លោកពូ​ទីន​​សុំឲ្យ​​លោក​អាបេ​​ចុះហត្ថលេខា​​លើ​សន្ធិសញ្ញា​​សន្ដិភាព​សិន​​មុន​ចង់បាន​​ការផ្លាស់ប្ដូរ​

12-09-2018 4:07 pm 873
  ស្តាប់
លោកពូទីន(ស្ដាំ)ពេលជួបលោកអាបេ
ស្តាប់ជាសំឡេង

​នៅក្នុង​កិច្ចប្រជុំ​សេដ្ឋកិច្ច​​នៅថ្ងៃ​ពុធនេះ ដែល​ប្រព្រឹត្ដ​ទៅក្នុង​ទីក្រុង​Vladivostok​ប្រទេស​រុស្ស៊ី ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន បាន​ប្រាប់​ទៅ​លោក​ស៊ីន​ហ្ស៊ូ អាបេ​នាយករដ្ឋមន្ដ្រីជ​ប៉ុន ដែល​អង្គុយ​ក្បែរ​គ្នា​ថា គួរតែ​ចុះ​កិច្ចព្រមព្រៀង​សន្ដិភាព​នៅមុន​ដំណាច់​ឆ្នាំនេះ​។ ប្រទេស​ទាំងពីរ​មាន​ជម្លោះ​ជាមួយគ្នា ជុំវិញ​ប្រជុំ​កោះ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ហើយក៏​មិនទាន់​បានបញ្ចប់​ការ​បង្កហេតុ​ក្នុង​សង្គ្រាមលោកលើកទីពីរ​ជាមួយគ្នា​ជា​ផ្លូវការ​នៅឡើយ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ លោកពូ​ទីន​បានបញ្ជាក់​ដូច្នេះ​ថា “​បញ្ហា​នេះ​នៅតែ​ស្ថិតក្នុង​ខួរក្បាល​របស់ខ្ញុំ​។ សូម​បញ្ចប់​សន្ធិសញ្ញា​សន្ដិ​ភាពជាផ្លូវការ​មួយ​ទៅ​មុនដាច់​ឆ្នាំនេះ ជា​សន្ធិសញ្ញា​សន្ដិភាព​ដោយ​គ្មាន​កំណត់​លក្ខខណ្ឌ​។​” លោកពូ​ទីន​ថា​សន្ដិសុខ​នៅក្នុង​តំបន់​ជា​រឿង​សំខាន់ ហើយ​រុស្ស៊ី​ពិតជា​បារម្ភ​ពី​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​តំបន់​ជម្លោះ​។ កាលពី​ឆ្នាំមុន​ជប៉ុន​បានសម្រេច នឹង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ផ្លោង​ទិញ​ពី​អាមេរិក នៅ​ប្រជុំ​កោះ​ជម្លោះ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​។​

​ដូច្នេះហើយ​ទើប​លោកពូ​ទីន​បាន​សង្កត់ធ្ងន់ថា សន្ធិសញ្ញា​សន្ដិភាព​ជា​រឿង​សំខាន់ ព្រោះ​ជប៉ុន​និង​រុស្ស៊ី​បាន​ចរចា​គ្នា​អស់​៧០​ឆ្នាំ​មកហើយ​នៅតែ​មិនទាន់​ដាច់ស្រេច​។ លោកពូ​ទីន​ថា​លោក​អាបេ​ចង់ឲ្យមាន​ការផ្លាស់ប្ដូ​រ គឺ​ផ្លាស់ប្ដូរ​បាន​សំខាន់​ត្រូវ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​សិន​ទៅ​។ យ៉ាងណាមិញ​នាយករដ្ឋមន្ដ្រី​ជប៉ុន​មិនទាន់​ឆ្លើយតប​អ្វី​ទេ ទោះបី​លោក​កត់សម្គាល់ថា កិច្ចប្រជុំ​ជាមួយ​លោកពូ​ទីន​កំពុង​ឆ្ពោះទៅរក​សន្ធិសញ្ញា​សន្ដិភាព​ក៏ដោយ​៕

ព័ត៌មានផ្សេងទៀត