កូរ៉េខាងជើង​​ស្នើសុំ​​កុំឲ្យ​រុស្ស៊ី​​បញ្ជូនពលក​រ​របស់​ខ្លួន​​ត្រឡប់​ទៅផ្ទះ​វិញ​

14-09-2018 9:12 am 573
  ស្តាប់
រូបភាពមេដឹកនាំកូរ៉េខាងជើង​(ឆ្វេង)ពេលជួប​ជាមួយរដ្ឋមន្ដ្រីការបរទេសរុស្ស៊ី
ស្តាប់ជាសំឡេង

​មន្ដ្រី​កូរ៉េខាងជើង​បាន​ស្នើឲ្យ​រដ្ឋបាលនៃ​តំបន់ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី ជួយ​ដោះស្រាយ​កុំ​បញ្ជូន​ពលករ​កូរ៉េខាងជើង​ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​។ លោក​Kim Yong Jae រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​កូរ៉េខាងជើង បាន​ជួប​ជាមួយ​អភិបាល​ស្ដីទី​គ្រប់គ្រង​តំបន់​Primorye នៅក្នុង​ទីក្រុង​Vladivostok​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ លោក​Kim​បាន​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​នៅ​ទីនោះ​។​

​តាមរយៈ​កិច្ច​ជំនួប​លោក​Kim​បាន​និយាយថា ប្រសិនបើ​គ្មាន​ការដោះស្រាយ​ទេ ពលករ​ដែល​ធ្វើការ​នៅក្នុង​ប្រទេស​រុស្ស៊ី នឹង​ត្រូវបញ្ជូន​ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​ទាំងអស់​ត្រឹម​ចុងឆ្នាំ​២០១៩ អនុលោម​តាម​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​។ ជា​ការឆ្លើយតប​លោក​Andrei Tarasenko​ថា លោក​បាន​ស្នើសុំ​ទៅ​ទីក្រុង​ម៉ូស្គូ​រួចហើយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ លោក​Kim​ក៏បាន​ស្នើឡើង​នូវ​កិច្ចសហការ​ផ្សេងៗ​ទៀត​ជាមួយ​ប្រទេស​រុស្ស៊ី ដែល​មិន​ស្ថិតក្រោម​ការ​គ្របដណ្ដប់​ដោយ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​។ ក្នុងនោះ​មានដូចជា​ផែនការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​កូរ៉េខាងជើង​នៅ​ប្រទេស​រុស្ស៊ី និង​វិធានការ​នានា​មានបំណង​បង្កើន​ចំនួន​ភ្ញៀវទេសចរ​រុស្ស៊ី​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​។​

សូម​រម្លឹកថា កាលពី​ចុងឆ្នាំ​២០១៦ ពលករ​កូរ៉េខាងជើង​ជិត​៣​ម៉ឺន​នាក់​បានទទួល​ការអនុញ្ញាតឲ្យ​ធ្វើការ​នៅក្នុង​ប្រទេស​រុស្ស៊ី​។ កាលពី​ឆ្នាំ​២០១៧ កូរ៉េខាងជើង​បាន​បញ្ជូន​ពលករ​ប្រមាណ​១​ម៉ឺន​នាក់ ទៅកាន់​តំបន់​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​។ ប៉ុន្ដែ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​សេចក្ដីសម្រេច​មួយ​តម្រូវឲ្យ​ពលករ​កូរ៉េខាងជើង ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។ វិធានការ​នេះ​បង្កើតឡើង​ដើម្បី​បង្អាក់​មិនឲ្យ​កូរ៉េខាងជើង ទទួលបាន​រូបិយប័ណ្ណ​បរទេស សម្រាប់​ផ្គត់ផ្គង់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់គេ​៕

ព័ត៌មានផ្សេងទៀត