ចំនួនមនុស្សស្លាប់ដែលកំពុងកើនឡើង និងត្រូវបានអន្ដរជាតិចាត់ទុកជាប្រធានបទក្ដៅ បានក្លាយជារឿងធម្មតាទៅហើយក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ជារឿងធម្មតាដោយសារតែអំពើហិង្សានៅអាហ្វហ្គានីស្ថាន បានកើតឡើងស្ទើររៀងរាល់ថ្ងៃ ដោយក្រុមតាលីបង់និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត កំពុងបញ្ចេញសាច់ដុំដាក់កងទ័ពរដ្ឋាភិបាលនិងកងទ័ពអាមេរិកកំពុងឈរជើងនៅទីនោះ។ បើគិតពីសង្គ្រាមនៅអាហ្វហ្គានីស្ថាន បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០០១មកម្ល៉េះ។ ឆ្នាំ២០០១ក៏ជាឆ្នាំអាមេរិកចាប់ផ្ដើមបញ្ជូនទ័ពទៅអាហ្វហ្គានីស្ថាន ដើម្បីបើកបេសកកម្មកម្ចាត់ក្រុមអាល់កៃដា សងសឹកដែលក្រុមនេះបើកយន្ដហោះបុកកម្ទេចអគារពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១។ អាហ្វហ្គានីស្ថានក៏ក្លាយជាទីលានសង្គ្រាមមួយ សម្រាប់អាមេរិកកម្ចាត់ក្រុមតាលីបង់អាល់កៃដា។
ចង់ដឹងពីដើមចមធ្វើឲ្យសង្គ្រាមរីករាលដាលកាន់តែខ្លាំង ជាបន្ដសូមស្ដាប់សេចក្ដីរាយការណ៍ពីពេញ ផេង នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖
តើអំពើហិង្សានៅអាហ្វហ្គានីស្ថានកាន់តែអាក្រក់ជាងមុន?
ចាប់តាំងពីអាមេរិកដឹកនាំការវាយប្រហារនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០០១ ប្រទេសមួយនេះមិនដែលមានសុវត្ថិភាពឡើយរហូតដល់បច្ចុប្បន្ន។ ក្រុមតាលីបង់បានគ្រប់គ្រងដែនដីកាន់តែច្រើនជាងមុន គឺច្រើនជាងកាលពី១៧ឆ្នាំមុនទៅទៀត។ សង្គ្រាមអាហ្វហ្គានីស្ថានបានក្លាយជាសង្គ្រាមដ៏យូរជាងគេក្នុងប្រវត្ដិសាស្ដ្រអាមេរិក។ សង្គ្រាមមិនត្រឹមតែរីករាលដាលកាន់តែខ្លាំង ប៉ុន្ដែក៏កាន់តែមានភាពស្មុគស្មាញដែរ។ ការវាយប្រហារបានផ្ទុះឡើងកាន់តែខ្លាំង កាន់តែញឹកញាប់ និងមានមនុស្សស្លាប់ របួសកាន់តែច្រើន។ ទាំងក្រុមតាលីបង់ ទាំងកងទ័ពអាមេរិក កងទ័ពណាតូដែលគាំទ្ររដ្ឋាភិបាលអាហ្វហ្គានីស្ថាន កងទ័ពអាហ្វហ្គានីស្ថាន និងប្រជាជនស្លូតត្រង់បានស្លាប់ជាបន្ដបន្ទាប់។
សង្គ្រាមរយៈពេល១៧ឆ្នាំនេះ បានសម្លាប់មនុស្សសរុប៧២,០០០នាក់ ក្នុងនោះមានជនស៊ីវិលជាង៣ម៉ឺននាក់ រួមទាំងអ្នករបួសរាប់ម៉ឺននាក់ទៀត។ គ្រាន់តែមួយឆ្នាំគឺក្នុងឆ្នាំ២០១៧ ជនស៊ីវិលស្លាប់និងរបួសជាង១ម៉ឺននាក់ នេះបើតាមការបញ្ជាក់ពីអង្គការសហប្រជាជាតិ។ រីឯនៅក្នុងឆ្នាំ២០១៨នេះវិញ ចំនួនមនុស្សស្លាប់និងរបួសអាចនឹងកើនឡើងកាន់តែច្រើន។
តើយុទ្ធសាស្ដ្រលោកដូណាល់ ត្រាំ បានធ្វើឲ្យមានការផ្លាស់ប្ដូរនៅអាហ្វហ្គានីស្ថានឬទេ?
ចាប់តាំងពីចូលកាន់តំណែងនៅដើមឆ្នាំ២០១៧ លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក បានបង្ហាញនូវយុទ្ធសាស្ដ្រថ្មីសម្រាប់ដោះស្រាយវិបត្ដិនៅអាហ្វហ្គានីស្ថាន។ យុទ្ធសាស្ដ្រទាំងនោះមានដូចជា៖
១ បង្កើនសម្ពាធផ្នែកយោធា ជាពិសេសគឺបង្កើនការវាយប្រហារតាមជើងអាកាស និងបង្កើនសកម្មភាពកងទ័ពពិសេស។ អាមេរិកបានបញ្ជូនទ័ពបន្ថែមរាប់ពាន់នាក់ទៅអាហ្វហ្គានីស្ថាន ធ្វើឲ្យចំនួនកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានកើនដល់១៤,០០០នាក់។
២ ផ្ដោតជាសំខាន់លើប្រភពហិរញ្ញវត្ថុរបស់ក្រុមតាលីបង់ ដោយបើកការវាយប្រហារលើរោងចក្រផលិតអាភៀនរបស់ក្រុមតាលីបង់ជាដើម។ តាមរយៈការលក់អាភៀន ក្រុមតាលីបង់អាចទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីបរទេស។
៣ ប្រកាសសាកសួរជាសាធារណៈ ស្វែងរកអ្នកដែលគាំទ្រសង្គ្រាមរបស់ក្រុមតាលីបង់ នៅក្នុងនោះមានការសាកសួរក្នុងចំណោមមេដឹកនាំសាសនាផងដែរ។
៤ ដាក់សម្ពាធលើប៉ាគីស្ថានដើម្បីឲ្យប៉ាគីស្ថានចាប់ខ្លួន ឬបណ្ដេញមេដឹកនាំក្រុមតាលីបង់ចេញពីទឹកដីប៉ាគីស្ថាន ព្រោះប៉ាគីស្ថានជាប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថាន។
ប៉ុន្ដែយុទ្ធសាស្ដ្រទាំងអស់នេះត្រូវបរាជ័យ ដោយការបង្កើនសកម្មភាពយោធាវាយប្រហារលើក្រុមតាលីបង់ ធ្វើឲ្យក្រុមនេះបើកការវាយប្រហារភេរវកម្មប្រឆាំងវិញកាន់តែខ្លាំង។ ការវាយប្រហារតាមជើងអាកាសក៏បណ្ដាលឲ្យជនស៊ីវិលស្លាប់ជាច្រើននាក់ និងរងការរិះគន់ពីអន្ដរជាតិ។ ចំពោះការវាយប្រហារលើប្រភពហិរញ្ញវត្ថុ ដែលជារោងចក្រផលិតអាភៀននោះ មិនបានធ្វើឲ្យក្រុមតាលីបង់ជួបវិបត្ដិហិរញ្ញវត្ថុឡើយ។ ចំណែកមេដឹកនាំសាសនាមានទំនាក់ទំនងជាមួយក្រុមតាលីបង់ បានបើកកិច្ចប្រជុំជាមួយគ្នាជាច្រើនលើក មានជួបគ្នានៅឥណ្ឌូនេស៊ីនិងនៅអារ៉ាប៊ីសាអូឌីត ខណៈដែលក្រុមតាលីបង់ត្រូវបានកោះហៅឲ្យចូលចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានចាត់វិធានការតឹងរ៉ឹងជាមួយប៉ាគីស្ថាន និងបានព្យួរជំនួយផ្នែកសន្ដិសុខផងដែរ។ ប៉ាគីស្ថានដែលបានបដិសេធមិនពាក់ព័ន្ធជាមួយក្រុមតាលីបង់និយាយថា ខ្លួនត្រៀមជាស្រេចចាប់ផ្ដើមដំណើរការសន្ដិភាព។ ប៉ុន្ដែមានសញ្ញាតិចតួចណាស់ដែលអាចផ្សារភ្ជាប់ជាមួយយុទ្ធសាស្ដ្រនៅអាហ្វហ្គានីស្ថាន។
អ្វីដែលរុញច្រានឲ្យសង្គ្រាមអាហ្វហ្គានីស្ថានរីករាលដាលកាន់តែខ្លាំង?
មានកត្ដាធំៗចំនួន៥ ដែលធ្វើឲ្យសង្គ្រាមរីករាលដាលកាន់តែខ្លាំងនៅអាហ្វហ្គានីស្ថាន ក្នុងនោះមានដូចជា៖
១ ភាគីទាំងពីរបានព្យាយាមបំបែកភាពជាប់គាំង ទៅតាមការចង់បានរៀងៗខ្លួន ជាហេតុស្វែងរកចំណុចរួមមិនឃើញ។ ទាំងភាគីរដ្ឋាភិបាលនិងក្រុមតាលីបង់ ចង់បង្កើនឥទ្ធិពលទៅវិញទៅមក និងចង់កាន់កាប់ដែនដីកាន់តែធំ ដូច្នេះហើយបានជាផ្ទុះការប្រឈមមុខកាន់តែខ្លាំង។
២ មានសំណួរជាច្រើនបានចោទឡើង ពីប្រសិទ្ធភាពនៃយុទ្ធសាស្ដ្ររបស់អាមេរិក និងកង្វះភាពច្បាស់លាស់នៃគោលនយោបាយអាមេរិកតាំងពីឆ្នាំ២០០១។ សមាជិកក្រុមតាលីបង់រាប់ពាន់នាក់ត្រូវបានសម្លាប់ របួស និងចាប់ខ្លួនតាំងពីឆ្នាំ២០០១ ប៉ុន្ដែពួកគេមិនបានបង្ហាញភាពចុះខ្សោយឡើយ។ កាលពី១០ឆ្នាំមុនរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានប៉ាន់ប្រមាណថា មានពួកបះបោរប្រមាណ១៥,០០០នាក់ ប៉ុន្ដែសព្វថ្ងៃនេះពួកគេមានចំនួនជាង៦ម៉ឺននាក់។
៣ បណ្ដាញរបស់ក្រុមរដ្ឋអ៊ីស្លាមKhorasan នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងនៅប៉ាគីស្ថាន បានធ្វើឲ្យកម្រិតនៃអំពើហិង្សានិងភាពឃោឃៅកើនឡើងខ្ពស់។ ក្រុមថ្មីនេះបានអះអាងវាយប្រហារនៅតាមគោលដៅជាច្រើនក្នុងទីក្រុង ភាគច្រើនផ្ដោតទៅលើជនស៊ីវិល។
៤ ខណៈដែលគំនិតនៃការផ្ដួចផ្ដើមកិច្ចចរចាសន្ដិភាពមានកាន់តែច្រើន ក្រុមតាលីបង់ក៏ចង់បង្កើនអានុភាពរបស់ខ្លួន ដើម្បីនិយាយពីជំហរដ៏រឹងមាំនៅតុចរចាចៀសវាងរងសម្ពាធ។
៥ ការកើនឡើងភាពតានតឹងរវាងអាមេរិកនិងភាគីនៅក្នុងតំបន់ ជាពិសេសប៉ាគីស្ថាន រុស្ស៊ី និងអ៊ីរ៉ង់ ក៏ជះឥទ្ធិពលអវិជ្ជមានដែរ។ មន្ដ្រីអាមេរិកនិងអាហ្វហ្គានីស្ថាន បានចោទប្រកាន់ប្រទេសទាំងបីថា គាំទ្រដល់ក្រុមតាលីបង់ ប៉ុន្ដែរុស្ស៊ី អ៊ីរ៉ង់ និងប៉ាគីស្ថានបដិសេធ។
តើកងទ័ពអាហ្វហ្គានីស្ថានអាចដោះស្រាយបញ្ហានេះបានទេ?
ដោយសារតែមានការវាយប្រហារញឹកញាប់ និងអំពើហិង្សារីករាលដាលកាន់តែខ្លាំង កងកម្លាំងសន្ដិសុខអាហ្វហ្គានីស្ថានពិតជាលំបាកក្នុងការទប់ស្កាត់។ ទោះបីកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងជាមួយក្រុមតាលីបង់ ប៉ុន្ដែករណីខ្លះកងទ័ពមិនអាចទប់ស្កាត់សកម្មភាពរបស់ពួកគេបានទេ។ អត្រាគ្រោះថ្នាក់នៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ។ មានសំណួរចោទឡើងពីភាពទន់ខ្សោយរបស់មេដឹកនាំ គ្មានការគាំទ្រគ្រប់គ្រាន់ដល់កងទ័ព និងអំពើពុករលួយ សុទ្ធតែប៉ះពាល់ដល់កិច្ចប្រឹងប្រែងប្រឆាំងក្រុមតាលីបង់។ ជម្លោះនយោបាយរវាងមេដឹកនាំរដ្ឋាភិបាលនិងមន្ដ្រី បានជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការរដ្ឋាភិបាលនិងស្ថានភាពសន្ដិសុខ។ ដោយសារតែមានបក្សពួកពីរផ្សេងគ្នា អាហ្វហ្គានីស្ថានបានបង្កើតរដ្ឋាភិបាលរួបរួមជាតិ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៤។ ថ្វីបើបានដឹកនាំប្រទេសអស់បួនឆ្នាំ ប៉ុន្ដែរដ្ឋាភិបាលក្រុងកាប៊ុលនៅតែបែកបាក់គ្នាលើបញ្ហាជាច្រើន។
តើអាចនឹងមានកិច្ចចរចាសន្ដិភាពបញ្ចប់សង្គ្រាមអាហ្វហ្គានីស្ថានទេ?
គ្រប់ភាគីទាំងអស់នៅពេលនេះ ហាក់អស់សង្ឃឹមក្នុងការដោះស្រាយជម្លោះនៅអាហ្វហ្គានីស្ថាន តាមរយៈមធ្យោបាយយោធាតែមួយ ខណៈការឯកភាពចាប់ផ្ដើមកិច្ចចរចាក៏ដំណើរការយឺតយ៉ាវ។ បន្ទាប់ពីមានកិច្ចប្រជុំរវាងមន្ដ្រីអាមេរិកជាមួយតំណាងក្រុមតាលីបង់ បទឈប់បាញ់រយៈពេលបីថ្ងៃបានលេចរូបរាងឡើងកាលពីខែមិថុនា។ នេះជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ ដែលភាគីទាំងពីរបានជួបពិភាក្សាតទល់គ្នា។ ពួកគេគ្រោងជួបគ្នាជាថ្មីក្នុងពេលឆាប់ៗ ប៉ុន្ដែការខ្វែងគំនិតលើបែបបទនានា ដូចជាទាក់ទងនឹងភាគីពាក់ព័ន្ធ រួមទាំងគ្រោងការណ៍សម្រាប់ដំណើរការចរចាស្វែងរកសន្ដិភាព នៅតែកើតមានឡើងដដែល។
បញ្ហាប្រឈមធំៗផ្សេងទៀតគឺការសហការគ្នារវាងអ្នកដែលជួយសម្របសម្រួលនៅក្នុងតំបន់។ សន្ដិភាពនៅអាហ្វហ្គានីស្ថាននិងនៅក្នុងតំបន់ទាំងមូល អាចមានរូបរាងពេញលេញអាស្រ័យលើយន្ដការពហុភាគីរបស់អ្នកពាក់ព័ន្ធ ជាក់ស្ដែងអាមេរិកមានតួនាទីសំខាន់ជាងគេ។ ក្រៅពីនេះមានប៉ាគីស្ថាន រុស្ស៊ី អ៊ីរ៉ង់ ចិន ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ដែលត្រូវតែចូលរួមយ៉ាងសកម្មបំផុត។ ប៉ុន្ដែចុងបញ្ចប់ក៏នៅតែត្រូវការកិច្ចចរចារដោយផ្ទាល់វាងអាហ្វហ្គានីស្ថាន ជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេសដដែល ព្រោះមានតែពួកគេទេទើបអាចសម្រេចពីអនាគតប្រទេសជាតិបាន អន្ដរជាតិបានតែគាំទ្រប៉ុណ្ណោះ៕