អាមេរិក​ផ្ញើ​លិខិតអញ្ជើញមន្ត្រីជាន់ខ្ពស់​ចិន ដើម្បី​ពិភាក្សាពី​បញ្ហា​ពាណិជ្ជកម្ម​

13-09-2018 12:40 pm 587
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន​អាមេរិក​លោក Larry Kudlow បាន​ប្រាប់ Fox Business Network ថា រដ្ឋលេខាធិការ​រតនា​គារ​អាមេរិក​លោក Steven Mnuchin បាន​ផ្ញើ​លិខិតអញ្ជើញ​មន្ត្រីជាន់ខ្ពស់​ចិន ដើម្បី​ចាប់ផ្តើម​ការចរចា​ពី​បញ្ហា​ពាណិជ្ជកម្ម​ឡើងវិញ​។ តែ​លោក​មិន​បានបញ្ជាក់​ព័ត៌មាន​លម្អិត​ទេ​។ ចំណែក​មនុស្ស​ពីរ​នាក់​ដែល​ដឹង​រឿងនេះ​និយាយថា មន្ត្រី​ចិន​ដែល​លោក Steven Mnuchin​ផ្ញើ​លិខិតអញ្ជើញ រួមមាន​លោក Liu He ឧបនាយករដ្ឋមន្ត្រី​និង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់ របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​។ ទីកន្លែង​និង​ពេលវេលា​នៃ​ការពិភាក្សា មិនទាន់​ដឹង​នៅឡើយ​ទេ តែ​ប្រហែល​ប្រព្រឹត្តិ​ទៅ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រតនាគារ​អាមេរិក មិនបាន​ឆ្លើយតប​យ៉ាងណា​នោះទេ ។​

​ការចេញលិខិត​អញ្ជើញ​មន្ត្រី​ចិន​ជា​ផ្លូវការ​របស់​អាមេរិក​នា​ពេលនេះ ធ្វើឡើង​ខណៈ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លើ​លោក​ទាំងពីរ បាន​ជួបប្រទះ​ភាព​តានតឹង​ជាមួយគ្នា ផ្នែក​ពាណិជ្ជកម្ម​ជាច្រើន​ខែ​មក​។ បញ្ហា​បាន​រីក​កាន់តែ​ធំ​ទៅៗ នៅពេល​លោក​ត្រាំ​ប្រកាស​តំឡើង​ពន្ធ លើ​ទំនិញ​ចិន​នាំចូល​អាមេរិក​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយតប​នឹង​ឱនភាព​ពាណិជ្ជកម្ម ខ្ទង់ពាន់​ដុល្លារ​ជាមួយ​ចិន​។ បន្ថែម​លើ​នេះ រដ្ឋបាល​លោក​ត្រាំ កំពុង​រៀបចំ​តំឡើង​ពន្ធ​ថ្មី លើ​ទំនិញ​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ ហើយ​តាម​គម្រោង​ពន្ធ​ថ្មី​នេះ ត្រូវ​ចូល​ជា​ធរមាន​នៅក្នុង​ខែ​កញ្ញា​។ 

​យ៉ាងណា គេ​មិនដឹងថា​ពន្ធ​ថ្មី​ដែល​បានប្រកាស​ដាក់ឲ្យអនុវត្ត​រួចរា​ល់ និង​ពន្ធ​ដែល​ត្រៀម​ចូល​ជា​ធរមាន​ជា​បន្តបន្ទាប់ នឹងមាន​ការប្រែប្រួល​ឬ​អត់ នៅពេល​មន្ត្រី​អាមេរិក​និង​ចិន ត្រូវ​ជួប​ពិភាក្សាគ្នា​នាពេលខាងមុខ​។ យោងតាម​ប្រភព​ដែល​ដឹង​ពី​បញ្ហា​នេះ និយាយថា មន្ត្រី​អាមេរិក​និង​ចិន​បាន​ជួប​ពិភាក្សាគ្នា​លើកចុងក្រោយ កាលពី​ថ្ងៃទី​២២​និង​២៣​ខែ​សីហា​។ ប៉ុន្តែ​ជំនួប​កាលនោះ មិន​សម្រេចបាន​ជា​កិច្ចព្រមព្រៀង​អ្វី​ឡើយ​។ យ៉ាងណាក៏ដោយ ការរៀបចំ​ឲ្យមាន​កិច្ច​ប្រជុំ វា​ប្រសើរ​ជាង​អត់ ព្រោះ​ទោះបី​មិន​ទទួលបាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​នៅពេលនេះ​ក្តី តែ​ក៏​ជួយ​បន្ថយ​ភាព​តានតឹង​បាន​ខ្លះ​ដែរ​៕

ព័ត៌មានផ្សេងទៀត