វិបត្ដិក្រុមរ៉ូហ៊ីងយ៉ា កំពុងក្លាយជាវិបត្ដិជាប់គាំងធំមួយពិបាករកដំណោះស្រាយ។ ពិបាករកដំណោះស្រាយដោយសារភាគីមីយ៉ាន់ម៉ា ពុំបានសហការពេញដៃពេញជើង។ វិបត្ដិនេះកំពុងទាញការចាប់អារម្មណ៍ពីអន្ដរជាតិ មានអង្គការសហប្រជាជាតិ តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ និងអាមេរិកជាដើម កំពុងព្រួតគ្នាដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា ដែលត្រូវគេចោទថាជាអ្នកប្រើអំពើហិង្សាយ៉ាងសាហាវឃោឃៅលើក្រុមរ៉ូហ៊ីងយ៉ា។ តើអន្ដរជាតិរកឃើញអ្វីខ្លះទាក់ទងនឹងវិបត្ដិក្រុមរ៉ូហ៊ីងយ៉ា ហើយដាក់គំនាបលើយោធាមីយ៉ាន់ម៉ាយ៉ាងណាខ្លះ?
ជាបន្ដសូមស្ដាប់សេចក្ដីរាយការណ៍ពីពេញ ផេង នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖
ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទ បានចេញរបាយការណ៍មួយស្ដីពីអំពើឃោឃៅ ដែលកងទ័ពមីយ៉ាន់ម៉ាបានធ្វើដាក់ក្រុមមូស្លីមរ៉ូហ៊ីងយ៉ា។ តាមរយៈរបាយការណ៍នេះ អាចនឹងធ្វើឲ្យអាមេរិកដាក់ទណ្ឌកម្មបន្ថែមប្រឆាំងអាជ្ញាធរមីយ៉ាន់ម៉ា។ រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មលើកដំបូងលើមេបញ្ជាការយោធាបួនរូបនិងប៉ូលិសពីររូប ព្រមទាំងអង្គភាពយោធាចំនួនពីរទៀត ប៉ុន្ដែប្រមុខកងទ័ពមីយ៉ាន់ម៉ាលោកមីន អ៊ុងលាង មិនបានយកចិត្ដទុកដាក់នឹងទណ្ឌកម្មនេះទេ។
ចំពោះរបាយការណ៍ថ្មីដែលរដ្ឋាភិបាលអាមេរិកស៊ើបអង្កេតរកឃើញថា យោធាមីយ៉ាន់ម៉ាបានរៀបចំផែនការយ៉ាងល្អបំផុត ព្រមទាំងមានការសម្របសម្រួលក្នុងការអនុវត្ដផែនការនេះ ដើម្បីសម្លាប់ រំលោភបំពាន និងប្រព្រឹត្ដអំពើឃោឃៅផ្សេងៗទៀតលើក្រុមម៉ូស្លីមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នដូច្នេះ ជាចេតនាគេចពីការចាប់អារម្មណ៍ឬថ្កោលទោសរបស់អន្ដរជាតិ។ និយាយជារួមគឺយោធាចង់លាក់បាំងមិនឲ្យនរណាម្នាក់ ដឹងពីសកម្មភាពឃោឃៅរបស់ខ្លួន។
របាយការណ៍ចេញផ្សាយដំបូងដោយទីភ្នាក់ងារសារព័ត៌មានអង់គ្លេសរ៉យទ័រ កើតចេញពីការចុះទៅសម្ភាសន៍ក្រុមរ៉ូហ៊ីងយ៉ាដោយផ្ទាល់ នៅក្នុងជំរំស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសបង់ក្លាដែស។ ក្រុមរ៉ូហ៊ីងយ៉ាប្រមាណជិត៧០ម៉ឺននាក់កំពុងស្នាក់នៅទីនោះ បន្ទាប់ពីពួកគេភៀសខ្លួនចេញពីរដ្ឋរ៉ាក់ហ៊ីនកាលពីឆ្នាំមុន ដោយសារតែការបង្ក្រាបរបស់យោធា។ ការស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន កំពុងជួបផលវិបាកដោយសារខ្វះស្បៀងអាហារ។
តាមការចុះទៅសម្ភាសន៍ក្រុមរ៉ូហ៊ីងយ៉ា អំពើហិង្សានៅរដ្ឋរ៉ាក់ហ៊ីនក្នុងភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ពិតជាសាហាវឃោឃៅណាស់។ ក្រុមរ៉ូហ៊ីងយ៉ារៀបរាប់ថា ពួកគេត្រូវរងគ្រោះដោយសារតែការបង្ក្រាបរបស់យោធា មានដូចជាការកាប់សម្លាប់ ការរំលោភបំពាន កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមផែនការដែលយោធាបានរៀបចំ ក្នុងន័យបណ្ដេញពួកគេចេញពីភូមិកំណើត។
អ្នកដែលរួចជីវិតបាននិយាយថា អ្វីដែលបានឃើញនឹងភ្នែកពិតជាគួរឲ្យរន្ធត់ ព្រោះគេឃើញទាហានសម្លាប់ទារកនិងក្មេងតូចៗគ្មានញញើញតដៃ។ ទាហានបាញ់សម្លាប់អ្នកគ្មានអាវុធ កប់មនុស្សទាំងរស់ និងបោះចូលក្នុងរណ្ដៅជ្រៅៗជាដើម។ រីឯករណីរំលោភផ្លូវភេទ កងទ័ពមីយ៉ាន់ម៉ាបានចាប់ស្ដ្រីជនជាតិរ៉ូហ៊ីងយ៉ារំលោភតាមទីសាធារណៈជាញឹកញាប់។ ទង្វើបែបនេះពិតជាមិននឹកស្មានថាមនុស្សអាចធ្វើបាន ដែលគេគិតថាមានតែសត្វតិរច្ឆានប៉ុណ្ណោះអាចធ្វើទៅរួច។ ប្រមាណ៨០ភាគនៃក្រុមរ៉ូហ៊ីងយ៉ាដែលត្រូវបានសម្ភាសន៍ឆ្លើយថា ពួកគេបានឃើញការសម្លាប់មនុស្សញឹកញាប់បំផុត ធ្វើឡើងដោយយោធានិងប៉ូលិស។ ការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាទៅលើក្រុមរ៉ូហ៊ីងយ៉ា ក្រុមអង្គការសិទ្ធិមនុស្សនិងសកម្មជនរបស់ក្រុមរ៉ូហ៊ីងយ៉ាផ្ទាល់ បានសន្មត់ថាយោធាបានសម្លាប់មនុស្សរាប់ពាន់នាក់។
តាមរយៈព័ត៌មានប្រមូលបាននៅក្នុងរបាយការណ៍ អាមេរិកបានចាត់ទុកជាការរៀបចំផែនការទុកមុន ដើម្បីបោសសម្អាតក្រុមរ៉ូហ៊ីងយ៉ាពីសំណាក់យោធាមីយ៉ាន់ម៉ា។ មន្ដ្រីក្រសួងការបរទេសអាមេរិកនិយាយថា គោលបំណងនៃការស៊ើបអង្កេតនេះ មិនមែនដើម្បីកំណត់អំពើប្រល័យពូជសាសន៍ទេ ប៉ុន្ដែដើម្បីចងក្រងជាឯកសារអង្គហេតុស្ដីពីអំពើឃោឃៅ សម្រាប់រដ្ឋាភិបាលអាមេរិកធ្វើជាភស្ដុតាងនាំយកអ្នកប្រព្រឹត្ដឲ្យមកទទួលខុសត្រូវ។
ក្រៅពីរបាយការណ៍អាមេរិក ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ ក៏បានបង្ហាញរបាយការណ៍ចំនួន៤៤៤ទំព័រ ដែលរៀបរាប់លម្អិតពីការចោទប្រកាន់លើយោធាមីយ៉ាន់ម៉ា ទាក់ទងនឹងអំពើហិង្សាប្រឆាំងក្រុមរ៉ូហ៊ីងយ៉ា។ ប្រមុខបេសកកម្មស្វែងរកការពិតអង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ា បានប្រាប់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិថា វាពិតជាពិបាកណាស់ក្នុងការវាស់ពីកម្រិតនៃភាពសាហាវឃោឃៅ ដោយកងទ័ពមីយ៉ាន់ម៉ាមិនបានយកចិត្ដទុកដាក់ ពីអាយុជីវិតក្រុមរ៉ូហ៊ីងយ៉ាឡើយ។
កងទ័ពបានប្រើយុទ្ធសាស្ដ្រដ៏អាក្រក់ ដែលគំរាមកំហែងដល់សន្ដិសុខពិតៗ។ របាយការណ៍បានរិះគន់យ៉ាងខ្លាំងដល់លោកស្រីអ៊ុងសាន ស៊ូជីមេដឹកនាំមីយ៉ាន់ម៉ា ចំពោះការខកខានមិនបានជួយអន្ដរាគមន៍បញ្ឈប់អំពើហិង្សា។ ក្រុមស៊ើបអង្កេតស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ចោទប្រកាន់យោធាមីយ៉ាន់ម៉ាពីបទប្រព្រឹត្ដអំពើប្រល័យពូជសាសន៍ និងបានអំពាវនាវឲ្យបញ្ជូនប្រមុខកងទ័ពមីយ៉ាន់ម៉ា រួមទាំងឧត្ដមសេនីយ៍៥រូបទៀតទៅកាន់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ(ICC) ដើម្បីកាត់ទោសតាមច្បាប់អន្ដរជាតិ។
ចំពោះតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ក៏បានចាប់ផ្ដើមបើកការស៊ើបអង្កេតជាបឋមហើយដែរ ទាក់ទងការចោទប្រកាន់យោធាមីយ៉ាន់មា។ ដំណើរការស៊ើបអង្កេតបឋមនេះ អាចត្រួសត្រាយផ្លូវឲ្យមានការស៊ើបអង្កេតពេញលេញទៅលើយោធាមីយ៉ាន់ម៉ា។ រដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ អ្នកស្រីFatou Bensoudaបាននិយាយថា ការស៊ើបអង្កេតអាចទាក់ទងនឹងការដកសិទ្ធិជាមូលដ្ឋាន ការសម្លាប់ អំពើហិង្សាផ្លូវភេទ ការបង្ខិតបង្ខំ ការបំផ្លិចបំផ្លាញ និងការរឹបអូសនានា។ តុលារការក៏នឹងពិចារណាផងដែរថាតើការធ្វើទុក្ខបុកម្នេញ ឬអំពើអមនុស្សធម៌ផ្សេងទៀត បានដើរតួនាទីយ៉ាងម៉េចខ្លះក្នុងវិបត្ដិក្រុមរ៉ូហ៊ីងយ៉ា។ ទោះបីជាមីយ៉ាន់ម៉ាមិនទាន់បានចុះហត្ថលេខាចូលរួមជាសមាជិករបស់របស់ICC ប៉ុន្ដែចៅក្រមបានសម្រេចថាតុលាការនៅតែមានយុត្ដាធិការ លើបទឧក្រិដ្ឋដែលបានប្រព្រឹត្ដលើក្រុមរ៉ូហ៊ីងយ៉ា ព្រោះបង់ក្លាដែសគឺជាសមាជិកមួយរបស់ICC។
យ៉ាងណាមិញមិនថាយោធាឬរដ្ឋាភិបាលមីយ៉ាន់ម៉ា បានច្រានចោលទាំងអស់រាល់ការចោទប្រកាន់។ មេដឹកនាំយោធាដ៏មានឥទ្ធិពលរបស់មីយ៉ាន់ម៉ា បាននិយាយថាចំពោះអង្គការសហប្រជាជាតិគ្មានសិទ្ធិជ្រៀតជ្រែក ក្នុងអធិបតេយ្យភាពរបស់ប្រទេសខ្លួនឡើយ។ លោកមីន អ៊ុងលាងប្រមុខកងទ័ពមីយ៉ាន់ម៉ា បានសង្កត់ធ្ងន់ថា គ្មាប្រទេស អង្គការ ឬក្រុមណាមួយ មានសិទ្ធិជ្រៀតជ្រែកការសម្រេចចិត្ដរបស់មីយ៉ាន់ម៉ាបានដាច់ខាត។ ការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា ជាមូលហេតុធ្វើឲ្យមានការយល់ច្រឡំធំបំផុត៕