ករណីរ​ចាប់​ស្ត្រី​សង្ស័យ​ជា​ចោរ​កោរសក់៖ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​បញ្ជូន​មនុស្ស​៤​នាក់​ទៅ​តុលាការ

14-09-2018 5:24 pm 1462
  ស្តាប់
ស្តាប់ជាសំឡេង

​ព្រះរាជអាជ្ញា បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន ក្រុមអាជីវករ​ផ្សារ​ព្រៃទារ​ចំនួន​៤​នាក់ និង​ចាប់​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ក្រោយ​ប្រើ​អំពើហិង្សា​និង​ចាប់​ក្មេងស្រី​ជំទង់​ម្នាក់​កោរសក់​។ ក្មេងស្រី​រូបនេះ ត្រូវបាន​គេ​ចាប់​កោរសក់ ក្រោយ​សង្ស័យថា បាន​លួច​ទូរស័ព្ទ​នៅក្នុង​ផ្សារ​។ អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​លោក​យឹម សារ៉ាន់​បាន​ប្រាប់​សារព័ត៌មាន​Fresh News​ថ្ងៃទី​១៤ ខែកញ្ញា​នេះ​ថា ការបញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ ទៅកាន់​តុលាការ ដើម្បី​ចាត់វិធានកា​រណ៍ និង​ដើម្បីឲ្យ​ពួកគាត់​ស្គាល់​ពី​នីតិវិធី​ច្បាប់​តែប៉ុណ្ណោះ និង​ឈប់​ប្រើ​ហិង្សា​តទៅទៀត​។ ចំណែក ក្មេងស្រី​ដែល​សង្ស័យថា​ជា​ចោរ គឺ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក ដើម្បី​ហៅ​មក​សួរនាំ ដោយសារ​ក្រោយ​កើតហេតុ ក្រុមអាជីវករ​បាន​ដោះលែង​ត្រឡប់​ទៅវិញ​។​

​ការឈាន​ទៅ​ឃាត់ខ្លួន និង​បញ្ជូន​មនុស្ស​៤​នាក់​ទៅកាន់​តុលាការ ធ្វើឡើង​បន្ទាប់ពី​វីដេអូ បង្ហាញ​ពី​សកម្មភាព​ប្រជាពលរដ្ឋ ចាប់​កោរសក់​នារី​វ័យក្មេង​ម្នាក់ ដែល​សង្ស័យថា​ជា​ចោរ បាន​បង្ហោះ​យ៉ាង​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​។ ករណីនេះ ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​រិះគន់​យ៉ាងខ្លាំង​ថា ជា​ទង្វើ​មិនគួរ​គប្បី និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ ចំពោះ​អ្នក​ដែល​ប្រើ​អំពើហិង្សា និង​ចាប់​កោរសក់​ក្មេងស្រី ដែល​សង្ស័យថា​ជា​ចោរ​នោះ​។ ទន្ទឹមនឹងនោះ មាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត បាន​សាទរ​ចំពោះ​ការប្រើ​ហិង្សា​នេះ ដោយ​ថា ដើម្បីឲ្យ​រាងចាល​។ 

​យ៉ាងណាក៏ដោយ លោក​យឹម សារ៉ាន់​បាន​ពន្យល់ថា ស្ដ្រីដែ​លលួច​ទូរស័ព្ទនេះ បើ​និយាយ​អំពី​ទោស គឺ​ទោស​ពីបទ​លួច​។ ប៉ុន្ដែ​ការប្រើ​ហិង្សា ឬ​ប្រើ​តុលាការ​ប្រជាជន​នេះ ខុស​នីតិវិធី​ហើយ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​ត្រឹមតែ​ចាប់បញ្ជូន​ជនសង្ស័យ ទៅ​នគរបាល​យុត្តិធម៌ ដើម្បី​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ លោក​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រូបនេះ បាន​អំពាវនាវ ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការប្រើប្រាស់​អំពើហិង្សា​ទៅលើ​ជនសង្ស័យ នៅពេល​ចាប់ខ្លួនបាន តែ​ត្រូវ​បញ្ជូនទៅ​កម្លាំង​នគរបាល​មូលដ្ឋាន ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

ព័ត៌មានផ្សេងទៀត