ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់អាមេរិកApple បានបង្ហាញទូរស័ព្ទiPhoneស៊េរីថ្មីបំផុតរបស់ខ្លួនហើយ។ នាយកប្រតិបត្ដិក្រុមហ៊ុនលោកTim Cook បានបង្ហាញស្មាតហ្វូនថ្មីនេះនៅសាលSteve Jobs ក្នុងទីក្រុង Cupertino រដ្ឋCalifornia សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ។ ស្មាតហ្វូនទាំងនោះមានម៉ូដែល iPhone Xs អេក្រង់ទំហំ៥.៨អ៊ីញ និង iPhone Xs Max អេក្រង់ទំហំ៦.៥អ៊ីញ ជាម៉ូដែលថ្មីបន្ទាប់ពីiPhone X បានបង្ហាញកាលពីឆ្នាំមុនដើម្បីអបអរខួប១០ឆ្នាំនៃការចាប់ផ្ដើមលក់ទូរស័ព្ទiPhone។
ម៉ូដែលថ្មីនេះមានអេក្រង់ប្រភេទ OLED សមត្ថភាពបង្ហាញរូបភាពកាន់តែល្អប្រសើរជាងមុន ហើយកាមេរ៉ាក៏រឹតតែប្រសើរឡើងដែរ។ ចំពោះតម្លៃវិញស៊េរីខ្ពស់បំផុតគឺiPhone Xs Maxប្រហែល១,១០០ដុល្លារអាមេរិក អាចកុម្មង់ទុកមុនចាប់ពីថ្ងៃទី១៤កញ្ញា ហើយនឹងចាប់ផ្ដើមដឹកជញ្ជូនចូលទីផ្សារថ្ងៃទី២១កញ្ញា៕