អតីត​​គណបក្ស​ប្រឆាំង​​ផ្តើម​ប្រេះស្រាំ​ផ្ទៃ​ក្នុង​ឬ​?​

13-09-2018 4:16 pm 2995
រាប់ពីឆ្វេង គឺលោកកឹម សុខា និង លោកសម រង្ស៊ី។

​កាលពីពេល​ថ្មីៗ​នេះ លោកសម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​របស់ខ្លួន រក្សា​ការឯកភាព​ផ្ទៃក្នុង​គណបក្ស​បន្តទៀត ដើម្បី​យកឈ្នះ​លើ​ដៃ​គូប្រកួត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ការអំពាវនាវ​ធ្វើឡើង បន្ទាប់​សង្គ្រាមពាក្យសម្តី​រវាង​អ្នកគាំទ្រ​របស់ខ្លួន បាន​ផ្ទុះ​ឡើងជា​សាធារណៈ​ជុំវិញ​អ្នកតស៊ូ​មតិ​នៅក្នុង និង នៅ​ក្រៅប្រទេស ។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តើម​ប្រេះស្រាំ​ផ្ទៃក្នុង​ឬ​?

​ថ្មីៗ​នេះ​សង្គ្រាមពាក្យសម្តី​រវាង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់ជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា បាន​ផ្ទុះឡើង​សាធារណៈ​។ ជា​ជម្លោះ​កើតឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​លោក កឹម សុខា មួយចំនួន​រិះគន់​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី​ថា បាននាំគ្នារ​ត់ទៅ​ក្រៅប្រទេស ដើម្បី​គេច​ចេញពី​ដីកាចាប់ខ្លួន​របស់​តុលាការ​កម្ពុជា និង បណ្តឹង​នានា​របស់​គណបក្សកាន់អំណាច​។​

​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បាន​សរសេរ​រិះគន់​គ្នាឯង​នៅតាម​បណ្តាញ​សង្គម​ថា ការ​រត់គេច​ចេញទៅ​ក្រៅប្រទេស​របស់​អ្នកគាំទ្រ​មួយចំនួន​នា​ពេលកន្លងមក គឺ​បានធ្វើឱ្យ​អតីត​គណបក្សប្រឆាំង​កាន់តែ​បាត់បង់​នូវ​ភាពខ្លាំង​របស់ខ្លួន និង កាន់​ធ្វើឱ្យ​គណបក្ស​កាន់តែ​បន្ត​ធ្លាក់ចុះ​ឥទ្ធិពល​។ ខុសពី​លោក កឹម សុខា ជា​មេ​ប្រធាន​បក្ស សុខចិត្ត​បន្ត​ព្យាយាម​ក្រាញននាល​ក្នុងប្រទេស ទោះ​មានការ​គំរាម​គំហែង​ចាប់​ដាក់ពន្ធនាគា​ជា​ច្រើនលើកច្រើនសារ​ក្តី​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ ជាង​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល ព្រមទាំង​ហាមឃាត់​មន្ត្រី​គណបក្ស​ចំនួន​១១៨​នាក់​មិន​ឲ្យធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​។​ជា​សេចក្តីសម្រេច​ស្ថាពរ​ដោយ​បិទផ្លូវ​តវ៉ា​។​

​ក្រោយពី​ដីការ​តុលាការ​កំពូល​ចេញ​ជា​ធរមាន អតីត​តំណាងរាស្ត្រ​បក្ស និង សកម្មជន​ប្រឆាំង​មួយចំនួន រត់គេចខ្លួន​ទៅ​ក្រៅប្រទេស​ដោយ​យក​លេស​ថា ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ ដើម្បី​ឱ្យជួយ​ស្តារ​ប្រជាធិបតេយ្យ​នៅ​ម្ពុ​ជា​ឡើងវិញ​។ ប៉ុន្តែ​មាន​អតីត​តំណាងរាស្ត្រ​របស់​បក្សប្រឆាំង​មួយចំនួនទៀត សុខចិត្ត​ព្យាយាម​តស៊ូ​មតិ​តាម ផ្លូវច្បាប់ និង សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ជាដើម ដើម្បី​ជួយ​ស្តារ​ជីវិត​អតីត​សង្គ្រោះ​ជាតិ និង ទារ​ទាម​ឱ្យ​ដោះ​លែ​កលោក កឹម សុខា ឱ្យមាន​សេរីភាព​។ ម្យ៉ាងវិញទៀត​អ្នកគាំទ្រ​នៅ​ក្នុងប្រទេស ពួកគេ​ម្តងម្កាល​តែ​ចុះសួរសុខទុក្ខ អតីត​សកម្មជន​ដែល​ជាប់ឃុំ​ផងដែរ​។

​ជំហរ​តស៊ូ​របស់​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង ត្រូវបាន​គេ​មើលឃើញថា កំពុង​ស្តែងចេញ​ជា​ឥរិយាបថ​នយោបាយ​ជា​ពីរ គឺ​អ្នក​ស្មោះស័គ្រ​នឹង​លោក កឹម សុខា ទ្រាំ​តស៊ូ​នៅ​ក្នុងប្រទេស ខណៈ​ស្មោះស័គ្រ​នឹង​លោក សម រង្ស៊ី ត្រូវ​គេចខ្លួន​ទៅ​ក្រៅប្រទេស​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ​។ អាចមកពី​មាន​ទស្សនៈ​ខុសគ្នា​នេះហើយ បានជា​សង្គ្រាមពាក្យសម្តី​រវាង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​កើតឡើង​នៅពេល​សព្វថ្ងៃ​។​

​ទំនងជា​មើលឃើញ​នៅ​ភាព​ប្រេះឆា​ផ្ទៃក្នុង ទើប​កាលពីពេល​ថ្មីៗ​នេះ អតីត​មេដឹកនាំ​អតីត​គណបក្សប្រឆាំង គឺ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​របស់ខ្លួន ត្រូវ​ប្រកាន់​ជំហ​ឯកភាព​ផ្ទៃក្នុង​បក្ស ដើម្បី​បន្ត​យកឈ្នះ​លើ​ដៃ​គូប្រកួត គឺ​គណបក្សកាន់អំណាច​។ លោក សម រង្ស៊ី សង្កត់ធ្ងន់ថា រូបលោក និង កឹម សុខា នៅតែ​ជា​មនុស្ស​តែមួយ ហើយ​ការឯកភាព​ផ្ទៃក្នុង​បក្ស ធានា​ជ័យជម្នះ​លើ​របប​លោកនាយក​រដ្ឋ​ន្ត្រី ហ៊ុន សែន​។​

​ជា​ការពិត ជម្លោះ​ពាក្យសម្តី​រវាង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​មិន​ចង់វា​នឹង​បង្ក​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នកគាំទ្រ​មួយចំនួន ស្របពេល​ដែល​បក្សប្រឆាំង កំពុងតែ​ត្រូវ​ការរក​ច្រកចេញ​ដើម្បី​រស់​ឡើងវិញ​។ ប្រសិនបើ​មានការ​បែក​បាត់​ផ្ទៃ​មែន បក្សប្រឆាំង​កាន់តែ​មានឱកាស​តិចតួច សម្រាប់​យកឈ្នះ​គណបក្សកាន់អំណាច​។​

​ម្យ៉ាវិញទៀត ជម្លោះ​នេះ​ក៏បាន​ស្តែង​ឱ្យឃើញថា ក្រុម​អតីត​គណបក្សប្រឆាំង នៅតែមាន​ក្រុម​ពីរ​ដែល​ប្រៀប​ដូចនឹង ទឹក ហើយ​និង ប្រេង ដែល​មិនអាច​ចាក់​ចូលគ្នា​បាន គឺ​ក្រុម​ភ្លើងទៀន និង សិទ្ធិមនុស្ស​។ ជាទូទៅ​ពេល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ត្រូវបាន​រំលាយ ជម្លោះផ្ទៃក្នុង​បែបនេះ ក៏​កើតមាន   ផងដែរ តែ​អាច​គ្រប់គ្រង​បាន ព្រោះ​មាន​មេបក្ស​ទាំងពីរ​នៅ​ដឹង​នាំ​។​

​សូម​រម្លឹក​ជូន​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​ដោយ មាន​ការច្របាច់បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី ដែល​ដឹកនាំ​ដោយ លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដឹកនាំ​ដោយ​លោក កឹម សុខា​។ ក្រោយពី​ការ​ចាប់ដៃគ្នា​បង្កើត​ទៅជា​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​ការគាំទ្រ​រហូតដល់​៥៥​អាសនៈ​នៃ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣​។

​ជារួម​ជម្លោះ​អតីត​បក្សប្រឆាំង​បច្ចុប្បន្ន អ្នកវិភាគ​មើលឃើញថា ប្រសិនបើ​គ្មាន​យន្តការ​ណាមួយ ដើម្បី​ដោះស្រាយ និង ពង្រឹង​ផ្ទៃក្នុង​បក្ស​ទេនោះ សម្ព័ន្ធភាព​រវាង​ក្រុម​ភ្លើងទៀន និង សិទ្ធិមនុស្ស អាច​នឹងត្រូវ​ចែកផ្លូវ​គ្នា និង រត់​រក​ទ្រនំ​ចាស់ តាម​ការចង់បាន​របស់ដៃ​គូប្រកួត​។ អ្នកវិភាគ​នយោបាយ ធ្លាប់​ពន្យល់ថា​គណបក្ស​កាន់អំណាច កំពុង​ប្រើ​គ្រប់​មធ្យោបាយ​រុញច្រាន​កុំឱ្យ​បក្សប្រឆាំង​ងើប​រួច និង ទៅ​បង្កើត​បក្ស​ថ្មី ដើម្បី​បំបែក​សំឡេងគាំទ្រ​។​

​ប៉ុន្តែ​យ៉ាងណាក្តី ពួកគេ​មើលឃើញថា នយោបាយ​បែបនេះ​មិន​ផ្តល់​ផលចំណេញ​ដល់​កម្ពុជា​ទេ ផ្ទុយទៅវិញ​មានតែ​ការខាតបង់ និង ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា​លើក​ឆាក​អន្តរជាតិ​។ ដូច្នេះ​មានតែ​ការផ្សះផ្សារ បង្រួបបង្រួម​ជាតិ​ដ៏​ពិត​ប្រា​ដក និង ឈរលើ​ស្មារតី​រដ្ឋធម្មនុញ្ញ​ទេ ទើប​អាចជួយ​ដល់​កម្ពុជា អាច​ជៀស​ផុតពី​ទណ្ឌកម្ម​ណាមួយ​ពី​សហគមន៍​អន្តរជាតិ​៕

ព័ត៌មានផ្សេងទៀត