រដ្ឋមន្ត្រី​អប់រំ​នឹង​បើក​សន្លឹក​កិច្ចការ​មុខវិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ប្តឹងតវ៉ា​

11-09-2018 8:04 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ការតវ៉ា​ប្រឆាំង​នឹង​លទ្ធផល ប្រឡង​សញ្ញាបត្រ​បាក់​ឌុប កាន់តែ​ពុះកញ្ជ្រោល​ឡើងៗ ដោយសារតែ​មាន​បេក្ខជន​ប្រឡង​ជាច្រើន បាន​នាំគ្នា​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ សិស្សានុសិស្ស ដែល​កើតទុក្ខ​មិន​សុខចិត្ត​នឹង​លទ្ធផល​ប្រឡង ដោយ​ស្នើ​ឲ្យ​ពិនិត្យ​សន្លឹក​កិច្ចការ​ឡើងវិញ លើ​មុខវិជ្ជា មួយចំនួន ជាពិសេស​មុខវិជ្ជា​គណិត​វិទ្យា​តែម្តង​។ រហូត​មាន​អ្នកខ្លះ ជា​សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំងប្រទេស តែ​បែរជា​ធ្លាក់​មុខ​វិទ្យា​នេះ​ទៅ​វិញ​។​

​ក្រោយ​ពី​ក្រសួង​អប់រំ ប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការប្រឡង​បាក់​ឌុប​២០១៨ ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាង​១​សែន​នាក់ មានតែ​បេក្ខជន​ជាង​៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) នៅក្នុង​ឆ្នាំ​២០១៨​នេះ​។ ចំណែក​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A,B ,C​ក៏​មាន​ការថយចុះ​ជាង​ឆ្នាំ​មុន​ដែរ​។​

​នៅ​រសៀល​ថ្ងៃ​ទី​១១ កញ្ញា​នេះ ក្រុម​បេក្ខជន​ប្រឡង​ដែល​មិន​ពេញចិត្ត​នឹង​លទ្ធផល បាន​បន្ត​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ ដោយ​បាន​បញ្ចេញមតិ​ស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​លើ​សន្លឹក​កិច្ច​របស់​ពួកគេ​ឡើងវិញ​។ សិស្សានុសិស្ស​ទាំង​នោះ បាន​អះអាង លទ្ធផល​នេះ ជា​ការបំផ្លាញ​អនាគត​របស់​ពួកគេ ដែល​ខិតខំ​កសាង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

សំឡេង

​ក្រៅ​ពី​បេក្ខជន នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​វិញ ទាំង​លោកគ្រូ អ្នកគ្រូ ដែល​បង្ហាត់ បង្រៀន មុខ​វិទ្យា​គណិតវិទ្យា បាននាំគ្នា​សរសេរ ដោយ​កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​លទ្ធផល ពិន្ទុ​មុខវិជ្ជា​គណិត​ផងដែរ​។ ទាំង​គ្រូ និង​បេក្ខជន​បាន​ស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​សន្លឹក​កិច្ចការ មុខវិជ្ជា​គណិត​ឡើងវិញ​ផងដែរ​។​

​មកដល់ពេលនេះ វិទ្យុ​វាយោ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោករ​ស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ឡើយ នៅ​រសៀល​ថ្ងៃ​ទី​១១ កញ្ញា​នេះ​។ 

​តែ​យ៉ាងណាមិញ បើ​តាម​ការអះអាង​ពី​លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​១០ កញ្ញា ឲ្យដឹងថា “​ក្រសួង​នឹង​ពិនិត្យ​សន្លឹក​កិច្ចការ​សិស្ស​ដោយ​ធ្វើ​កោសល្យវិច្ច័យ​លើ​សន្លឹក​កិច្ច​គណិតវិទ្យា របស់​បេក្ខជន​តវ៉ា​មួយចំនួន​”​។ ជាមួយគ្នានេះ ក្រសួង​អប់រំ ក៏​បាន​ឲ្យ​បេក្ខជន​ប្រឡង​ដែល​មិន​ពេញចិត្ត​នឹង​លទ្ធផល ត្រូវដាក់​លិខិតតវ៉ា​មក​ក្រសួង​ផងដែរ​។​

​សូមបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅក្នុង​ឆ្នាំនេះ បេក្ខជន​ដែល​ទទួលបាន​និទ្ទេស​A​មាន​ចំនួន ២៩០​នាក់ និទ្ទេស​B​មាន​ចំនួន ១,៥៣២​នាក់ និទ្ទេស C​មាន​ចំនួន ៤,៦៣១​នាក់ និទ្ទេស D​មាន​ចំនួន ១៣,៩៩៩​នាក់ និង​និទ្ទេស E​មាន​ចំនួន ៥៤,៦០៧​នាក់​។ បើ​ប្រៀបធៀប​ទៅ​នឹង​ការប្រឡង​បាក់​ឌុប​កាលពី​ឆ្នាំ​២០១៧ គឺ​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A,B ,C មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​នេះ​។ ប៉ុន្តែ​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស​D និង​E នៅក្នុង​ឆ្នាំ​២០១៨ គឺ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០១៧៕
 

ព័ត៌មានផ្សេងទៀត