ក្រុម​ហ៊ុន​​ចិន​​​មួយ​​​មក​​​បញ្ចុះ​​បញ្ចូល​​​ស្នើ​សុំ​​​ការ​គាំ​ទ្រ​​​ពី​​​រដ្ឋ​សភា​​​កម្ពុជា​​​

13-09-2018 1:47 pm 801
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​កឺ ឈួន​បាវ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សៀង​ហៃ គួស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ​របស់​ប្រទេស​ចិន បាន​ស្នើសុំ​លោក​ហេង សំរិន ប្រធានរដ្ឋសភា គាំទ្រ និង​ផ្តល់​កិច្ចសហការ​ដល់​ក្រុមហ៊ុន​របស់លោក ដែល​មានបំណង​ក្នុង​ការវិនិយោគ​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ ចូលរួមចំណែក​អភិវឌ្ឍន៍​កម្ពុជា ពិសេស​ការផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។ សំណើ​នេះ​ធ្វើឡើង​នៅ​ក្នុងឱកាស​ដែល​លោក​ទទួលបាន​ការអនុញ្ញាត ចូលជួប​សម្តែង​ការគួរសម​ជាមួយ លោក​ហេង សំរិន នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋសភា​។ 

​នៅក្នុង​ឱកាស​នោះ​លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សៀង​ហៃ គួស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ របស់​ប្រទេស​ចិន បាន​ជម្រាប​លោក​ហេង សំរិន ថា បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​បាន​សង្កេតឃើញ​ពី​សក្តានុពល​យ៉ាងខ្លាំង របស់​កម្ពុជា ហើយ​នៅពេល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ក្រុមហ៊ុន​លោក​នឹង​ទាក់ទាញ​អ្នកវិនិយោគ​នានា​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ផងដែរ​។​

​ឆ្លើយតប​សំណើ​នេះ លោក​ហេង សំរិន បានប្រកាស​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នេះ ដោយ​បញ្ជាក់ថា ទាំង​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់ និង​ជំរុញ​លើកទឹកចិត្ត​ចំពោះ​វិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​គ្រប់​វិស័យ ហើយ​ទទួលបាន​ការចាប់អារម្មណ៍ និង​ការគាំទ្រ​ដោយមាន ក្រុមហ៊ុន​ធំៗ​ពី​បរទេស​ជាច្រើន បាន​នឹង​កំពុង​អនុវត្ត​ផែនការ​វិនិយោគ​របស់​ពួកគេ​។ លោក​ហេង សំរិន លើកឡើងថា ការភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា ពី​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ផ្សេងៗ វា​បាន​ជម្រុញឲ្យមាន​កំណើន​ទេសចរណ៍ និង​ការវិនិយោគ​ផ្ទាល់ ពី​បរទេស​មកកាន់​កម្ពុជា​កាន់តែច្រើន​រៀងរាល់ឆ្នាំ ជាពិសេស​ប្រទេស​ចិន​ផ្ទាល់​តែម្តង​។ 

​រដ្ឋសភា​កម្ពុជា បាន​គូសបញ្ជាក់ថា ប្រទេស​ចិន គឺជា​ដៃគូរ​វិនិយោគ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា​។ គិត​មកដល់​ឆ្នាំ​២០១៧ ទុនវិនិយោគ​របស់​ចិន​ឈរ​នៅ​លេខ​រៀង​លំដាប់​ទី​១ គឺមាន​ទឹកប្រាក់​ប្រមាណ​ជា​១៦​ពាន់​លាន​ដុល្លារ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត