ឧត្តមសេនីយ៍សុខ ផល ប្រកាសមិនលើកលែងចំពោះជនជាតិចិនប្រព្រឹត្តខុសច្បាប់នៅកម្ពុជា

13-09-2018 3:59 pm 1394
  ស្តាប់
ស្តាប់ជាសំឡេង

លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនៅព្រឹកនេះថា កម្លាំងសមត្ថកិច្ចត្រូវតែបង្រ្កាបចំពោះជនជាតិចិនណាដែលធ្វើខុសច្បាប់ ចំពោះអ្នកដែលធ្វើត្រឹមត្រូវតាមច្បាប់កម្ពុជា នឹងត្រូវបានច្បាប់ការពារ ។

លោកបន្តថា បច្ចុប្បន្ន ជនអន្តោប្រវេសន៍ខុសច្បាប់ចិន កំពុងធ្វើឱ្យអាជ្ញាធរស្មុគ្រស្មាញ ពិសេសគឺនៅខេត្តព្រះសីហនុ ដូច្នេះ នគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបន្ថែមការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជនជាតិចិនខុសច្បាប់ ដែលលួចមករស់នៅ នៅទីនោះ ។

គិតមកត្រឹមចុងឆមាសទី២ ក្នុងឆ្នាំ២០១៨ ជនជាតិចិនដែលមកកម្ពុជាបានបន្តកើនឡើងជាង២១ម៉ឺននាក់ ដែលចំនួននេះ មិនទាន់រាប់បញ្ចូលអ្នកកាទូត អ្នកទេសចរ និងអង្គការសង្គមស៊ីវិលទេ ខណៈឆ្នាំ២០១៧ មានតែជាង១០ម៉ឺននាក់ប៉ុណ្ណោះ ។

ក្នុងចំណោមជនជាតិចិនទាំងជាង២១ម៉ឺននាក់នេះ មានចំនួនជាង៧៨.០០០នាក់ កំពុងស្នាក់នៅ រកស៊ី នៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែ ក្នុងនោះ ពួកគេមានប័ណ្ណការងារត្រឹមត្រូវ តែជាង២ម៉ឺននាក់ប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយ ជនជាតិចិន នឹងបន្តហូរចូលមកកម្ពុជា ចំនួន៥ម៉ឺននាក់បន្ថែមទៀត នៅក្នុងឆ្នាំ២០១៨ ។ នេះបើតាមការបញ្ជាក់ពីលោក សុខ ផល ។

លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មី បានលើកឡើងថា ដើម្បីឱ្យមានប្រសិទ្ធភាព និងច្បាស់លាស់បន្ថែមទៀតក្នុងការគ្រប់គ្រងនូវជនអន្តោប្រវេសន៍ លោកប្តេជ្ញាពិនិត្យឱ្យបានច្បាស់នូវការចេញចូលរបស់ជនអន្តោប្រវេសន៍គ្រប់ច្រកល្ហកទាំងអស់ ។

គូសបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាទៅដល់អង្គភាពសំខាន់ៗចំនួន៤ បង្កើតក្រុមប្រតិបត្តិការ ចុះទៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងជួយបង្រ្កាបបទល្មើស បន្ទាប់ពីលេចឡើងនូវសកម្មភាពមិនប្រក្រតីមួយចំនួន ។ 

ក្រុមនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយគាំទ្រ ដោះស្រាយនូវបញ្ហាទាំងឡាយណាដែលខេត្តមិនមានលទ្ធភាព រាប់ទាំងការបង្រ្កាបបទល្មើសផ្សេងៗ ។

លោក ស ខេង បញ្ជាក់ថា នៅក្នុងស្ថានភាព ដែលក្រុងព្រះសីហនុពុំទាន់បានរៀបចំស្រួលបួលនៅឡើយ អ៊ីចឹងវាអាចនឹងបង្កើតនូវបញ្ហាមួយចំនួន ដូចជាបទល្មើសសម្លាប់ ការប្រើប្រាស់គ្រឿងញៀន បញ្ហាបរិស្ថាន និងអនាម័យជាដើម ។ 

លោកបន្តថា បើសិនជាយើងមិនបានយកចិត្តទុកដាក់ឱ្យបានគ្រប់ជ្រុងជ្រោយទេ វានឹងអាចធ្វើឱ្យទឹកសមុទ្រ ដែលជាទីពេញនិយមរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវអន្តរជាតិ ក្លាយជាសមុទ្រប្រើមិនកើត ។ នេះជាការបារម្ភរបស់យើង ៕

ព័ត៌មានផ្សេងទៀត