កម្ពុជា​-​ចិន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​តម្លៃ​៨០​លាន​ដុល្លារ​ក្នុង​ពិព័រណ៍​អាស៊ាន​-​ចិន​

14-09-2018 10:46 am 663
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​វេទិកា​វិនិយោគ ធុរកិច្ច និង​ទេសចរណ៍ នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​កាលពី​ម្សិលមិញ ភាគី​កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សរណៈ​ចំនួន​១២ មានតម្លៃ​៨០​លាន​ដុល្លារ​។ ការចុះ​អនុស្សរណៈ​យោគយល់​នេះ រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​ពិព័រណ៍​ចិន​-​អាស៊ាន​។​

​អនុស្សរណៈ​ដែល​ធ្វើឡើង​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ គឺ​គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ រាប់ទាំង​ការធ្វើ​ធុរកិច្ច​ពាណិជ្ជកម្ម ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​មគ្គុទេសក៍ និង​ផ្នែក​វិស្វកម្ម ផ្លូវដែក​ល្បឿន​លឿន ទំនប់​វា​រី​អគ្គិសនី ប្រពន្ធ័ធារាសាស្ត្រ ការស្ថាបនា​ផ្លូវ​យន្តហោះ ការបង្កើត​មហាវិទ្យាល័យ​ស្រាវជ្រាវ​ឧស្សាហកម្ម និង​ការកសាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ទេសចរណ៍ Sino-ASEAN​។​

​បើតាម​ការអះអាង​ពី​លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានឲ្យដឹងថា ការចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​នេះ ឆ្លុះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុង​ការចូលរួម​កសាង «​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១» និង​គាំទ្រ​ការអនុវត្ត «​ផ្លូវ​មួយ និង​ខ្សែក្រវាត់​មួយ​»​របស់​រដ្ឋាភិបាល​ចិន​។ លោក​ថា ការ​នេះ​នឹង​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​តំបន់ តាមរយៈ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ នៅក្នុង​ទីក្រុង​ណាន​នី​ង​នៃ​ខេត្ត​ក្វាង​ស៊ី​ផងដែរ​។​

​សូម​ជម្រាប់​ដែរថា គិត​ត្រឹម​រយៈពេល​៧​ខែ​ឆ្នាំ​២០១៨ នេះ ការវិនិយោគ​របស់​អ្នកវិនិយោគ​ចិន​បាន​កើនឡើង​ដល់​២.៨​ពាន់​លាន​ដុល្លារ​។ សម្រាប់​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ ការវិនិយោគ​ពី​ប្រទេស​ចិន​បាន​កើនឡើង​គួរឲ្យ​កត់សម្គាល់ពី​៩០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ដល់​១.៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​។ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​កម្ពុជា និង​ចិន​មាន​ប្រមាណ ៥.៨​ពាន់​លាន​ដុល្លារ កើនឡើង​២២​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧៕

ព័ត៌មានផ្សេងទៀត