មន្ទីរពេទ្យ​ខេត្ត​សៀមរាប ផ្តល់​សេវា​ព្យាបាល​ជំងឺ​ដល់​កុមារ ដោយ​ឥតគិតថ្លៃ​

12-09-2018 5:55 pm 340
  ស្តាប់
ស្តាប់ជាសំឡេង

​ឥឡូវនេះ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចាប់ផ្តើម​ផ្តល់​សេវា​ថែទាំ ពិនិត្យ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ​ដល់​កុមារ ដោយ​មិន​មាន​ការ​យក​ប្រាក់ ។​នេះ​បើ​តាម​ប្រសាសន៍​របស់ លោក​ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។​

​លោក​ក្រុស សារ៉ាត់ បានឱ្យដឹងថា​មន្ទីរពេទ្យបង្អែក​បានរៀបចំ​ឱ្យមាន ការព្យាបាល​ជំងឺ​ទូទៅ​សម្រាប់​កុមារ ដើម្បី​បំពេញ​តម្រូវការ នៃ​ការផ្តល់​សេវា​សុខភាព​របស់​រដ្ឋ​ឱ្យបាន​គ្រប់គ្រាន់ ដោយ​មន្ទីរពេទ្យបង្អែក​ខេត្ត បានចាប់ផ្តើម​ផ្តល់​សេវា​ថែទាំ ពិនិត្យ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ​ដល់​កុមារ​នៅក្នុង​មន្ទីរពេទ្យបង្អែក​នេះ ដោយ​មិន​គិតថ្លៃ​ឡើយ​។

​​លោក​នួន បូរ៉ា វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​ខាង​ជំងឺ​កុមារ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បានឱ្យដឹងថា ការចាប់ផ្តើម​ផ្តល់​សេវា​ថែទាំ​នេះ ព្រោះ​កន្លងមក មានការ​ត្អូញត្អែរថា មន្ទីរពេទ្យ មិន​មាន​ការផ្តល់​សេវា​សម្រាប់​ជំងឺ​កុមារ ប៉ុន្តែ​ពេល​នេះ​ខាង​មន្ទីរពេទ្យ​បានរៀបចំ​ឱ្យមាន​ការព្យាបាល ដោយ​មាន​គ្រូពេទ្យ​ជំនាញ មានបទពិសោធន៍​យូរ​ឆ្នាំ​ផ្នែក​កុមារ នឹង​ធ្វើ​ការព្យាបាល​ដោយ​ឥតគិតថ្លៃ ដូច​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែរ​។​

​លោក​បញ្ជាក់ថា ចាប់ពី​ពេលនេះ​ទៅ ពលរដ្ឋ​ដែល​គិតថា ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​កុមារ មាន​កុមារ​ច្រើន ឬ​ចង្អៀត​នោះ ពលរដ្ឋ​អាច​មក​ទទួល​សេវា​សុខភាព នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀម​រា​បាន​៕

ព័ត៌មានផ្សេងទៀត