រុស្ស៊ី​និង​ស៊ី​រី​ បើក​ការវាយប្រហារ​តាម​អាកាស ​នៅ​Idlibប្រទេសស៊ិរី

09-09-2018 5:07 pm 1097
  ស្តាប់
ស្តាប់ជាសំឡេង


​ស៊ី​រី​និង​សម្ព័ន្ធមិត្ត​គឺ​រុស្ស៊ី បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​តាម​អាកាស ប្រឆាំងនឹង​ក្រុម​សកម្ម​ប្រយុទ្ធ នៅ​Idlib​ប្រទេស​ស៊ី​រី ​កាលពី​ថ្ងៃ​សៅរ៍។ ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី និយាយថា រុស្ស៊ី បាន​បើក​ការវាយប្រហារ​ជា​ច្រើនដង នៅ​ប៉ែក​ខាងត្បូង​និង​អាគ្នេយ៍ នៃ​ខេត្ត Idlib​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ នេះ​ជាការ​វាយ​ប្រ ហារ​ខ្លាំងក្លា​មិន​ធ្លាប់មាន​ទេ ក្នុង​រយៈពេល​១​ខែ​កន្លងទៅ ដោយមាន​ទាំង​ការប្រើប្រាស់​គ្រាប់បែក​ធុង ទម្លាក់​ពីលើ​អាកាស​ផងដែរ​។ យន្តហោះ​យោធា​ស៊ី​រី បាន​ទម្លាក់​គ្រាប់បែក​ធុង​ដ៏​មហិមារ នៅ​តំបន់​ជាយក្រុង Khan Sheikhoun ស្ថិតនៅ​ភាគខាងត្បូង​ខេត្ត​Idlib​។​

​ដ្បិត​ការវាយប្រហារ​នេះ គេ​បានកំណត់​គោលដៅ​លើ​ទីតាំង​របស់​ក្រុម​សកម្មប្រយុទ្ធ​ក៏ដោយ ប៉ុន្តែ​ក៏​បណ្តាលឲ្យ​ជន​ស៊ីវិល​យ៉ាងហោចណាស់​៩​នាក់​ស្លាប់បាត់​បង់ជីវិត​ដែរ នៅក្នុង​នោះ​មាន​ក្មេង​២​នាក់​។ ក្រុម​ជួយសង្គ្រោះ​និង​ការពារ​ជន​ស៊ីវិល ឬ​ហៅថា​ក្រុម​មួក​ពណ៌​ស ដែល​គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច បាន​ទាញ​សាកសព​ចំនួន​បួន រួមមាន​កូនក្មេង​ម្នាក់ ចេញពី​គំនរ​អាគារ​បាក់បែក ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​គ្រាប់បែក ទម្លាក់​ដោយ​យន្តហោះ​រុស្ស៊ី​នៅ​ក្នុងភូមិ Abdeen ក្បែរ​ក្រុង​Khan Sheikhoun​។​

​ខេត្ត Idlib ស្ថិតនៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី ជា​ទីតាំង​រឹងមាំ​ចុងក្រោយ របស់​ក្រុម​ឧទ្ទាម ហើយ​មាន​ពួក​សកម្មប្រយុទ្ធ al-Nusra និង al-Qaeda ប្រមាណ​១​ម៉ឺន​នាក់​រស់នៅ​។ ទន្ទឹមនឹងនោះ​តំបន់​នេះ មាន​ជន​ស៊ីវិល​រស់នៅ​រាប់ពាន់នាក់​ផងដែរ​។ ដោយសារ​មាន​ជន​ស៊ីវិល​រស់នៅ​ច្រើន ទើប​អាមេរិក​បាន​ព្រមាន​មុន ឲ្យ​ស៊ីរី​ប្រយ័ត្នប្រយែង​ក្នុង​ការវាយប្រហារ​។ ជា​ការពិត ក្រុម​សកម្មប្រយុទ្ធ​ត្រូវតែ​កម្ចាត់ តែ​មិនមែន​យក​ជីវិត​ជន​ស៊ីវិល​ទៅ​ដោះដូរ​នោះទេ​។ នេះ​ជា​សំដី​របស់​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅក្នុង​ប្រទេស​ស៊ី​រី​៕

ព័ត៌មានផ្សេងទៀត