អ្នកធ្លាក់​បាក់​ឌុប​ជិត​១ពាន់​នាក់ បាន​ជាប់​ឡើង​វិញ​ក្រោយ​រក​ឃើញ​កំហុស​បូក​ពិន្ទុ

13-09-2018 8:27 pm
  ស្តាប់
បេក្ខជនពិនិត្យលទ្ធផលប្រឡងបាក់ឌុបនៅវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ទ្រី សីហៈ
ស្តាប់ជាសំឡេង

​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ ថ្នាក់​វិទ្យាសាស្ត្រ​ពិត​នឹង​ត្រូវ​ប្រកាស​ឡើង​វិញ​នៅ​ថ្ងៃ​១៤ ខែកញ្ញា​ស្អែក​នេះ ក្រោយ​ក្រសួង​បាន​រក​ឃើញ​កំហុស​ក្នុង​ដំណើរការ​ស្រង់ និង​បូក​ពិន្ទុ​។ ការប្រកាស​ឡើងវិញ នឹង​ធ្វើ​ឲ្យ​លទ្ធផល​មាន​ការប្រែប្រួល ដោយ​ចំនួន​សិស្ស​ជាប់​ច្រើន​ជាង​មុន​ជិត​១​ពាន់​នាក់ ខណៈ​និទ្ទេស A នឹង​កើន​ដល់​ជាង​៤០០​នាក់​។

​រយៈពេល​៣​ថ្ងៃ​ក្រោយ​ការប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប មាន​សិស្ស​រហូតដល់​ប្រមាណ​១​ពាន់​នាក់​ហើយ បាន​ដាក់​ពាក្យបណ្ដឹង​សុំឲ្យ​ក្រសួង​ពិនិត្យ​មើលល​ទ្ធ​ផលប្រ​ឡ​ងរ​បស់​ពួក​គេ​ឡើង​វិញ​។
​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ គណកម្មការ​កោសល្យវិច័យ របស់​ក្រសួង​អប់រំ​បាន​រក​ឃើញ​កំហុស ក្នុងការ​ស្រង់​ពិន្ទុ​គណិតវិទ្យា ដែល​បាន​ធ្វើឲ្យ​បាត់​ពិន្ទុ​របស់​បេក្ខជន​។​

​សេចក្ដីប្រកាស​របស់​ក្រសួង​បាន​សរសេរថា​៖ «​ដំណើរការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស ដែល​បាន​ប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសារ​គណិតវិទ្យា​របស់​ថ្នាក់​វិទ្យាសាស្ត្រ ក្នុង​មណ្ឌល​មួយចំនួន ដោយសារ​កម្មវិធី​កុំព្យូទ័​មិន​បាន​បូក​ស្រង់​ពិន្ទុ គណិតវិទ្យា​របស់​បេក្ខជន​ចំនួន ៧៤០​បន្ទប់​»​។​

ដោយសារ​កំហុស​នេះ ក្រសួង​អប់រំ​នឹង​ប្រកាស​លទ្ធផល​ប្រឡង របស់​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ឡើងវិញ​ទូទាំងប្រទេស​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​។ លទ្ធផល​ថ្មី​នេះ មាន​មាន​ការប្រែប្រួល ដោយ​បេក្ខជន​ប្រឡង​ជាប់​សរុប បាន​កើនឡើង​ដល់ ៧៦,០៣៤​នាក់​ឬ​ស្មើនឹង ៦៧,០៧% ដែល​ច្រើន​ជាង​លទ្ធផល​ចាស់​ចំនួន​៩៧៥​នាក់​។

ក្រសួង​បញ្ជាក់​ពី​លទ្ធផល​ថ្មី​ថា សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន​៤០៨​នាក់ និទ្ទេស​B​ចំនួន​២,២២២​នាក់ និទ្ទេស​C​ចំនួន​៦,០៤១​នាក់ និទ្ទេស​D​ចំនួន​១៥,១៨០​នាក់ និង​និទ្ទេស​E​ចំនួន​៥២,១៨៣​នាក់​។​

​យ៉ាងណា​ក៏​ដោយ​ក្រសួង​អប់រំ​បញ្ជាក់ថា កំហុស​នេះ មិនបាន​ធ្វើឲ្យប៉ះពាល់​ដល់​លទ្ធផល​ប្រឡង របស់​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​នោះ​ទេ​៕

ព័ត៌មានផ្សេងទៀត