ក្រសួងកសិកម្ម​ស្នើ​ ADB ​ពិនិត្យ​លទ្ធភាព​​ផ្តល់ជំនួយ​​លើ​ការអនុវត្ត​ច្បាប់​​ពាក់ព័ន្ធ​​វិស័យ​កសិកម្ម​​

13-09-2018 10:44 am 468
  ស្តាប់
​លោក Mahbub Ahmedនាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី និងលោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម
ស្តាប់ជាសំឡេង

​ក្នុងជំនួប​ជាមួយ​នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB)​លោក Mahbub Ahmed ប្រចាំ​ប្រទេស Afghanistan, Bangladesh, Bhutan, India, Lao PDR, Tajikistan, and Turkmenistan ថ្ងៃទី​១២ កញ្ញា លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ស្នើឲ្យ​ធនាគារ​អភិវឌ្ឍ​អាស៊ី ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់ជំនួយ លើ​ការងារ​បច្ចេកទេស ការអភិវឌ្ឍ​ធនធានមនុស្ស ការ​គ្រប់ គ្រង និង​ការប្រើប្រាស់​ទឹក​ឲ្យមាន​ប្រសិទ្ធភាព ការ​ចងក្រង និង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​វិស័យ​កសិកម្ម ស្របតាម​និន្នាការ​រីកចម្រើន នៃ​សេដ្ឋកិច្ចជាតិ និង​កំណើនប្រជាជន​។​

​នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី បាន​វាយតម្លៃ​ខ្ពស់​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា ដែល​មួយផ្នែកធំ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ បានមកពី​វិស័យ​កសិកម្ម​។ ប៉ុន្តែ​លោក​មើលឃើញថា វិស័យ​នេះ នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ក្នុងនោះ គឺ​ការខ្វះខាត​លើ​វិស័យ​កែច្នៃ ខ្ចប់​ផលិតផល​កសិកម្ម ដែល​ទាមទារ​ឲ្យមាន​ការវិនិយោគ និង​យកចិត្តទុកដាក់​លើ​ការអនុវត្ត​បច្ចេកទេស សមស្រប​បន្ថែមទៀត ស្របតាម​ស្តង់ដារ​ទីផ្សារ​នាំចេញ​។ 

​តាម​ការបញ្ជាក់​ពី​លោក​វេង សាខុន ពី​ឆ្នាំ​១៩៩២​មក ធនាគារ​អភិវឌ្ឍ​អាស៊ី បាន​ជួយ​គាំទ្រ ទាំង​បច្ចេកទេស និង​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​នានា ពាក់ព័ន្ធ​វិស័យ​កសិកម្ម​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៤៥០​លាន​ដុល្លា​រហើយ​។​លោក​បានស្នើ​បន្ថែមទៀត ដល់​ធនាគារ​អភិវឌ្ឍ​អាស៊ី ឲ្យ​បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា បន្តទៀត ពិសេស​លើ​ការងារ​បច្ចេកទេស ការអភិវឌ្ឍ​ធនធានមនុស្ស ការគ្រប់គ្រង និង​ការប្រើប្រាស់​ទឹក ឲ្យមាន​ប្រសិទ្ធភាព ការ​ចងក្រង និង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ វិស័យ​កសិកម្ម​ស្របតាម​និន្នាការ រីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ និង​កំណើនប្រជាជន​។​

​លោក​ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិងកំពុង​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស ការធ្វើ​ពិពិធ​កម្ម​កសិកម្ម និង​យន្តូ​ប​នីយកម្ម​កសិកម្ម ដើម្បី​ជួយ​ជំរុញ​វិស័យ​កែច្នៃ ឲ្យមាន​ការរីកចម្រើន​ទាំង​ក្នុង​ពេលបច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត​។​

​សំណើ​នេះ នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី អះអាងថា នឹង​ទទួលយក​ទៅពិនិត្យ ពិចារណា ហើយ សន្យាថា នឹង​ខិតខំ​ឲ្យអស់​លទ្ធ​ភាពលើការងារអ​ភិ​វ​ឌ្ឍ​ធនធានមនុស្ស និង​ការរៀបចំ​ចងក្រង​ច្បាប់​នានា ដែល​ពាក់ព័ន្ធ​វិស័យ​កសិកម្ម ឲ្យស្រប​តាម​ស្តង់ដារ នៃ​ការវិវឌ្ឍ​ថ្មី​៕

ព័ត៌មានផ្សេងទៀត