កំណែ​ទម្រង់​​ខ្នាត​ធំ​​នៃ​​វិស័យ​​អប់រំ​​អាច​ចាក់​​ចំ​ចំណុច​​រសើប​​?​

20-09-2018 4:02 pm
  ស្តាប់
លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ជាច្រើន​នាក់​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ធ្វើការតវ៉ាកាលពី​ថ្ងៃទី​១៩ កញ្ញា ឆ្នាំ២០១៨។
ស្តាប់ជាសំឡេង

​សាលារៀន​ជំនាន់​ថ្មី គឺជា​គម្រោង​សំខាន់​មួយ​របស់​ក្រសួង​អប់រំ​ក្នុង​បេសកកម្ម​កំណែទម្រង់​ខ្នាត​ធំ​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា​។ សាលារៀន​នេះ មាន​គោលដៅ​បង្កើត​នូវ​គំរូ​អភិវឌ្ឍន៍ វិស័យ​អប់រំ​ដែល​នាំទៅរក​អភិបាលកិច្ច​ល្អ ស្តង់ដា​វិជ្ជាជីវៈ និង គុណភាព​ខ្ពស់ នៅតាម​សាលារៀន​របស់​រដ្ឋ​។ ប៉ុន្តែ​ថ្មីៗ​នេះ មាន​លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ជាច្រើន​នាក់​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាននាំគ្នា​ធ្វើ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​អប់រំ ដក​សាលា​ជំនាន់​ថ្មី​ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដោយ​អះអាងថា បាន​ធ្វើឱ្យមាន​ការរើសអើង​។ តើ​អ្វី​ទៅជា​សាលារៀន​ជំនាន់​ថ្មី​? ហេតុអ្វី​មាន​ការតវ៉ា​ប្រឆាំងនឹង​សាលា​នេះ​? សូម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​

​លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ជាច្រើន​នាក់​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ កាលពី​ថ្ងៃទី​១៩ កញ្ញា បាននាំគ្នា​ធ្វើ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​អប់រំ ដក​សាលា​រៀនជំនាន់​ថ្មី​ ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ ពួកគេ​បាននាំគ្នា​ចេញមក​លើក​បដា​តវ៉ា ​នៅមុខ​សាលា​ជា​បន្តបន្ទាប់ ដោយ​មិន​ចង់ឱ្យមាន​កម្មវិធី «​សាលារៀន​ជំនាន់​ថ្មី​» នៅក្នុង​សាលា​ព្រះស៊ីសុវត្ថិ​ទេ​។ បើតាម​ក្រុមអ្នកតវ៉ា បាន​គូសបញ្ជាក់ថា គម្រោង​សាលា​ថ្មី​នេះ បាន​នាំឱ្យមាន​ការបែងចែករ​វាង​គ្រូ និង គ្រូ សិស្ស និង សិស្ស​។​

​ក្រសួង​អប់រំ បាន​ពន្យល់​វិញ​ថា សាលារៀន​ជំនាន់​ថ្មី គឺជា​កម្មវិធីសិក្សា​ថ្មី​មួយ​ដែល​ក្រសួង​អប់រំ​ដាក់ឱ្យ​អនុវត្តន៍​ក្នុងដំណាក់កាល​សាកល្បង នៅ​ឆ្នាំ​២០១៥​។ ការអនុវត្តន៍​នេះ គឺ​ធ្វើ​ទាំង​ថ្នាក់​បឋម និង ថ្នាក់​មធ្យមសិក្សា ក្នុង​បំណង​ធ្វើឱ្យ​ការអប់រំ​នៅ​កម្ពុជា កាន់តែ​ល្អប្រសើរ ដូច​ទៅនឹង​ប្រទេស​មួយចំនួន នៅក្នុង​តំបន់ និង លើ​ពិភពលោក​។​

​យោងតាម​គោលនយោបាយ ស្តីពី សាលារៀន​ជំនាន់​ថ្មី​របស់​ក្រសួង​អប់រំ បាន​ពន្យល់ថា កម្មវិធីសិក្សា​សាលារៀន​ជំនាន់​ថ្មី ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការបញ្ចូល​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៅក្នុង​ការអប់រំ ទាំង​អ្នករៀន និង អ្នក​បង្រៀន ព្រមទាំង​បំពាក់​ឧបករណ៍​សិក្សា​សម្បូរបែប​។ ហើយ​សិស្ស​ដែល​ចង់​រៀន​ក្នុង​សាលា​ថ្មី​ត្រូវ​បង់​ថវិកា​ចូល​រួមវិភាគទាន សម្រាប់​ទ្រទ្រង់​ដល់​ការអនុវត្ត​កម្មវិធីសិក្សា​ថ្មី​។ ប៉ុន្តែ​ការបង់ ឈរលើ​គោល​ការស្ម័គ្រចិត្ត ពោល​បើ​អាណាព្យាបាល​មានលទ្ធភាព​ក៏​បង់ ហើយ​បើ​អាណាព្យាបាល​សិស្ស​មាន​ជីវភាព​ខ្សត់ខ្សោយ ក៏​មិន​តម្រូវឱ្យ​បង់​នោះទេ​។​

​ម្យ៉ាវិញទៀត វិធី​សិក្សា​សាលារៀន​ជំនាន់​ថ្មី គឺ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការលុបបំបាត់​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​អប់រំ​កម្ពុជា ការរៀន​ក្រៅ​ម៉ោង ឬ​ហៅថា រៀន​គួរ និង ការលក់​ឯកសារ​ផ្សេងៗ ដែលនាំឱ្យ​សិស្ស​ចំណាយ​ក្រៅផ្លូវកា​រលើ​ការសិក្សា​ជាដើម​។​

​ជាទូទៅ​ការរៀន​គួរ​ក្រៅ​ម៉ោង និង ការលក់​ឯកសារ​ក្នុង​សាលា សព្វថ្ងៃ​អាច​និយាយបានថា កំពុងតែ​ពេល​និយម​ខ្លាំង​ក្នុង​វិស័យ​អប់រំ​កម្ពុជា​។ ចំពោះ​សិស្ស​ដែល​គ្មាន​លុយ​ទិញ​ឯកសារ ឬ​មិនបាន​រៀន​គួរ នៅ​ខាងក្រៅ អាច​នឹង​រៀន​មិនបាន​ស៊ីជម្រៅ​លើ​មុខវិជ្ជា​របស់ខ្លួន ឬក៏​មាន​សម្ពាធ​ពី​លោកគ្រូ អ្នកគ្រូ មួយចំនួន​ក៏មាន​។​

​បញ្ហា​នេះ​កន្លងទៅ​អ្នកជំនាញ​មើលឃើញថា ដោយសា​តែ​ប្រាក់​បៀរ​វត្ស​គ្រូបង្រៀន​នៅ​តិចតួច មិនអាច​ឱ្យ​ពួកគេ​ផ្គត់ផ្គង់​ជីវភាព​បាន​សមរម្យ ខណៈ​តម្រូវការ​សង្គម​កាន់តែ​មាន​ខ្ពស់​។ ជីវភាព​ខ្សត់ខ្សោយ បានធ្វើឱ្យ​គ្រូ​ខ្លះ​បាត់បង់​តម្លៃ​នៅ​ចំពោះមុខ​សិស្ស និង​ជំរុញ​ឱ្យ​វិស័យ​អប់រំ​កម្ពុជា​បាន​ធ្លាក់ចុះ​ខ្លាំង នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។

​ពិតណាស់ ចំពោះ​កម្ពុជា​បើ​និយាយ​ពី​វិស័យ​អប់រំ​ជាតិ មាន​ចំណុច​គួរឱ្យ​មោទនៈ​ប្រសិនបើ​គេ​ក្រឡេកមើល​ទៅ​អតីតកាល​ក្រោយ​របប​ខ្មែរក្រហម​។ ប៉ុន្តែ ប្រសិនបើ​គេ​ក្រឡេកមើល​ទៅមុខ​វិញ វិស័យ​អប់រំ​កម្ពុជា​នៅ​ឆ្ងាយ​ដាច់​ពី​គេឯង​យ៉ាងខ្លាំង​នៅឡើយ​។ ដូច្នេះ ការបង្កើន​គុណភាព​ធនធានមនុស្ស​គឺ​ជា​បេសកកម្ម​ចាំបាច់ សម្រាប់​ប្រទេស​កម្ពុជា​ដែល​មិនអាច​ខ្វះ​បាន​។ បេសកកម្ម​នេះ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​ម្លោះ​ហើយ​បានជា​ក្រសួង​អប់រំ នៅ​បន្ត​បេសកកម្ម​ធ្វើកំណែទម្រង់​ខ្នាត​ធំ​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា មានដូចជា  ការ​រឹត​បន្តឹត​ការប្រឡង​របស់​សិស្ស ការជ្រើសរើស​គ្រូបង្រៀន ការលុបបំបាត់​អំពើពុករលួយ​ក្នុង​វិស័យ​អប់រំ រឹតបន្តឹង​វិន័យ​គ្រូ និង សិស្ស ការដំឡើង​ប្រាក់ខែ​គ្រូ​។ ការ​កំណែទម្រង់​នេះ​ធ្លាប់​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ភាគី​ពាក់ព័ន្ធ ហើយ​ដើម្បី​ដើរ​ឱ្យទាន់​ការវិវត្ត​របស់​ពិភពលោក​។

​រីឯ​ការតវ៉ា​របស់លោក​គ្រូ អ្នកគ្រូ និង សិស្សានុសិស្ស​មួយចំនួន ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​អប់រំ ដក​សាលា​ជំនាន់​ថ្មី​ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទំនាក់​ជា​ពួកគាត់​យល់ច្រឡំ ឬ​ដឹង​មិន​ស៊ីជម្រៅ​នៃ​គោលនយោបាយ ស្តីពី​សាលារៀន​ជំនាន់​ថ្មី ឬក៏​ការតវ៉ា​ទាំងនេះ ធ្វើឡើង​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ក៏​ថា​បាន ព្រោះថា កម្មវិធីសិក្សា​ថ្មី​នេះ មិនអាច​បើកផ្លូវ​ឱ្យ​គ្រូៗ បង្រៀន​ក្រៅ​ម៉ោង ឬ​លក់​ឯកសារ​នានា ឱ្យ​សិស្ស​ដូច​មុន​តទៅ​ទៀតឡើយ​។​

​តែ​យ៉ាងណា ការតវ៉ា​នេះ​ក៏​ជាការ​ពញ្ញាក់​អារម្មណ៍​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​តាមដាន​យកចិត្ត​ទុក​បន្ថែម លើ​គោលនយោបាយ ស្តីពី សាលារៀន​ជំនាន់​ថ្មី​នេះ​។ ត្បិត​អី​ក្នុង​គោលនយោបាយ​សរសេរ​ល្អ តែ​សំខាន់​ការអនុវត្តន៍​ដែល​ទាមទា​ឱ្យមាន គណនេយ្យភាព​ខ្ពស់ សម្រាប់​អប់រំ​ដល់​កូន​ខ្មែរ​ទូទៅ មិន​ថា កូនអ្នកមាន ឬ កូនអ្នក​ក្រក្តី​៕

ព័ត៌មានផ្សេងទៀត