EU​អាចនឹង​​ដាក់ទណ្ឌកម្ម​​មួយចំនួន​​មកលើកម្ពុជា​

14-09-2018 9:14 am
  ស្តាប់
តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោល​នយោបាយ​សន្តិសុខ លោកស្រី Federica Mogherini
ស្តាប់ជាសំឡេង

​សភា​សហភាព​អឺរ៉ុប នៅ​ល្ងាច​ថ្ងៃទី​១៣ កញ្ញា បានអនុម័ត​សេចក្ដីសម្រេច ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ជាពិសេស​ករណី​លោក​កឹម សុខា​។ សេចក្ដីសម្រេច​នេះ នឹង​ឈានទៅ​ជំរុញ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប ដែលមាន ២៨ ប្រទេស ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ងាកមក​ស្តារ​សិទ្ធិមនុ​ស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​។ 

​សេចក្តីសម្រេច​នេះ ដោយ​ផ្តោតលើ​ការទាមទា​រឲ្យរដ្ឋាភិបាល​កម្ពុជា ទម្លាក់ចោល​រាល់​បទ​ចោទ​ទាំងអស់ ប្រឆាំង​លើ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ផ្ដល់​នីតិសម្បទា ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ដំណើរការ​ឡើងវិញ និង​ផ្តល់​សម្បទា​ឲ្យ​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំ​ង​ទាំង ១១៨​នាក់​មាន​សិទ្ធិ​ធ្វើ​នយោបាយ ដូច​ប្រក្រតី​បាន​វិញ ជាបន្ទាន់ និង​ទាមទារ​ឲ្យ​របបនេះ ស្តារ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ដទៃទៀត​របស់​ពលរដ្ឋ​ទូទៅ ដែល​រង​ការ​រឹតត្បិត​យ៉ាងដំណំ ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​។​

​សភា​សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ចុងខែ​កក្កដា​កន្លងទៅ ដោយ​ថា មិនអាច​ទទួលយកបាន​។ ​សភា​សហភាព​អឺរ៉ុប​ក៏​ទាមទា​រឲ្យរដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​បញ្ឈប់​នូវ​រាល់​ការ​រឹតត្បិត​សិទ្ធិសេរីភាព​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន អ្នកការពារ​សិទ្ធិមនុស្ស ។​

​យោងតាម​សេចក្ដីសម្រេច​នោះ សភា​សហភាព​អឺរ៉ុប​ក៏​ជំរុញ​ឲ្យ​គណៈកម្មាការ​អឺរ៉ុប​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ដែល​ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា ដើម្បី​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ទណ្ឌកម្ម​ទិដ្ឋាការ​ផងដែរ​។​

​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ លោកស្រី Federica Mogherini បាន​ទុកពេល​ឲ្យ​រដ្ឋាភិបាលថ្មី​របស់ក​ម្ពុ​ជា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។​លោកស្រី​ថា បើ​ពុំ​ដូច្នេះ​ទេ សហភាព​អឺរ៉ុប​នឹង​ចាត់​វិធាន​ម៉ឺង​មាត់​មកលើ​កម្ពុជា ដូចជា ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ កាត់ផ្ដាច់​ជំនួយ​ទាំងអស់ និង​វិធា​នា​ការ​ផ្សេងទៀត​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន ចាត់ទុក​ទង្វើ​របស់​ស​ហគ​មន៍​អឺរ៉ុប​ថា កំពុង​យក​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​មក​ដោះស្រាយ​ជំនួស​កម្ពុជា​ដោយ​ចាប់បង្ខំ​ឲ្យធ្វើតាម​ពួកខ្លួន​ទាំង​ទទឹងទិ​សនិង​រំលោភ​យ៉ាង​កំរោល​មកលើ​ឯករាជ្យ និង​អាធិបតេយ្យ​ភាព​របស់​កម្ពុជា ដែល​គ្មាន​ចែង​នៅក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​បស់​សហគម​ន៏​អឹរ៉ុប​ទាល់តែសោះ​។ 

​លោក​ថា នេះ​ជា​ការរំលោភ​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា ក្នុងនាម​កម្ពុជា​ជា​រដ្ឋ​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការសហប្រជាជាតិ​។ ដូច្នេះ កម្ពុជា មិនអាច​ទទួលយកបាន​ជាដាច់ខាត​។ លោក​ចាត់ទុក​ករណីនេះ ជាការ​រករឿង​កម្ពុជា ដោយសារតែ​នាំគ្នា​កាន់ជើង​ពួក​ប្រឆាំង ដោយ​មិន​គិតពឹ​យត្តិ​ធ៌ម​សង្គម និង​នីតិរដ្ឋ​ទាល់តែសោះ​៕ 


ព័ត៌មានផ្សេងទៀត