អាមេរិកព្រមាន​ចាត់វិធានការប្រឆាំងនឹងចៅក្រមនិងព្រះរាជអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​

11-09-2018 1:18 pm 2017
អាមេរិកព្រមាន​ចាត់វិធានការប្រឆាំងនឹងចៅក្រមតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ប្រសិនបើចោទប្រកាន់យោធាអាមេរិក

​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​( ICC)​កំពុង​ពិចារណា លើ​ការចាត់​វិធានការឲ្យ​មាន​ការចោទប្រកាន់​កង​ទ័ព​អាមេរិក ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​ធ្ងន់ធ្ងរ អំឡុងពេល​បំពេញបេសកកម្ម នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ ដំណឹង​នេះ​ធ្វើឲ្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក​John Bolton ផ្ទុះ​កំហឹង ដោយ​ហៅ​តុលាការ​ICC ថា​ជា​ស្ថាប័ន​មិន​ស្របច្បាប់​។ ជាការឆ្លើយតប អាមេរិកនឹង​ចាត់វិធានការ​ជាក់ស្តែង ប្រឆាំងនឹង​ចៅក្រម​និង​ព្រះរាជអាជ្ញា ដែល​បម្រើ​ការងារ នៅក្នុង​ស្ថាប័ន​តុលាការ​ICC​នេះ​ផងដែរ​។​

​នៅ​ក្នុងនោះ ចៅក្រម​និង​ព្រះរាជអាជ្ញា ដែល​បម្រើ​ការងារ​នៅក្នុង​តុលាការ ICC នឹងត្រូវ​ហាមឃាត់​មិនឲ្យ​ធ្វើដំណើ​រចូលក្នុង​សហរដ្ឋអាមេរិ​ក ហើយ​លុយកាក់​របស់​ពួកគេ ដែលមាន​តម្កល់​នៅក្នុង​សហរដ្ឋអាមេរិក​នឹងត្រូវ​បង្កក​ទុក​។ បន្ថែម​លើ​នេះ អាមេរិក​នឹង​ប្រើប្រាស់​វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​ប្រឆាំងនឹង​ចៅ​ក្រុម​និង​ព្រះរាជអាជ្ញា​ទាំងនោះ​ទៀតផង​។ អាមេរិក​ក៏បាន​ព្រមាន​ផងដែរ ដល់​ក្រុមហ៊ុន​ឬ​ប្រទេស ទាំងឡាយណា ដែល​គាំទ្រ​តុលាការ ICC ក្នុង​ដំណើរការ​ស៊ើបអង្កេត សំណុំរឿង​ពាក់ព័ន្ធ​នឹង​អាមេរិក​។ 

ចំណែក អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​លោក Sarah Huckabee Sanders បាន​ថ្លែងថា លោក​ត្រាំ នឹង​ប្រើប្រាស់​វិធានការ​ចាំបាច់​នានា ដើម្បី​ការពារ​ពលរដ្ឋ​ខ្លួន ព្រមទាំង​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត ដែល​រង​នូវ​ការកាត់ទោស ដោយ​អយុត្តិធម៌​ពី​តុលាការ ICC​។​

​តុលាការ​ICC​ដែលមាន​ការទទួលស្គាល់ និង​គាំទ្រ​ដោយ​រដ្ឋ​ជា​សមាជិក​ចំនួន ១២៣ បាន​លើកឡើងថា​ខ្លួន​ជា​ស្ថាប័ន​យុត្តិធម៌​មួយ ដែល​អនុវត្ត​ការងារ ដោយ​ឈរលើ​គោលការណ៍​ឯករាជ្យ​និង​មិន​លំអៀង​។ នាយករង​នៃ​កម្មវិធី​យុត្តិធម៌​អន្តរជាតិ​លោកស្រី​Liz Evenson និយាយថា អ្វី​ដែលោក John Bolton បានលើកឡើង គឺ​បង្ហាញថា អាមេរិក​មិនបាន​យកចិត្តទុកដាក់ ចំពោះ​ជនរងគ្រោះ​ដោយសារ អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​ឃោ​ឃៅ​ឡើយ ហើយ​អាមេរិក​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ អ្នកប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​សង្គ្រាម ជាង​ការគាំទ្រ​យុត្តិធម៌​។​

​គួរ​ជម្រាបជូន​ថា អាមេរិក​បាន​រិះគន់ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ( ICC ) ជា​យូរណាស់​មកហើយ​។ ប៉ុន្តែ​ទើបតែ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ប៉ុណ្ណោះ ដែល​លោក​John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​ព្រមាន​ធ្ងន់ៗ ចំពោះ​តុលាការអន្តរជាតិ​មួយ​នេះ​។ អាមេរិក​ផ្ទុះ​កំហឹង​​នឹង​តុលាការ​ICC តាំងពី​ឆ្នាំមុន នៅពេល​លោក Fatou Bensouda ព្រះរាជអាជ្ញា​របស់​តុលាការ ICC ស្នើ​បើក​ការស៊ើបអង្កេត​ពេញលេញ​មួយ អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដែល​រួម​មានការ​ស៊ើប​អង្កេ​តយោធា​អាមេរិក ដែល​បំពេញបេសកកម្ម នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ផងដែរ​។ មួយទៀត ពាក់ព័ន្ធ​នឹង​ការ​ចោទ​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​ប្រទេស​អ៊ីស្រាអែល ថា​បាន​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​តំបន់​Gaza និង​មាន​ការទាមទារ​ឲ្យ​បើ​កការស៊ើបអង្កេត​៕

ព័ត៌មានផ្សេងទៀត