សាលាក្រុង​ណែនាំ​អាជ្ញាធរ​ឲ្យ​ត្រៀម​ប្រារព្ធ​ពិធី​បុណ្យអុំទូក​

14-09-2018 4:27 pm 600
  ស្តាប់
ស្តាប់ជាសំឡេង

​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យអុំទូក អក​អំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ ដែល​នឹង​ចូល​មកដល់​នៅ​ថ្ងៃទី​២១ ដល់​២៣ ខែវិច្ឆិកា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដីណែនាំ​មួយ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​យកចិត្តទុកដាក់​រៀបចំ​ឲ្យបាន​ល្អប្រសើរ​ទាំង​សន្តិសុខ សណ្ដាប់​ធ្នាប់​កីឡាករ​ចំណុះ​ទូក និង​ប្រជាពលរដ្ឋ​ទាំងអស់ រួមទាំង​សោភ័ណភាព​ទីក្រុង​ជាដើម​។ 

​ក្នុងនោះ​មន្ត្រី​ជំនាញ​គ្រប់​ខណ្ឌ​ទាំងអស់​ត្រូវ​តុបតែង​លម្អ​ទង់ជាតិ ទង់​សាសនា ទង់​ក្អែប បដា​ពាក្យស្លោក​និង​បំភ្លឺ​ភ្លើងពណ៌​តាម​ទីសាធារណៈ​។ ត្រូវ​ចាត់តាំង​បង្កើត​អនុគណៈកម្មការ​មួយ​ទទួលខុសត្រូវ​គ្រប់គ្រង​ទូក និង​ប្រទីប​។ គណៈកម្មការ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នឹង​ជួយផ្ដល់​កន្លែង​ស្នាក់នៅ​របស់​កីឡាករ និង​គណៈកម្មការ​ទូក ប្រគល់​រង្វាន់​ជូន​ដល់​ទូក​ទទួល​ជ័យលាភី និង​រង្វាន់​លើកទឹកចិត្ត​។​

មួយវិញទៀត​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​សម្ដែង​ទស្សនីយភាព​កម្សាន្ត​ជូន​ប្រជាពលរដ្ឋ​តាម​កន្លែង​សាធារណៈ​ដូចជា​មុខ​វត្ត​បទុម​វ​តី រមណីយដ្ឋាន​វត្តភ្នំ និង​នៅ​កោះ​ពេជ្រ​។ ដោយឡែក​មន្ទីរ​ព័ត៌មាន​ត្រូវ​សហការ​ជាមួយ​វិទ្យុ ទូរទស្សន៍ ចុះ​យក​ព័ត៌មាន ផ្សព្វផ្សាយ​ពី​ដំណើរការ​នៃ​ពិធីបុណ្យ​ទាំងមូល​ឲ្យបាន​ទូលំទូលា​យ​។​

​តាម​សេចក្ដីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​គ្រប់​ខណ្ឌ​ទាំងអស់​ក្នុង​ក្រុង ត្រូវ​រៀបចំ​ផែនការ​ការពារ​ជាក់ស្ដែង សម្រាប់​បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​ចរាចរ​មុន ក្នុងពេល​ប្រារព្ធ​ពិធី និង​ក្រោយ​ប្រារព្ធ​ពិធី​។ ការធ្វើ​ដូច្នេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ បាន​ចូលរួម​ច្រើន​កុះករ​នៅ​ឆ្នាំនេះ​។​

គួរ​ឲ្យដឹង​ដែរថា ក្រោយ​អាក់ខាន​មិនបាន​ប្រារព្ធ​ពិធី​បុណ្យអុំទូក​រយៈពេល​៤​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០១១ ២០១២  ២០១៣ និង​ឆ្នាំ​២០១៥​មក នៅក្នុង​ឆ្នាំ​២០១៦​រដ្ឋាភិបាល​ចាប់ផ្ដើម​រៀបចំ​ពិធី​នេះ​ឡើងវិញ​។ ការអាក់ខាន​នេះ​ផ្ដើមចេញពី​ព្រឹត្តិការណ៍​ផ្អើល​រត់​ជាន់គ្នា​ស្លាប់​មនុស្ស​ជាង​៣០០​នាក់​នៅលើ​ស្ពាន​កោះ​ពេជ្រ​កាលពី​ឆ្នាំ​២០១០៕

ព័ត៌មានផ្សេងទៀត