លោក​គីម ជុង​អ៊ុន​​ស្នើឲ្យ​មាន​​កិច្ច​ជំនួប​​លើកទី​ពីរ​ជា​មួយលោក​​ដូណាល់ ត្រាំ​

11-09-2018 8:58 am 570
  ស្តាប់
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ​ពេលជួបគ្នាកន្លងមក
ស្តាប់ជាសំឡេង

​ប៉ុន្មាន​ថ្ងៃមុន​លោក​ដូណាល់ ត្រាំ​បាន​និយាយថា លោក​សង្ឃឹម​លិខិត​មួយច្បាប់​ដែល​កូរ៉េខាងជើង​នឹង​ផ្ញើមក​ឲ្យ​លោក​ជាថ្មី ពោរពេញ​ដោយ​អត្ថន័យ​វិជ្ជមាន​សម្រាប់​ភាគី​ទាំងពីរ​។ ការ​ថ្លែង​បែបនេះ​បន្ទាប់ពី​លោក​ទើប​ទទួលបាន​លិខិត​មួយច្បាប់​ពី​កូរ៉េខាងជើង ដែល​ធ្វើឲ្យ​លោក​សម្រេច​លុប​ចោលដំណើរ​ទស្សនកិច្ច​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​ទៅ​កូរ៉េខាងជើង​ភ្លាមៗ​។ លោក​ត្រាំ​មិន​បានបង្ហាញ​ពី​អត្ថន័យ​នៃ​លិខិត​នោះទេ ប៉ុន្ដែ​តាម​ការ​ឲ្យដឹងពី​ប្រព័ន្ធ​ផ្សព្វផ្សាយ វា​មាន​អត្ថន័យ​ចង់​បង្កហេតុ​។ ដូច្នេះហើយ​ទើប​លោក​ត្រាំ​រំពឹងថា លិខិត​ថ្មី​ដែល​ផ្ញើមក​ឲ្យ​លោកតាម​ក្រោយនេះ​ខុស​ពីមុន​។​

​នៅ​ទីបំផុត​ពិតជា​ដូច​អ្វីដែល​លោក​គិត​មែន គឺជា​រឿង​ល្អ​សម្រាប់​អាមេរិក​និង​កូរ៉េខាងជើង​។ តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ នៅក្នុង​លិខិត​ថ្មី​នេះ ស្នើសុំ​ឲ្យមាន​ការរៀបចំ​កិច្ចប្រជុំលើ​ក​ទី​ពីរ រវាង​លោក​ត្រាំ​ជាមួយ​លោក​គីម បន្ទាប់ពី​កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្ដ្រ​លើកទីមួយ​នៅ​សិង្ហបុរី​កាលពី​ថ្ងៃទី​១២​មិថុនា​។ លិខិត​របស់លោក​គីម ជុង​អ៊ុន បានបង្ហាញ​ពី​ការប្ដេជ្ញាចិត្ដ ដោយ​ផ្ដោតជាសំខាន់​លើ​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ វា​គឺជា​លិខិត​ដែលមាន​អត្ថន័យ​វិជ្ជមាន និង​មាន​ភាពកក់ក្ដៅ​បំផុត​។ តាមរយៈ​លិខិត​នេះ​សបញ្ជាក់​កាន់តែច្បាស់​ថា កូរ៉េខាងជើង​និង​អាមេរិក​មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ទៅមុខ​។​

​ជា​ការកត់សម្គាល់ អាមេរិក​និង​កូរ៉េខាងជើង​ថ្មីៗ​នេះ​ហាក់​មាន​ភាព​រកាំរកូស​នឹង​គ្នា ជុំវិញ​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ អាមេរិក​ចោទថា​កូរ៉េខាងជើង​មិនបាន​ធ្វើតាម​ការប្ដេជ្ញាចិត្ដ ដូច​បាន​សន្យា​ក្នុង​កិច្ចប្រជុំ​នៅ​សិង្ហ​បុរី​ទេ ព្រោះ​មិនបាន​ចាត់វិធានការ​ស្ដែង​ឲ្យ​អន្ដរជាតិ​បានឃើញ​។ ប៉ុន្ដែ​លោក​គីម ជុង​អ៊ុន​បានប្រកាស​ពី​គោលជំហរ​របស់លោក​ថា ទោះ​មាន​ការចោទប្រកាន់​យ៉ាងណាក្ដី លោក​នៅតែ​ផ្ដោត​សំខាន់​លើ​ការរំលាយ​នុយក្លេអ៊ែរ​ឲ្យបាន គឺ​លោក​ចង់​រំលាយ​នុយក្លេអ៊ែរ​មុន​លោក​ត្រាំ​ចប់​អាណត្ដិ​ប្រធានាធិបតី​។ លោក​ត្រាំ​វិញ​បង្ហាញ​ភាពជឿជាក់​ដូចគ្នា​ថា លោក​គីម​ពិតជា​អាច​ធ្វើបាន​៕

ព័ត៌មានផ្សេងទៀត