ក្រសួង​បរិស្ថានព្រមាន​អ្នក​ដែល​ទន្ទ្រាន​ដីនិង​ទិញ​-​លក់​ដីដោយ​ខុសច្បាប់​

12-09-2018 7:37 pm 1105
  ស្តាប់
ស្តាប់ជាសំឡេង

​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​សិទ្ធិ​ស្របច្បាប់​របស់​ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍន៍ ក្រសួង​បរិស្ថាន បាន​ដាក់ចេញ​នូវ​វិធានការ និង​ការណែនាំ​មួយចំនួន​។ នៅ​ក្នុងនោះ ក្រសួង​បាន​ព្រមាន​អ្នក​ដែល​ធ្វើ​សកម្មភាព​ខុសច្បាប់ ដែល​មានដូចជា ការ​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន​ដីព្រៃ កា​សាងសង់​ខ្ទម​-​រោង ការដាំ​ដំណាំ​និង​ការ​អាស្រ័យ​ផល លើដី​របស់​រដ្ឋ នៅក្នុង​តំបន់​ការពារ​ធម្ម ជាតិ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​។ ចំណែក អ្នក​ដែល​ទិញ​-​លក់​ដី​រដ្ឋ និង​ការបញ្ជាក់​ការទិញ​-​លក់​ដី​រដ្ឋ ដោយ​ខុសច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ ត្រូវតែ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​ដូចគ្នា​។ 

​ក្នុងករ​ណី នៅតែ​ល្មើស​សេចក្តីណែនាំ​នេះ ក្រសួង​បរិស្ថាន ដែល​បាន​សហការ​ជាមួយ ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​រួចហើយនោះ នឹង​ចាត់វិធានការ​យ៉ាង​ម៉ឹងម៉ាត់​បំផុត​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួងបរិស្ថាន ចេញផ្សាយ​នៅ​ថ្ងៃទី​១២​ខែកញ្ញា​នេះ​។​

​សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់ថា ដើម្បី​បង្កើន​ការយល់ដឹង និង​ចូលរួម​គោរព​ច្បាប់​ឲ្យបាន​គ្រប់ៗ​គ្នា ក្រសួង​បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ ជួយ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​នេះ ឲ្យបាន​ទូលំទូលាយ​។ ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ដើម្បី​បញ្ចៀស កុំឲ្យ​ពលរដ្ឋ ប្រព្រឹត្តិ​ល្មើសច្បាប់​គ្រប់​រូបភាព នៅក្នុង​តំបន់ការពារធម្មជាតិ​។ 

​ការចេញ​វិធានការ​ទប់ស្កាត់​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សង្កេតឃើញថា បទល្មើស ការ​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន កាន់កាប់​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ការទិញ​-​លក់​និង​ការបញ្ជាក់​ការទិញ​-​លក់​ដី​រដ្ឋ​ខុសច្បាប់ នៅតែ​បន្ត​កើតឡើង នៅក្នុង​តំបន់ការពារធម្មជាតិ​។ ជាពិសេស នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ រាម​, ឧទ្យាន​ជាតិ​ព្រះមុនីវង្ស បូកគោ​, ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសមៈ គីរីរម្យ​, តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ព្រែក​ទឹកសាប​ក្បាល​ឆាយ​, ដែនជម្រកសត្វព្រៃ​លំផាត់ និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។​

​នៅ​ក្នុងនោះ ក្រសួង​ក៏​សង្កេតឃើញ​ដែរថា មាន​បុគ្គល​មួយចំនួន បាន​យក​ឯកសារ​ពាក្យស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដីធ្លី ដែល​រាជរដ្ឋាភិបាល បានប្រកាស​ជា​មោឃៈ​រូចហើយ មក​ធ្វើជា​លេស ដើម្បី​ធ្វើ​សកម្មភាព​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន​ដីព្រៃ នៅក្នុង​តំបន់ការពារធម្មជាតិ​ទាំងនេះ និង​នៅលើ​ទីតាំង​ដី​ស្របច្បាប់ របស់​ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍន៍ ដែល​រដ្ឋាភិបាល បានផ្តល់​ការអនុញ្ញាត​ជាគោលការណ៍​៕

ព័ត៌មានផ្សេងទៀត