រុស្ស៊ី​នឹង​​ចាប់ផ្ដើម​​សមយុទ្ធ​​ទ្រង់ទ្រាយ​ធំ​​មិន​ធ្លាប់​មាន​នៅ​ថ្ងៃទី​១១​កញ្ញា​

10-09-2018 3:39 pm 1642
  ស្តាប់
ឧទ្ធម្ភាគចក្រ​រុស្ស៊ី​​ដែល​ចូលរួម​ក្នុងសមយុទ្ធ​​កាលពីឆ្នាំ២០១៧
ស្តាប់ជាសំឡេង

​រុស្ស៊ី​នៅ​ថ្ងៃទី​១១​កញ្ញា​នេះ​នឹង​ចាប់ផ្ដើម​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​ក្នុង​ប្រវត្ដិសាស្ដ្រ ដោយមាន​កងទ័ព​ចូលរួម​៣​សែន​នាក់ ហើយ​មាន​ទាំង​កងទ័ព​ចិន​ក៏​ចូលរួម​ផងដែរ​។ សមយុទ្ធ​នេះ​អង្គការ​ណា​តូ​ចាត់ទុកជា​ការធ្វើ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​។ សមយុទ្ធ​មាន​ឈ្មោះថា​"Vostok-2018" រៀបចំឡើង​ស្របពេល​ទីក្រុង​ម៉ូស្គូ​និង​លោកខាងលិច​កំពុងមាន​ភាព​តានតឹង​កើតឡើង ជុំវិញ​ការចោទប្រកាន់ថា​រុស្ស៊ី​ចូល​ជ្រៀតជ្រែក​កិច្ចការ​លោកខាងលិច និង​លូកដៃ​ក្នុង​ជម្លោះ​នៅ​អ៊ុន​ក្រែ​ននិង​នៅ​ស៊ីរី​។ 

​កងទ័ព​រុស្ស៊ី​បាន​ប្រៀបធៀប​សមយុទ្ធ​លើក​នេះ ទៅនឹង​សមយុទ្ធ​កាលពី​ឆ្នាំ​១៩៨១​មាន​ឈ្មោះថា​"Zapad-81" មាន​កងទ័ព​ចូលរួម​ចន្លោះ​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​នាក់​។ សមយុទ្ធ​កាលនោះ​ជា​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​របស់​សហភាពសូវៀត​។ យ៉ាងណាមិញ​រដ្ឋមន្ដ្រីក្រសួង​ការពារជាតិ​រុស្ស៊ី​លោក​Sergei Shoigu​និយាយថា សមយុទ្ធ​លើក​នេះ​ធំ​ជាង​មុន ព្រោះ​មាន​កងទ័ព​ចូលរួម​រហូតដល់​៣០​ម៉ឺន​នាក់ គ្រឿងយន្ដ​យោធា​៣៦,០០០​គ្រឿង យន្ដហោះ​១​ពាន់​គ្រឿង  និង​នាវាចម្បាំង​៨០​គ្រឿង​។ 

​នៅក្នុង​សមយុទ្ធ​រុស្ស៊ី​នឹង​បង្ហាញ​សព្វាវុធ​ទំនើបៗ​របស់គេ​ផងដែរ ដូចជា​មី​ស៊ី​ល​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ រថក្រោះ​ប្រភេទ T-80, T-90 និង​យន្ដហោះ​ចម្បាំង​Su-34, Su-35​។ នៅក្នុង​សមុទ្រ​កងទ័ពជើងទឹក​រុស្ស៊ី​នឹង​ដាក់ពង្រាយ​មី​ស៊ី​ល​ជាច្រើន ដូចជា​មី​ស៊ី​ល​Kalibr​ដែល​បាន​ប្រើប្រាស់​ក្នុងប្រទេស​ស៊ី​រី​ជាដើម​។ ក្រៅពីនេះ​រថក្រោះ រថពាសដែក រថយន្ដ​ប្រយុទ្ធ​កងទ័ព​ថ្មើរជើង និង​បង្ហាញខ្លួន​ដើម្បី​បញ្ចេញ​សមត្ថភាព​តាម​ដែល​អាច​ធ្វើបាន​។​

​សូមបញ្ជាក់ថា សមយុទ្ធ​យោធា​រុស្ស៊ី​កាលពីមុន​មាន​ឈ្មោះថា​Vostok-2014 ក៏​ជា​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​ដែរ មាន​កងទ័ព​ចូលរួម​១៥៥,០០០​នាក់​។ ដោយឡែក​សមយុទ្ធ​កាលពី​ឆ្នាំមុន​មាន​ឈ្មោះថា Zapad-2017 មាន​កងទ័ព​ចូលរួម​១២,៧០០​នាក់ នេះ​បើតាម​ការបញ្ជាក់​ពី​ទីក្រុង​ម៉ូស្គូ​។ ប៉ុន្ដែ​អ៊ុយ​ក្រែ​ន​និង​ប្រទេសនៅ​តំបន់​បាល់​ទិក​និយាយថា ចំនួន​កងទ័ព​ចូល​រួមមាន​ច្រើនជាង​ចំនួន​ដែល​បានបង្ហាញ​៕

ព័ត៌មានផ្សេងទៀត