លោក​ត្រាំ​​​​អបអរ​​​​​​ពិធី​​រម្លឹក​​ខួប​​​ថ្ងៃ​បង្កើត​​​រដ្ឋ​កូរ៉េខាងជើង​ភ្លាមៗ​​ព្រោះ​មូលហេតុ​មួយ

10-09-2018 11:35 am 861
  ស្តាប់
លោកដូណាល់ ត្រាំ(ឆ្វេង)​និងលោក​គីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ផ្ញើ​សារ​អបអរ​ដល់​លោក​គីម ជុង​អ៊ុន សម្រាប់​ពិធី​រម្លឹក​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​រដ្ឋ​កូរ៉េខាងជើង ដែល​ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃទី​០៩​កញ្ញា​។ ការផ្ញើ​សារ​អបអរ​ភ្លាមៗ​បែបនេះ ដោយសារតែ​ក្នុង​ពិធី​គ្មាន​បង្ហាញ​អាវុធ​នុយក្លេអ៊ែរ ដូច​ការ​ប្រារព្ធ​ព្រឹត្ដិការណ៍​ជាតិ​សព្វមួយដង​។ តាមរយៈ​សារ​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ លោក​ត្រាំ​បញ្ជាក់​ដូច្នេះ​ថា “​កូរ៉េខាងជើង​បានរៀបចំ​ក្បួនព្យុហយាត្រា​យោធា ប៉ុន្ដែ​គ្មាន​បង្ហាញ​មី​ស៊ី​ល​ឬ​អាវុធ​នុយក្លេអ៊ែរ​ទេ​។ នេះ​គឺជា​ការ​បង្ហាញឲ្យឃើញពី​គោលជំហ​រវិជ្ជ​មាន​របស់​កូរ៉េខាងជើង​។ ខ្ញុំ​ពិតជា​អរគុណ​អ្នក​ច្រើនណាស់​លោក​គីម យើង​ទាំងពីរ​នឹង​បង្ហាញ​ឲ្យ​គ្រប់គ្នា​ឃើញថា គេ​គិត​ខុស​លើ​យើង​ហើយ​”​។​

​លោក​ត្រាំ​បន្ថែមថា គ្មាន​រឿង​អ្វីដែល​ល្អ​ជាង​កិច្ចចរចា​រវាង​មនុស្ស​ពីរ​នាក់​ដែល​ចូលចិត្ដ​គ្នា​នោះទេ​។ វា​ល្អប្រសើរ​ជាង​ពេល​លោក​មិនទាន់​ចូល​កាន់តំណែង​។ ជា​ចុងក្រោយ​លោក​ត្រាំ​បាន​និយាយថា ក្រុម​ជំនាញ​ជឿជាក់ថា​មី​ស៊ី​ល​ត្រូវបាន​កាត់​ចេញពី​ក្បួន​ដង្ហែ ដើម្បី​សបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ដ​របស់កូ​រ៉េ​ខាងជើង ចំពោះ​ការរំលាយ​អាវុធ​នុយក្លេអ៊ែរ​។ លោក​ត្រាំ​ថា​ទិដ្ឋភាព​ពិតប្រាកដ គឺ​សន្ដិភាព​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​

​ពាក់ព័ន្ធ​នឹង​ពិធី​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នេះដែរ ក្រុមអ្នកវិភាគ​បាន​លើកឡើងថា កូរ៉េខាងជើង​ហាក់​រៀប​ចំ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ជាង​ឆ្នាំមុនៗ​។ ប្រុងប្រយ័ត្ន​ស្របពេល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន កំពុង​តាមដាន​មិន​ដាក់​ភ្នែក​លើ​ព្រឹត្ដិការណ៍នេះ​។ តាមដាន​ដើម្បី​ចង់ដឹងថា​កូរ៉េខាងជើង នឹងដាក់​បង្ហាញ​ក្បួន​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដូច​មុនៗ​ឬ​យ៉ាងណា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្ដរជាតិ​ដែល​ចុះទៅ​តាមដាន​ព្រឹត្ដិការណ៍ បាន​បញ្ជាក់ថា​ក្រៅពី​គ្មាន​អាវុធ​នុយក្លេអ៊ែរ ចំពោះ​សុន្ទរកថា​លោក​គីម ជុង​អ៊ុន​ថ្លែង​ទៅកាន់​ប្រជាជន ក៏​មិន​ដូច​សុន្ទរកថា​កាលពីមុន​ដែរ​។ លោក​គីម​បានបង្ហាញ​ពី​ការ​រឹតចំណង​មិត្ដ​ភាពជា​មួយ​ចិន ដោយមាន​មន្ដ្រី​ថ្នាក់​ទី​បី​របស់​ចិន​ចូលរួម​ក្នុង​ពិធី ប៉ុន្ដែ​លោក​គីម​មិន​បានលើកឡើង​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​ទេ​។ ពិធី​រម្លឹក​ខួប​កូរ៉េខាងជើង​ធ្វើឡើង​ស្របពេល​កូរ៉េខាងជើង​និង​អាមេរិក កំពុង​ជាប់គាំង​រឿង​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ លោក​គីម ជុង​អ៊ុន​ធ្លាប់បាន​សន្យា​ជាមួយ​លោក​ដូណាល់ ត្រាំ នឹង​រំលាយ​កម្មវិធី​នុយក្លេអ៊ែ​រ ប៉ុន្ដែ​រហូត​មកដល់ពេលនេះ នៅ​មិនទាន់​ឃើញ​កូរ៉េខាងជើង​ចាត់វិធានការ​ជាក់ស្ដែង​ឡើយ​៕

ព័ត៌មានផ្សេងទៀត