លោកហ៊ុនសែនឆ្លើយតបអ្វីខ្លះទៅនឹងសំណួររបស់ក្រុមហ៊ុនធំៗរបស់ចិនទាំង៦?

11-09-2018 3:13 pm 10402
  ស្តាប់
ស្តាប់ជាសំឡេង

ឆ្លើយតបទៅនឹងសំណួររបស់នាយកប្រតិបត្តិក្រុមហ៊ុនធំៗទាំង៦របស់ចិន ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី១១ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ៖

ទី១. លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ ដែលដឹកនាំដោយលោកផ្ទាល់ នឹងបន្តជំរុញ លើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នកវិនិយោគទុនបរទេសទាំងអស់ ក្នុងនោះ រាប់បញ្ចូលទាំង វិនិយោគទុនចិន ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំតុមូលនេះ និងដែលមានគម្រោងទៅបណ្តាក់ទុន វិនិយោគក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគត ។

ទី២. លោកនាយករដ្ឋមន្រ្តី ក៏បានថ្លែងបញ្ជាក់ដល់អ្នកវិនិយោគទុនចិន ពីគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋាភិបាលចិន ក្នុងការផ្តល់កម្ចីសម្បទានដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ មានការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេសចិន តាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ។

ទី៣. លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៅកាន់បណ្តាក្រុមហ៊ុនចិន កុំឱ្យមានការភ័យខ្លាចទៅលើការលុបកុងត្រាចាស់ណាមួយ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុន តែផ្ទុយទៅវិញ រាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក លោកនឹងបន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា ។

និងទី៤. លោកនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើង ព្រោះកម្ពុជានៅមានសក្តានុពលច្រើន ក្នុងការវិនិយោគ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត ៕

ព័ត៌មានផ្សេងទៀត