វង់ភ្លេងអាយ៉ៃ កើតឡើងដោយបុរសឈ្មោះយ៉ៃ តាំងពីចុងសតវត្សទី១៩មកម្ល៉េះ

21-09-2018 2:10 pm
  ស្តាប់
លោក ព្រហ្ម ម៉ាញ និងយាយ យ៉យ សិល្បករអាយ៉ៃ ដែលត្រូវបានគេទទួលស្គាល់ច្រើន ក្នុងស្រទាប់ប្រជាជន ។
ស្តាប់ជាសំឡេង

សិល្បៈអាយ៉ៃ បានចាប់កំណើតឡើងដោយសិល្បករសម្តែងឈ្មោះ យ៉ៃ ក្នុងក្រុមសិល្បៈភ្លេងវង់ធំមួយ ក្នុងខេត្តកណ្តាល តាំងពីចុងសតវត្សទី១៩មកម្ល៉េះ ។ គ្រានោះ សិល្បៈប្រភេទនេះ បានចាប់ផ្តើមមានឈ្មោះបោះសំឡេង នៅក្នុងខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់លោក យ៉ៃ ។ បើទោះបីជាលោកស្លាប់ក្នុងឆ្នាំ ១៩៥៨ ក្តី ក៏មរតកសិល្បៈអាយ៉ៃ បានបន្តប្រជាប្រិយភាពរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ...

…ភ្លេង…

បើតាមឯកសារទស្សនីយភាពខ្មែរ បានលើកឡើងថា សិល្បៈអាយ៉ៃ មានដើមកំណើតចេញពីចម្រៀងប្របកៃ ជាប្រភេទចម្រៀងឆ្លងឆ្លើយគ្នាដែលមានប្រុសម្ខាង និងស្រីម្ខាង ឈរតម្រៀបជួរ ទល់មុខគ្នា ទះដៃព្រមគ្នាជាចង្វាក់ ហើយច្រៀងតគ្នាទៅវិញទៅមក ពិសេសនៅពេលលេងល្បែងប្រជាប្រិយចោលឈូងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។

ក្រោយមក ចម្រៀងប្របកៃ ត្រូវសម្រួលដោយគំនិតច្នៃប្រឌិតរបស់បុព្វបុរសសិល្បករខ្មែរ ដែលបានបំភ្លៃឱ្យក្លាយទៅជាចម្រៀងឆ្លងឆ្លើយរវាងស្រី និងប្រុស ។ ទម្រង់ថ្មីនេះ ត្រូវបានដាក់ឈ្មោះថា ភ្លេងវង់ធំ ។

ចម្រៀងប្របកៃ ឬភ្លេងវង់ធំ មានដើមកំណើតតាំងពីយូរលង់ណាស់មកហើយនៅកម្ពុជា ។ ប៉ុន្តែ រហូតមកដល់ចុងសតវត្សទី១៩ ឬដើមសតវត្សទី២០ បុរសម្នាក់ឈ្មោះ «យ៉ៃ» កើតក្នុងឆ្នាំ១៨៧៨ ជាសិល្បករសម្តែងក្នុងក្រុមសិល្បៈភ្លេងវង់ធំមួយ នៅភូមិពងទឹក ឃុំពង្រ ស្រុកកន្ទួត ខេត្តកណ្តាល បានធ្វើឱ្យមានព្រឹត្តិការណ៍ថ្មីសម្រាប់ទម្រង់សិល្បៈអាយ៉ៃកើតឡើង ។ 

កាលគ្រានោះ បន្ទាប់ពីភ្លេងអាយ៉ៃចាប់ផ្តើមកកើតឡើងហើយ សិល្បៈប្រភេទនេះ ក៏ចាប់ផ្តើមមានឈ្មោះបោះសំឡេង នៅភូមិឈើនាងខ្ពស់ ឃុំព្រះពុទ្ធចូលនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់បុរសឈ្មោះ «យ៉ៃ» នេះតែម្តង ។ 

លោក «យ៉ៃ» ជាមនុស្សម្នាក់មានទេពកោសល្យខាងសិល្បៈចម្រៀង ពិសេសចេះច្រៀងលើកជាពាក្យកាព្យបានភ្លាមៗ តាមបែបកំប្លុកបំប្លែង ។ ដោយសារភាពប៉ិនប្រសប់របស់លោក បានទាក់ទាញអ្នកស្រុកឱ្យសើចសប្បាយ លោកក៏ចាប់ផ្តើមមានប្រជាប្រិយភាពក្នុងស្រទាប់ប្រជាជន ។

នៅពេលមានពិធីបុណ្យទានម្តងៗ គេតែងអញ្ជើញលោកយ៉ៃទៅច្រៀងកំដរជូនអ្នកស្រុក ដើម្បីបានសើចសប្បាយ ក៏ដូចជា ជួយជំរុញអ្នកស្រុកឱ្យមកចូលរួមបានកុះករ បង្កើតនូវភាពអឹកធឹក ។ ក្នុងពេលទៅមើលការសម្តែងរបស់លោកម្តងៗ អ្នកស្រុកចាស់ៗ ប្រមូលប្រកូកប្រកាសហៅគ្នាថា ទៅមើល «អាយ៉ៃ» ព្រោះពេលនោះ លោកនៅមានវ័យក្មេងនៅឡើយ ។ ក៏ប៉ុន្តែ ពាក្យទម្លាប់ ត្រូវបានក្លាយ និងប្រើប្រាស់រៀងរហូត ទោះបីលោកមានវ័យចំណាស់ក៏ដោយ ។ មិនតែប៉ុណ្ណោះទេ សូម្បីអ្នកសម្តែងថ្មី ដែលយករបៀបរបបសិល្ប៍វិធីតាមលោក ក៏គេតែងតែនិយាយថា «ទៅមើលអាយ៉ៃ» ដែរ ។ យ៉ាងណាក៏ដោយ លោក «យ៉ៃ» បានស្លាប់នៅក្នុងឆ្នាំ១៩៥៨ ។

ក្រោយមក សិល្បៈ «អាយ៉ៃ» ក៏ចាប់ផ្តើមមានកុលបុត្រកុលធីតាខ្មែរបន្តមរតកតន្រ្តីប្រភេទនេះតមករហូតដល់បច្ចុប្បន្ន ។

តាំងពីសម័យដើមមក ចម្រៀងអាយ៉ៃ ពុំត្រូវបានគេយកមកច្រៀងក្នុងពិធីកាត់សក់ ហែរកូនកម្លោះ នៃមង្គលការរបស់ខ្មែរទេ ប៉ុន្តែ ឥឡូវ មានការកែប្រែខ្លះ ដោយមានបទមួយចំនួន ត្រូវបានគេយកមកច្រៀងដូចជាបទបំពេរ ជាដើម ។ 

សម្រាប់ឧបករណ៍ដែលប្រើប្រាស់ក្នុងការប្រគំសិល្បៈអាយ៉ៃ កាលពីសម័យដើម ចាស់ៗបានយកឧបករណ៍តន្រ្តីប្រភេទ មហោរី ដូចជាចាប៉ីដងវែង ប៉ីអ ខ្លុយ ស្គរដៃ និងក្រាប់ តែរហូតមកដល់ក្នុងអំឡុងសតវត្សទី៥០ និងទី៦០ ជំនាន់តា សង្ហាផន និងតាម៉ុក ឧបករណ៍តន្រ្តីនៃសិល្បៈអាយ៉ៃនេះ ត្រូវបានគេយកប្រភេទឧបករណ៍ប្រពៃណីមកប្រគំជំនួសវិញ ដូចជា ទ្រអ៊ូ ទ្រសោ (ទ្រដួងតូច) ឃឹមឬតៈខេ (ក្រពើ) ខ្លុយ ឈិង និងស្គរដៃ ។

…ភ្លេង…

អាយ៉ៃ ជាទម្រង់សិល្បៈចម្រៀងឆ្លងឆ្លើយ ឬប្រភេទសិល្បៈដេញប្រាជ្ញាគ្នាដោយច្រៀងចោទ និងឆ្លើយដោះស្រាយសំណួរ ឬប្រស្នានានាដោយសំនួនវោហារ ជាកំណាព្យកាព្យឃ្លោងឥតព្រាងទុក ភាគច្រើន ច្រើនមានលក្ខណៈបញ្ឆិតបញ្ឆៀង បង្កើតឱ្យមានន័យពីរផ្ទុយគ្នា ឬកំប្លុកកំប្លែងថែមទៀតផង ។ គេលើកបញ្ហាដេញដោលគ្នាម្នាក់ម្តងៗ រវាងស្រីនិងប្រុស ជួនកាល ប្រុសនិងប្រុស ជាដៃគូផងក៏មាន ។

អាយ៉ៃច្រៀងបោកបាចកញ្រ្ជោកដែលអមដោយចង្វាក់ស្គរ ។ ឯអ្នកចម្រៀង ក៏ត្រូវមានកាយវិការក្រមាច់ក្រមើម សមស្របតាមសាច់ភ្លេងដែរ ។ ពាក្យសម្តីផ្តោះផ្តងលែបខាយ ជួនកាលអាចចូលក្នុងពាក្យស៊ីជម្រៅខាងផ្លូវភេទ ដែលជាហេតុធ្វើឱ្យនារីមានការអៀនខ្មាស់ខ្លះៗដែរ ។

សិល្បៈអាយ៉ៃ ចែកចេញជាពីរប្រភេទ គឺអាយ៉ៃឆ្លងឆ្លើយ និងអាយ៉ៃរឿង ។

អាយ៉ៃឆ្លងឆ្លើយ គឺជាការច្រៀងឆ្លងឆ្លើយកំណាព្យកាព្យឃ្លោងដោយឥតព្រាងទុក ។ ជួនកាល គេមានច្រៀងជាពីរគូ ឬបីគូដែរ ដូចអ្វីដែលលោក-អ្នក បានស្តាប់នូវទម្រង់ចម្រៀងអាយ៉ៃពីខាងដើមនោះឯង ។

ចំណែកឯប្រភេទមួយទៀត គឺជាប្រភេទអាយ៉ៃរឿង វាជាទម្រង់អាយ៉ៃដដែល ប៉ុន្តែសម្តែងជារឿងផ្សេងៗ ភាគច្រើនជារឿងកំប្លុកកំប្លែង ។ អាយ៉ៃរឿង វាក៏ត្រូវបានគេហៅថា ជាប្រភេទល្ខោនធ្វើពើ ដែរ ។ ខាងក្រោមនេះ ជាទម្រង់អាយ៉ៃរឿង ដែលសម្តែងក្នុងរឿងធនញ្ជ័យ…

…ភ្លេង…

ចំពោះការសិក្សារៀនសូត្រសិល្បៈអាយ៉ៃ តាំងពីដើមរៀងមក គឺប្រើការនិយមតាមវិធីបុរាណ ដំបូងសិស្សរៀនពីគ្រូផ្ទាល់ ដោយទន្ទេញចាំមាត់ រួចក្រោយមកទើបបំបែក ឬច្នៃប្រឌិតទៅតាមនិស្ស័យរបស់ខ្លួនដែលមានបន្ថែមទៀត ៕

ព័ត៌មានផ្សេងទៀត