឿងដែលគួរឱ្យសោកស្ដាយ ចំពោះឥរិយាបថរបស់អ្នកនយោបាយខ្មែរ នៅតែមិនកែទម្លាប់អាក្រក់ក្នុងការធ្វើនយោបាយរបស់ខ្លួន ហើយបង្កឱ្យនយោបាយកម្ពុជាបន្តរស់ក្នុងភាពអាប់អួ ពន្លឺមិនឃើញ។
ការប្រើកម្លាំងបាយ គំរាមកំហែង និង គាបសង្កត់ លើដៃគូនយោបាយ ការលាបពណ៌ឱ្យខ្មែរគ្នាឯងហើយលើកតម្កើង និង ពឹងលើឥទ្ធិពលរបស់បរទេស គេតែងឃើញមានជាញឹកញាប់ក្នុងឆាកនយោបាយខ្មែរ ជាងពីរទសវត្សមកនេះ។ ការប្រកួតប្រជែងរបស់អ្នកនយោបាយ បែបទម្លាប់ចាស់គំរិលនេះ តែងធ្វើឱ្យនយោបាយនៅកម្ពុជាធ្លាក់ក្នុងវិបត្តិនយោបាយ ហើយបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋខ្មែរទូទៅ។
ភាពភ័យខ្លាចកើតឡើង នៅពេលអ្នកនយោបាយមានជម្លោះ ហើយពួកគេព្យាយាមអួសទាញអ្នកគាំទ្ររៀងៗខ្លួន ដើម្បីដាក់សម្ពាធលើដៃគូម្ខាងទៀតដែលជាខ្មែរដូចគ្នា ក្នុងន័យទទួលបានអំណាច និង ប្រយោជន៍ដែលពួកគេចង់បាន។ ក្រៅពីអ្នកគាំទ្រ អ្នកនយោបាយក៏ព្យាយាមផងដែរ ដើរសុំជំនួយពីបរទេស និង ពឹងលើឥទ្ធិពលរបស់បរទេស ដើម្បីដាក់គំនាបមកលើប្រទេសកម្ពុជាដែលជាជាតិកំណើតរបស់ខ្លួនផ្ទាល់។
ជាក់ស្តែកនៅថ្មីៗនេះ វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទឹកដីសហរដ្ឋអាមេរិក ដែលធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា។ ការតវ៉ាបាតុកម្មពីក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ក៏បានកើតឡើងព្រមគ្នាផងដែរ។ ជាបាតុកម្មដែលមានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិនៅពីក្រោយខ្ទង់។
ជនជាតិខ្មែរដូចគ្នា នាំគ្នាទៅឈ្លោះលើទឹកដីបរទេស គឺជារឿងអាម៉ាសមួយសម្រាប់ជនជាតិខ្មែរទាំងមូល។ ម្យ៉ាងវិញទៀត ជម្លោះនេះត្រូវបានគេមើលឃើញនូវឥរិយាថបមួយចំនួន៣ គឺទី១ ភាពអំនួតរបស់អ្នកនយោបាយខ្មែរ ដែលគិតថា គ្មានអ្នកខ្លាំងស្មើខ្លួន និង ចូលចិត្តបង្អាប់អ្នកដ៏ទៃ។ ទី២ទម្លាប់គំនិតអាត្មានិយម គិតគូតែគ្រូសារ និង បក្សពួក ធំជាងប្រយោជន៍ប្រជាជាតិ។ ទី៣ទម្លាប់លាបពណ៌ឱ្យខ្មែរគ្នាឯង ហើយលើកតម្កើង និង ពឹងលើឥទ្ធិពលរបស់បរទេស។ ទម្លាប់ទាំងអស់ធ្លាប់បានច្រានកម្ពុជាឱ្យធ្លាក់ទៅក្នុងវិបត្តិនយោបាយជាច្រើនដង។
ជាទូទៅទម្លាប់ចាស់គំរិលទាំងនេះ ធ្លាប់កើតមានយូរហើយក្នុងប្រវត្តិសាស្ត្រខ្មែរ។ប៉ុន្តែជារឿងគួរឱ្យសោកស្ដាយ ដែលទម្លាប់ទាំងនេះ នៅតែមិនទាន់ប្រែប្រួលនៅឡើយរហូតមកទល់បច្ចុប្បន្ន។ជាងពីរ ទសវត្សកន្លងផុតមកនេះ មានរឿងរ៉ាវជូរចត់ជាច្រើនដែលកើតឡើងដោយសារតែការសម្រេចចិត្តខុស របស់អ្នកនយោបាយខ្មែរ។ គេកម្រឃើញអ្នកនយោបាយល្អូកល្អិននឹងគ្នា ដើម្បីដោះស្រាយបញ្ហាជាតិណាស់ ហើយពេលខ្លះ ក៏បើផ្អែមផ្ហែមនឹងគ្នា ក៏ក្នុងគោលដៅបណ្តើមអំណាចដែរ។
នៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបញ្ជាក់យ៉ាងច្បាស់ហើយថា ការដណ្តើមអំណាចគ្នារវាងខ្មែរនិងខ្មែរ មិនដែលធ្វើឱ្យជាតិមានក្តីសុខទេ ពោលគឺមានតែឱ្យប្រទេសធ្លាក់នៅក្នុងសង្គ្រាម។ ម្ល៉ោះហើយ បានជាកម្ពុជាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ ដែលជាឱកាសដល់បរទេសកេងចំណេញមកលើកម្ពុជា។
ជារួមទំនាស់របស់អ្នកនយោបាយ មិនត្រឹមតែធ្វើឱ្យប្រទេសធ្លាក់ក្នុងវិបត្តិប៉ុណ្ណោះទេ តែវាថែមទាំងបានបង្ហាញពីគំរូអាក្រក់ដល់ក្មេងជំនាន់ក្រោយ អំពីយុទ្ធសាស្ត្រការដណ្ដើមអំណាចដោយទុច្ចរិត និង ភាពអាត្មានិយមរបស់អ្នកនយោបាយទៀតផង។ដូច្នេះអ្នកនយោបាយខ្មែរ គួរតែកសាងវប្បធម៌ថ្មី ដើម្បីធ្វើការជាមួយគ្នា ជំនួសឱ្យវប្បធម៌គ្រោតគ្រាត និង ពោពេញដោយល្បិចកល។
ក្នុងបរិបទពិភពលោកបច្ចុប្បន្នវប្បធម៌គ្រោតគ្រាត និង ល្បិចកល ជាគំនិតបែបចាស់គំរិល មិនគួរកើតមាននោះទេ។យុគសម័យថ្មីនេះ គឺវប្បធម៌ជជែកគ្នា និង ដេញដោលគ្នា ដើម្បីដោះស្រាយក្នុងការអភិវឌ្ឍជាតិ។ ជាតិអាចរីកចំរើនអាស្រ័យលើអ្នកនយោបាយ ជាអ្នកកាច់ចង្កូតប្រទេស។ ដូច្នេះ អ្នកនយោបាយគួរធ្វើខ្លួនឱ្យសមនឹងតៃកុងដ៏ល្អដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកភាពសម្បូរសប្បាយ ហើយគូរធ្វើជាគំរូសម្រាប់មហាជនទូទៅ តាមរយៈសិល្បៈក្នុងការដឹកនាំរៀងៗខ្លួន ដោយឆន្ទៈមោះមុត។
ប៉ុន្តែប្រសិនបើអ្នកនយោបាយបន្តមានទំនាស់នឹងគ្នាឥតល្ហែ វានឹងបង្កឱ្យជាតិសាសន៍ខ្មែរបន្តបែបបាក់ គ្រប់ស្រទាប់វណ្ណៈ បង្អក់ដល់ដំណើរការអភិវឌ្ឍជាតិ និង មិនអាចដើរទាន់ប្រទេសដទៃនៅក្នុងតំបន់ និង លោកលើពិភពលោកនោះឡើយ៕