UNICEF​ព្រួយបារម្ភ ចំពោះ​ព័ត៌មាន​ខ្វះ​ក្រមសីលធម៌​អំពី​កុមារ​

13-09-2018 5:31 pm 418
  ស្តាប់
ស្តាប់ជាសំឡេង

​អង្គការ​យូ​នី​ហ្វេ​ស បានបង្ហាញ​ការ ព្រួយបារម្ភ​ចំពោះ​ការរាយការណ៍​ឬ​ការផ្សព្វផ្សាយ​រឿងរ៉ាវ​នានា ដែល​បង្ក​ផលប៉ះពាល់​ដល់​ឯកជន​ភាព​របស់​កុមារ​។​នេះ​បើ​តាម​ការលើកឡើង របស់​លោកស្រី ដេ​បូរ៉ា កូ​មីនី តំណាង​អង្គការ យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា នៅក្នុង​សិក្ខាសាលា ស្តី​ពី​ក្រមសីលធម៌​រាយការណ៍​ព័ត៌មាន​អំពី​កុមារ នៅ​ថ្ងៃ​ទី ១៣ កញ្ញា ឆ្នាំ​២០១៨​នេះ​។​

​លោកស្រី ដេ​បូរ៉ា កូ​មីនី មានប្រសាសន៍​ឱ្យដឹងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិតជា​មាន​សក្តានុពល​ខ្លាំង ដូច្នេះ ត្រូវមាន​ការយល់ដឹង​ឲ្យបាន​ច្បាស់​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ​នៃ​ការរាយការណ៍​ព័ត៌មាន​ពី​កុមារ ។​ក្នុងនោះដែរ អ្នកសារព័ត៌មាន​ត្រូវ​ប្រុងប្រយ័ត្ន​រាល់​ទម្រង់ នៃ​ការចេញផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ទាក់ទង​នឹង​កុមារ​។​

​លោក​ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកការ​សែត​កម្ពុជា ក៏បាន​លើកឡើង​ថា បច្ចុប្បនេះ​អ្នកសារព័ត៌មា​ន មាន​ការធ្វេសប្រហែស ដោយ​ពុំ​បាន​ពិចារណារ​ទៅលើ​ការការពារ និង​គោរព​ទៅ​ដល់​សិទ្ធិ​របស់​កុមារ ជាពិសេស​សេចក្តីរាយការណ៍​អំពី​ព័ត៌មាន​រសើប​មួយចំនួន​ដូចជា អំពើហិង្សា ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច​ជាដើម ដែល​ព័ត៌មាន​ទាំងនេះ​ធ្វើឱ្យ​កុមារ​ទទួល​ការ​មាក់ងាយ​កាន់តែខ្លាំង​ថែម​ទៀត​។​

​លោក​បន្តថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​នៅ​ពេលដែល ធ្វើការ​រាយការណ៍​ព័ត៌មាន ពី​ស្ត្រី ឬ​កុមារ ដើម្បី​កុំឱ្យ​មាន​ផលប៉ះពាល់​ទៅដល់​ឯកជន​ភាព​របស់​ពួកគេ ។​លោក​សង្ឈឹម​ដែរថា តទៅ ផ្នែក​សារព័ត៌មាន នឹង​ចូលរួម​ចំណែក​ក្នុង​ការការពារ​សិទ្ធិ​នឹង​សេចក្តីថ្លៃថ្នូរ​របស់​កុមារ ដើម្បី​លើកស្ទួយ​ក្រមសីលធម៌​វិជ្ជាជីវៈ ព្រមទាំង​ធ្វើឱ្យ​វិស័យ​មួយ​នេះ ក្លាយ​ជា​ប្រយោជន៍​សម្រាប់​ជួយ​ដល់​សង្គម​ផងដែរ ៕


ព័ត៌មានផ្សេងទៀត