ក្រសួងបរិស្ថាន​​​ថា​​​ភ្លៀង​​​ជា​​ផ្នែក​​មួយ​​​បង្ក​ឱ្យ​​​ទឹក​សមុទ្រ​​​ល្អក់​កករ​​​ប៉ុន្មាន​​ថ្ងៃ​​នេះ​​

14-09-2018 2:12 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួងបរិស្ថាន​បាន​អះអាងថា ស្ថានភាព​ល្អក់កករ​ទឹក​នៅតាម​ឆ្នេរសមុទ្រ​មួយចំនួន រួមទាំង​ឆ្នេរ​ព្រែកត្រែង​ផង​នោះ មិន​បង្ក​ជា​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះឡើយ​។ ការ​ល្អក់កករ​នេះ ដោយសារតែ​សកម្មភាព​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ កំពុងមាន​ច្រើន ហើយ​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ហូរ​នាំយក​ដី​ចូលទៅក្នុង​សមុទ្រ ទើប​នាំឲ្យមាន​ទឹកសមុទ្រ​ល្អក់​។ (​សេង បារាំង​)

​ក្រសួង​បរិស្ថាន បំភ្លឺ​ជំវិញ​ករណី​ទឹកសមុទ្រ​ល្អក់កករ​នៅតាម​ឆ្នេរសមុទ្រ​មួយចំនួន រួមទាំង​ឆ្នេរ​ព្រែកត្រែង​ផង​ដែរនោះ ដោយ​ក្រសួង​បញ្ជាក់ថា ការ​ល្អក់កករ​នេះ ដោយសារតែ​សកម្មភាព​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ កំពុងមាន​ច្រើន ហើយ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​បណ្ដាលឱ្យ​ទឹក​ហូរ​ច្រោះ​តាម​ស្ទឹង អូរ ព្រែក​ជាដើម បាន​នាំយក​ដី​ចូលទៅក្នុង​សមុទ្រ ទើប​នាំឲ្យ​ទឹកសមុទ្រ​ល្អកកករ​។ ការ​ប​ភ្លឺ​យ៉ាង​ដូច្នេះ​របស់​ក្រសួង​បរិស្ថាន ក្រោយពី​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា ការចាក់ដី​អភិវឌ្ឍន៍​របស់​ក្រុម​ចិន ទើប​បណ្ដាលឱ្យ​ទឹកសមុទ្រ ប្រែជា​ល្អក់កករ​។​

​លោក​នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់បន្ថែម​ប្រាប់​វិទ្យុ​វាយោ​ថា បញ្ហា​ខាងលើនេះ មិន​ធ្វើឱ្យប៉ះពាល់​ដល់​ទឹក និង​ឆ្នេរសមុទ្រ​កម្ពុជា​នោះទេ ដោយសារតែ​ក្រសួង បានឱ្យ​មន្ត្រី​ជំនាញ​ចុះទៅ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​រួចហើយ គឺ​មិនមាន​ផលប៉ះពាល់​អ្វី​ឡើយ​។ ជាមួយគ្នា​នោះ​លោក​នេត្រ ភ​ក្ត្រា រំពឹងថា ប៉ុន្មាន​ថ្ងៃក្រោយ​ទឹកសមុទ្រ​នឹង​ប្រែ​ពី​ល្អ​ក់មក​ថ្លា​វិញ​ជាមិនខាន​…………… 

​សំឡេង​៖

​ចំណែក​រឿង​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង​វិញ លោក​នេត្រ ភ​ក្ត្រា អះអាងថា ក្រសួង​បរិស្ថាន នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ខ្លួន​ចុះទៅ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ផងដែរ បន្ទាប់ពី​មាន​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ រឿង​ក្រុមហ៊ុន​វិនិយោគ​មួយ បាន​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង គ៏ជា​ផ្នេក​មួយ​បណ្ដាលទឹកស​មុទ្រ​ល្អក់កក​រដែរ​។​

​គួរ​ឱ្យដឹង​ផងដែ​រថា ករណី​ទឹកសមុទ្រ​ល្អក់កករ​នៅតាម​ឆ្នេរសមុទ្រ​មួយចំនួន រួមទាំង​ឆ្នេរ​ព្រែកត្រែង​ផង​ដែរនោះ ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​ខ្លាច​ខូច​ទឹក និង​ឆ្នេរសមុទ្រ​របស់​កម្ពុជា ដែល​ជាប់​ជា​ឆ្នេរ​ស្អាត​នៅលើ​ពិភពលោក​។ ជាពិសេស​ការចាក់ដី​នៅ​ឆ្នេរ​ព្រែកត្រែង​តែម្ដង ដែល​ធ្វើ​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំង​នៅលើ​បណ្ដាញ​សង្គម​៕

ព័ត៌មានផ្សេងទៀត