តំណាង​កម្ពុជា​ប្រតិកម្ម​នឹង​​មន្ត្រី​UN​​ដែល​ទាមទារ​​ឲ្យ​ទម្លាក់​​រាល់​បទ​ចោទ​​លើលោក​កឹម សុខា​​

12-09-2018 3:42 pm 7334
  ស្តាប់
លោកណី សំអុល ​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ
ស្តាប់ជាសំឡេង

​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ហ្សឺ​ណែ​វ លោក ណី សំអុល កាលពី​ថ្ងៃទី​១១ កញ្ញា បាន​ប្រតិកម្ម​ទៅនឹង​ការទាមទារ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការសហប្រជាជាតិ ដែល​ស្នើឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់ចោល​រាល់​បទចោទប្រកាន់​លើ​លោក​កឹម សុខា និង​បទ​ចោទ​ប្រឆាំង​អ្នកទោសនយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​។​

​សេចក្តីថ្លែងការណ៍​រប​ស់លោ​កណី សំអុល លើកឡើងថា សំណើ​របស់​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី មី​ហ្សែ​ល បា​សេ​ឡេ (Michelle Bachelet) គឺធ្វើឡើង​ផ្អែកទៅលើ​ព័ត៌មាន​មាន​លក្ខណៈ​នយោបាយ លាប​ពណ៌​កម្ពុជា​។ លោក​ណី សំអុល​អះអាងថា ពលរដ្ឋ​ខ្មែរ​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ដោយ​ឥត​ប្រកាន់​និន្នាការ​នយោបាយ​។ ដូច្នេះ​ជនល្មើស​ត្រូវ​ផ្ដន្ទាទោស​ដោយ​អំណាចតុលាការ មិនមែន​ដោយសារ​ពួកគេ​ជា​នរណា​នោះទេ ប៉ុន្តែ​ដោយសារ​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​។​

​សូមបញ្ជាក់ថា ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយ ការលើកឡើង​របស់​អ្នកស្រី មី​ហ្សែ​ល បា​សេ​ឡេ ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុ​កកិច្ចការ​សិទ្ធិមនុស្ស ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ទី​៣៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែ​វ កាលពី​ថ្ងៃទី​១០ កញ្ញា ដោយ​អ្នកស្រី បានចាត់ទុក​បញ្ហា​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ខ្លាំង​នៃ​ការរំលោភ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។  លោកស្រី ស្នើឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការចោទប្រកាន់​ទាំងស្រុង ចំពោះ​រូបលោក​កឹម សុខា អ្នកនយោបាយ​ទាំងអស់ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​សាមញ្ញ ដែល​ត្រូវបាន​ចាប់ខ្លួន ឬ​ផ្ដន្ទាទោស ដោយសារតែ​ពួកគេ​អនុវត្ត​សិទ្ធិ​របស់ខ្លួន​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន ក៏​បានស្នើ​ដល់​អង្គការ​បរទេស​ទាំង​ឡាយ បញ្ឈប់​ការលើកឡើង ដែល​លោក​ចាត់ទុកថា គ្មាន​មូលដ្ឋាន បែបនេះ​តទៅទៀត​។ លោក​ថា ករណី​លោក​កី​ម សុខា ជា​ការងារ​ផ្តាច់មុខ​របស់​តុលាការ​កម្ពុជា​សុទ្ធសាធ​៕

ព័ត៌មានផ្សេងទៀត