១១​កញ្ញា​​២០១៨ ខួប​១៧​ឆ្នាំ​​ហេតុការណ៍​​យន្ដហោះ​​បុក​កម្ទេច​​អគារ​​ពាណិជ្ជកម្ម​​នៅ​អាមេរិក​

11-09-2018 11:29 am 732
អគារ​ពាណិជ្ជកម្ម​ពិភពលោក​នៅអាមេរិក ដែលរង​ការវាយប្រហារភេរវកម្ម

​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ មាន​រយៈពេល​១៧​ឆ្នាំ​ហើយ បន្ទាប់ពី​យន្ដហោះ​ពី​រគ្រឿង​ហោះ​បុក​កម្ទេច​អគារ​ពាណិជ្ជកម្ម​ភ្លោះ​ពិភពលោក ស្ថិតក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​។ ហេតុការណ៍​នេះ​ធ្វើឲ្យ​អាមេរិក​ចងចាំ​មិន​ភ្លេច និង​បាន​ចារ​ក្នុង​ទំព័រ​ប្រវត្ដិសាស្ដ្រ​របស់ខ្លួន ជា​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់មាន​។ មនុស្ស​ស្លាប់​និង​របួស​មាន​រាប់ពាន់នាក់ បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​អាមេរិក និង​ធ្វើឲ្យ​ទីផ្សារ​ពិភពលោ​កត្រូវ​វឹកវរ​។ ក្រោយពី​នោះ​អាមេរិក​ក​ក៏​ចាប់ផ្ដើម​យុទ្ធនាការ បង្ក្រាប​ក្រុម​សកម្មប្រយុទ្ធ​អាល់​កៃ​ដា ដ្បិត​ក្រុម​នេះ​ជា​អ្នកបើក​ការវាយប្រហារ​ភេរវកម្ម​។ ចង់ដឹង​ហេតុការណ៍​នេះ​កើតឡើង​យ៉ាងណាខ្លះ ហើយ​អាមេរិក​ឆ្លើយតប​យ៉ាងដូចម្ដេច​ចំពោះ​ក្រុម​អាល់​កៃ​ដា​? 

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

សំឡេង៖ 

​បើ​យើង​គិតដល់​ថ្ងៃទី​១១​ខែ​កញ្ញា យើង​ប្រាកដជា​នឹកឃើញ​ថ្ងៃ​ដែល​អគារ​ពាណិជ្ជកម្ម​ភ្លោះ​ពិភពលោក ស្ថិតក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក ត្រូវបាន​យន្ដហោះ​បុក​កម្ទេច​។ ការវាយប្រហារ​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ គឺជា​ព្រឹត្ដិការណ៍​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​អាមេ​រិក រហូត​មកដល់ពេលនេះ​មាន​រយៈពេល​១៧​ឆ្នាំ​ហើយ គេ​នៅតែ​ចងចាំ​មិន​ភ្លេច​។ ការវាយប្រហារ​កាលនោះ គឺជា​ផែនការ​របស់​ក្រុម​ភេរ​វករ​អាល់​កៃ​ដា ដែល​ចង់​បង្ក​មហន្ដរាយ​ដល់​អាមេរិក​។​

​នៅ​ថ្ងៃកើតហេតុ យន្តហោះ​ដឹក​អ្នកដំណើរ​៤​គ្រឿង ដែល​គ្រោង​ចាកចេញ​ពី​អាកាសយានដ្ឋាន​នៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​ឆ្ពោះទៅ​រដ្ឋ​California ត្រូវបាន​ក្រុម​អាល់​កៃ​ដា​មាន​គ្នា​១៩​នាក់​ប្លន់ ក្នុង​គោលដៅ​បើក​បុក​អគារ​សំខាន់ៗ​នៅ​អាមេរិក​។ ក្នុងចំណោម​យន្តហោះ​ទាំងនោះ មាន​យន្តហោះ​ពីរ​គ្រឿង​គឺ​ប្រភេទ​American Airlines Flight 11 និង​ប្រភេទ​United Airlines Flight 175 បាន​បើក​បុក​ផ្នែក​ខាងជើង និង​ខាងត្បូង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ទីក្រុង​ញ៉ូវ​យ៉​ក​តែម្ដង ដោយ​យន្ដហោះ​ទីមួយ​ហោះ​បុក​អគារ​នៅ​ម៉ោង​៨​និង​៤៦​នាទី​ព្រឹក និង​យន្ដហោះ​ទី​ពី​រហោះ​បុក​អគារ​នៅ​ម៉ោង​៩​និង​០៣​នាទី​ព្រឹក​ម៉ោង​ក្នុង​តំបន់​។​

​ក្រោយ​ត្រូវ​យន្ដហោះ​បុក​ទម្លុះ រយៈពេល​តែ​១​ម៉ោង​និង​៤២​នាទី​ប៉ុណ្ណោះ អគារ​ពាណិជ្ជកម្ម​ភ្លោះ​ទាំងពីរ​ដែលមាន​កម្ពស់​១១០​ជាន់ ត្រូវ​រលំ​ខ្ទេចខ្ទី​ឆេះ​រាលដាល​ដល់​អគារ​សំខាន់ៗ​នៅ​ជិត​នោះ​ផង​។ ជា​លទ្ធផល​មនុស្ស​២,៩៩៧​នាក់​ត្រូវស្លាប់ ក្នុងនោះ​មាន​ទាំង​ក្រុមចោ​ប្លន់​យន្ដហោះ​១៩​នាក់ និង​របួស​ជាង​៦​ពាន់​នាក់​។ ការខូចខាត​គិត​ជា​ទឹកប្រាក់​វិញ មាន​យ៉ាងតិចណាស់​១០​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ការសង្ស័យ​បាន​ធ្លាក់​ទៅលើ​ក្រុម​អាល់​កៃ​ដា​យ៉ាង​ឆាប់រហ័ស ហើយ​អាមេរិក​បាន​ឆ្លើយតប​ចំពោះ​សកម្មភាព​បុក​កម្ទេច​អគារ​ពាណិជ្ជកម្ម​ភ្លោះ ដោយ​ការចាប់ផ្ដើម​ធ្វើសង្គ្រាម​ប្រឆាំង​ភេរវកម្ម និង​បាន​លុកលុយ​ចូល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដើម្បី​កម្ចាត់​ក្រុម​តា​លី​បង់​បង្កើតឡើង​ជា​ក្រុម​អាល់​កៃ​ដា​។ ប្រទេស​ជាច្រើន​ទៀត​បាន​ពង្រឹង​ច្បាប់​ប្រឆាំង​ភេរវកម្ម​កាន់តែខ្លាំង​ជាង​មុន ការពារ​ការវាយប្រហា​រ​ដោយ​សកម្មភាព​ភេរវកម្ម​។ ហេតុការណ៍​នេះ​ទោះបី​ដំបូង​ឡើយ​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា លោក​អូ​សា​ម៉ា ប៊ី​ន​ឡាដិន​បដិសេធ​មិន​ពាក់ព័ន្ធ​ក៏ដោយ ប៉ុន្ដែ​នៅ​ឆ្នាំ​២០០៤​លោក​បាន​អះអាង​ទទួលខុសត្រូវ​។ បន្ទាប់ពី​សារភាព​បែប​នេះហើយ មិន​ថា​ខំ​រត់គេច​បែបណាក៏ដោយ លោក​អូ​សា​ម៉ា ប៊ី​ន​ឡាដិន​នៅ​ទីបំផុ​តត្រូវ​ចាប់ខ្លួ​ន​បាន និង​ត្រូវ​សមាជិក​យោធា​អាមេរិក​សម្លាប់​នៅ​ខែឧសភា​ឆ្នាំ​២០១១​។ តែ​ទម្រាំ​ចាប់ខ្លួនបាន អាមេរិក​ត្រូវ​ចំណាយពេល​ប្រមាណ​ជា​១០​ឆ្នាំ​។​

​ការបំផ្លាញ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក ដែល​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្បែរនោះ​ផង បាន​បង្ក​ជា​វិបត្ដិ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សេដ្ឋកិច្ច​នៃ​តំបន់​Lower Manhattan ជា​ផ្នែក​មួយ​នៃ​ទីក្រុង​ញូវយ៉ក និង​ប៉ះពាល់​ដល់​ទីផ្សារ​ពិភពលោក​។ ជាក់ស្តែង​វា​បាន​បណ្ដាលឲ្យ​បិទទ្វា​រទី​ផ្សារភាគហ៊ុន​Wall Street ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​អាមេរិក និង​កាណាដា​មួយរយៈ​ជាដើម​។ ស្ថាប័ន​និង​គម្រោង​ការងារ​ជាច្រើន​ត្រូវបាន​បិទទ្វារ​និង​លុបចោល ចំណែក​មនុស្ស​មួយចំនួន​បាន​ជម្លៀស​ខ្លួន ហើយ​នៅតែ​បារម្ភ​ខ្លាច​មាន​ការវាយប្រហារ​កើតឡើង​ម្ដងទៀត​។​

​ចំពោះ​ការ​បោសសម្អាត​អគារ​ភ្លោះ​នេះ​បានបញ្ចប់​នៅត្រឹម​ខែឧសភា​ឆ្នាំ​២០០២ ហើយ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០០៦ ការ​សារ​សង់​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ទោល បានចាប់ផ្តើម​ជាថ្មី​នៅ​ទីតាំង​ដដែល ហើយ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​។ សំណង់​ស្ថាបត្យកម្ម​ជាច្រើន​ត្រូវបាន​កសាងឡើង ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​មហា​សោកនាដកម្ម​នេះ មានដូចជា​សារមន្ទីរ​ជាតិ​National September 11 Memorial & Museum នៅ​ទីក្រុង​ញូវយ៉ក អគារ​Pentagon Memorial នៅ​Arlington ក៏ដូចជា​សំណង់​Flight 93 National Memorial​ជាដើម​៕

សូមទស្សនាវីដេអូ៖

ព័ត៌មានផ្សេងទៀត