អាមេរិក​ប្រតិកម្ម​​នឹង​លោកស្រី​​អ៊ុង​សាន ស៊ូ​ជី​​ដែល​ការពារ​​តុលាការ​មី​យ៉ាន់​ម៉ា​

14-09-2018 9:53 am 790
  ស្តាប់
អ្នកនាំពាក្យ​​ក្រសួងការបរទេស​អាមេរិក​(ឆ្វេង)​​និងមេដឹកនាំ​មីយ៉ាន់ម៉ា
ស្តាប់ជាសំឡេង

​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង សាន​ស៊ូ​ជី បាន​និយាយ​កាលពី​ថ្ងៃទី​១៣​កញ្ញា​នេះ​ថា អ្នកកាសែត​រ៉​យ​ទ័​រ​ពីរនាក់ ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ​អាច​ប្ដឹង​ឧទ្ធរណ៍​បាន ហើយ​ការកាត់ទោស​ពួកគេ​មិន​ទាក់ទង​នឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​ទេ​។ នៅពេល​សួ​ថា​តើ​លោកស្រី​មាន​អារម្មណ៍​បែបណា ចំពោះ​ការសម្រេច​របស់​តុលាការ​លើ​អ្នកកាសែត​ទាំង​ពីររូប លោកស្រី​ឆ្លើយថា​ដោយសារ​ពួកគេ​បាន​ល្មើស​នឹង​ច្បាប់​រក្សា​ការសម្ងាត់​ជាតិ​។​

​លោកស្រី​បានលើកឡើង​បែបនេះ នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ស្ដីពី​អាស៊ាន​នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ លោកស្រី​បន្ថែមថា “​ខ្ញុំ​គិតថា​មាន​មនុស្ស​ជាច្រើន​បាន​អាន​ពី​សេចក្ដី​សង្ខេបនៃ​ការសម្រេច​ក្ដី​របស់​ចៅក្រម ដែល​ធាតុពិត​ជាក់ស្ដែង​ការវិនិច្ឆ័យ​នេះ​មិន​ពាក់ព័ន្ធ​នឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​ទេ ប៉ុន្ដែ​ជា​ការសម្រេច​ក្ដី​លើ​អ្នក​ដែល​រំលោភច្បាប់​រក្សា​ការសម្ងាត់​ជាតិ​ប៉ុណ្ណោះ​។ ប្រសិនបើ​យើង​ជឿជាក់​លើ​នីតិរដ្ឋ ពួកគេ​មាន​សិទ្ធិ​ក្នុង​ការប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការវិនិច្ឆ័យ​នេះ ថា​ហេតុអ្វី​បានជា​មាន​កំហុស​។​”

​ការបកស្រាយ​របស់លោក​ស្រី​ស៊ូ​ជី​ដូច្នេះ ក្រសួងការបរទេស​អា​មេរិក​បានប្រកាស​មិនអាចទ​ទួលយកបាន និង​នៅតែ​ស្នើសុំ​ឲ្យ​មី​យ៉ាន់​ម៉ា​ដោះលែង​អ្នកកាសែត​ទាំង​ពីររូប​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃទី​១៣​កញ្ញា​ថា អ្នកកាសែត​ទាំងពីរ​រូប​បាន​ស៊ើបអង្កេត​ករណី​សម្លាប់​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ធ្វើឡើង​ដោយ​កងកម្លាំង​សន្ដិសុខ​មី​យ៉ាន់​ម៉ា​។ ប៉ុន្ដែ​តុលាការ​បាន​ចោទប្រកាន់ថា​ពួកគេ​បាន​រំលោភ​លើ​ច្បាប់​រក្សា​អាថ៌កំបាំង​ជាតិ ដូច្នេះ​ត្រូវ​មានទោស​មិនអាច​លើកលែង​បាន​។​

​អ្នកនាំពាក្យ​បន្ថែមថា សាលដីកា​របស់​តុលាការ​ហាក់​រឹត​ដ្បិត​ទៅលើ​សេរីភាព​នៃ​ការបញ្ចេញមតិ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ បញ្ហា​នេះ​បង្កឲ្យមាន​ការព្រួយបារម្ភ​ពីឯក​រាជ្យ​ភាព​របស់​តុលាកា​រ និង​ការធានា​ឲ្យបាន​ពី​ការជំនុំជម្រះ​ប្រកប​ដោយ​យុត្ដិធម៌​។ 

​សូម​រម្លឹកថា អ្នកកាសែត​ធ្វើ​ការឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​ររបស់​អង់គ្លេ​សទាំង​ពី​រនាក់ ម្នាក់​មានឈ្មោះ​វ៉ា លូន​(Wa Lone)​អាយុ​៣២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ខ្យា​វ សូ​អូ​(Kyaw Soe Oo)​អាយុ​២៨​ឆ្នាំ ត្រូវបាន​រកឃើញ​កំហុស​និង​កាត់ទោស​ដាក់ពន្ធនាគារ​៧​ឆ្នាំ​កាលពីដើម​ខែកញ្ញា​នេះ​។ ក្រោយពី​កាត់ទោស​រួច​អន្ដរជាតិ​បាន​អំពាវនាវ​ឲ្យ​តុលាការ​លុបចោល​សាលដីការ​ជាបន្ទាន់ និង​ស្នើឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ជួយ​អន្ដរាគមន៍​ផងដែរ ប៉ុន្ដែ​គ្មាន​ការឆ្លើយតប​នឹង​សំណើ​នេះ​ទេ​៕

ព័ត៌មានផ្សេងទៀត